ទេសចរណ៍

ផុងញ៉ា - កែបាង ទទួលពានរង្វាន់ចំនួន ២ នៅ World Travel Awards ២០២៦

ឧទ្យានជាតិផុងញ៉ា - កែបាង បានឈ្នះពានរង្វាន់​សម្រាប់ឧទ្យានជាតិឈានមុខគេនៅអាស៊ីឆ្នាំ ២០២៦(Asia’s Leading National Park ២០២៦) និងគោលដៅទេសចរណ៍ធម្មជាតិឈានមុខគេនៅវៀតណាមឆ្នាំ ២០២៦ (Vietnam’s Leading Nature Destination ២០២៦) នៅក្នុងពិធីប្រគល់ពាន​រង្វាន់ទេសចរណ៍ពិភពលោក World Travel Awards ឆ្នាំ ២០២៦ សម្រាប់តំបន់អាស៊ី អូសេអានី និងមហាសមុទ្រឥណ្ឌា ដែលប្រព្រឹត្តទៅនៅកោះម៉ាល់ឌីវ កាលពីយប់ថ្ងៃទី ២៧ ខែកញ្ញា។

ការទទួលស្គាល់នេះបញ្ជាក់បន្ថែមទៀតអំពីភាពទាក់ទាញ និងម៉ាកយីហោនៃទេសចរណ៍ធម្មជាតិ និងរូងភ្នំ របស់ផុងញ៉ា - កែបាង នៅក្នុងទីផ្សារអន្តរជាតិ។

ផុងញ៉ា - កែបាង ទទួលពានរង្វាន់ចំនួន ២ នៅ World Travel Awards ២០២៦។ រូបថត៖ VNA ចុះផ្សាយ

លោក ផាម ហុងថៃ នាយកក្រុមប្រឹក្សាភិបាលគ្រប់គ្រងឧទ្យានជាតិផុងញ៉ា - កែបាង បានឱ្យដឹងថា ពានរង្វាន់ចំនួន​ពីរនៅ World Travel Awards ឆ្នាំ ២០២៦ រួមជាមួយ​​សកម្មភាព​ផ្សព្វផ្សាយនៅកោះ​ម៉ាល់ឌីវ ត្រូវបានរំពឹងថានឹងរួមចំណែកដល់ការលើក​កម្ពស់ម៉ាកយីហោទេសចរណ៍ក្វាងទ្រី ដោយបង្កើត​ឱកាសកាន់តែច្រើនដើម្បីតភ្ជា​ប់ជាមួយទីផ្សារទេសចរណ៍អន្តរជាតិ។

«ក្រោយរយៈពេល ២៥ ឆ្នាំចាប់តាំងពីត្រូវបានទទួលស្គាល់ ម៉ាកយីហោផុងញ៉ា - កែបាង ឥឡូវនេះបាន​រីកសាយភាយពាសពេញទ្វីបទាំងប្រាំ ដោយក្លាយជាម៉ាកយីហោដ៏មានតម្លៃ រួមចំណែកដល់ការអភិវឌ្ឍនិងបង្កើតរូបរាងខេត្តក្វាងទ្រីនៅក្នុងបរិយាកាសអភិវឌ្ឍន៍ថ្មីមួយ។ ប្រការដ៏​សំខាន់បំផុតគឺត្រូវអនុវត្ត​ឱ្យបាន​ល្អ​នូវ​ភារកិច្ចយុទ្ធសាស្ត្រ​ចំនួន​ពីរ៖ ការពារតម្លៃនៃព្រៃឈើពិសេស ក៏ដូចជាជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ី​ដ៏វិសេសវិសាល ដោយបង្កើត​បុព្វបទសម្រាប់ការ​ពង្រីកតម្លៃពិសេសនៃបេតិកភណ្ឌ​នេះ​»​។

រូងភ្នំមួយនៅក្នុងឧទ្យានជាតិផុងញ៉ា - កែបាង។ រូបថត៖ VNA

ឧទ្យានជាតិផុងញ៉ា - កែបាង មានផ្ទៃដីសរុបជាង ១២៣.៣០០ ហិកតា ដែលគួរឱ្យកត់សម្គាល់​សម្រាប់ទេសភាពដ៏វិសេសវិសាល ប្រព័ន្ធរូងភ្នំដ៏អស្ចារ្យ ទន្លេក្រោមដី និងជីវចម្រុះដែលមានតម្លៃ​ជាសកល។ ផុងញ៉ា-កែបាង ត្រូវបានចុះឈ្មោះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូចំនួនពីរលើក​ លើកដំបូងក្នុងឆ្នាំ ២០០៣ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យភូគព្ភសាស្ត្រ សណ្ថានដី និងម្តងទៀតនៅឆ្នាំ ២០១៥ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យអេកូឡូស៊ី និងជីវៈចម្រុះ។ នៅឆ្នាំ ២០២៥ តំបន់បេតិកភណ្ឌនេះត្រូវបានពង្រីកឱ្យក្លាយជាតំបន់បេតិកភណ្ឌពិភពលោក​ឆ្លងដែន​រវាងឧទ្យានជាតិផុងញ៉ា-កែបាង នៃប្រទេសវៀតណាម និងឧទ្យានជាតិហ៊ីនណាំណូ នៃប្រទេសឡាវ។ នៅឆ្នាំ ២០២៦ ផុងញ៉ា-កែបាង បន្ត​ត្រូវបានទទួលស្គាល់ជាតំបន់ទុកបំរុងជីវៈចម្រុះពិភពលោក រួមជាមួយនឹង​គិត្តនាម​ជា​កេរ្តិ៍ដំណែលជាតិពិសេស និងជាតំបន់ទេសចរណ៍​ថ្នាក់ខេត្ត៕​


top