ព័ត៌មាន

ប្រាក់ចំនួនជាង ៣០ លានដុល្លារអាមេរិកជួយប្រជាជនជំនះផលវិបាកបណ្តាលពីព្យុះទីហ្វុង Bualoi

នាថ្ងៃទី ៦ តុលា នៅទីក្រុងហាណូយ លោក Do Van Chien ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្ស មាតុភូមិវៀត ណាមបានឲ្យដឹងថា គិតត្រឹមម៉ោង ៥៖០០ ល្ងាចថ្ងៃទី ៦ តុលា ខេត្ត ក្រុង បុគ្គល អង្គភាព អង្គការ ... បានជួយឧបត្ថម្ភនិងចុះឈ្មោះជួយឧបត្ថម្ភប្រជាជនតាមខេត្ត ក្រុង នានា ដើម្បីជំនះផលវិបាកបណ្តាលពីព្យុះទីហ្វុង Bualoi តាមរយៈគណៈកម្មាធិការ ចលនាជួយសង្គ្រោះមជ្ឈិម ដោយមានទឹកប្រាក់ជិត ៧៥២,៧ ពាន់លានដុង (ជាង ៣០ លានដុល្លារអាមេរិក)។

ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានទទួលប្រាក់ចំនួន ១០ ពាន់លានដុងពីសម្ព័ន្ធក្រុមហ៊ុនឧស្សាហ៍កម្មរ៉ែធ្យូងថ្មជាតិវៀតណាម ដើម្បីឧបត្ថម្ភប្រជាជនក្នុងតំបន់ ជំនះផលវិបាកដោយព្យុះលេខ ១០ (រូបថត៖ VGP/Toan Thang)

លោក Do Van Chien សង្ឃឹមថា នាពេលខាងមុខ នឹងបន្តទទួលបានការឧបត្ថម្ភពីស្ថាប័ន អង្គភាពអាជីវកម្ម អង្គការ ក្រុម បុគ្គលក្នុងប្រទេស និងប្រជាជនវៀតណាមនៅបរទេស ជនបរទេសដែលកំពុងធ្វើការ និងរស់នៅ វៀតណាម ដើម្បីមានប្រភពជំនួយបន្ថែមទៀត សម្រាប់ជួយប្រជាជននៅតាមបណ្តាខេត្តស្តារជីវភាពរស់នៅឡើងវិញ បន្ទាប់ពីប៉ុន្មានថ្ងៃរងខ្យល់ព្យុះបក់បោក ទឹកជំនន់កន្លងមក។

សូមរំលឹកឡើងវិញថា ក្នុងខែកញ្ញាកន្លងមកនេះ ព្យុះ Ragasa និងព្យុះ Bualoi បានបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរទៅលើប្រជាជនក្នុងតំបន់ជាច្រើន។ ជាពិសេស ព្យុះ Bualoi និងចរាចរខ្យល់របស់វា បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់មនុស្ស និងទ្រព្យសម្បត្តិ នៅក្នុងតំបន់ភាគខាងជើង និងតំបន់ភាគកណ្តាលប៉ែកខាងជើង។ យោងតាមស្ថិតិ ព្យុះ Bualoi និងទឹកជំនន់ ការរអិលបាក់ដី និងខ្យល់កួចបានសម្លាប់មនុស្ស ៥៦ នាក់ បាត់ខ្លួន ១១ នាក់ និងរបួស ១៧២ នាក់; ផ្ទះជិត ២០០.០០០ ខ្នងត្រូវដួលរលំ   និងរងការខូចខាត។ ហើយសត្វពាហនៈ និងបសុបក្សីរាប់រយរាប់ពាន់ក្បាលត្រូវងាប់ ឬត្រូវខ្ចាត់ខ្ចាយ៕


top