នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រផ្លូវការរបស់រដ្ឋាភិបាលនូវែលសេឡង់ beehive.govt.nz និងគេហទំព័រព័ត៌មានជាច្រើនរបស់ប្រទេសនេះបានផ្សាយរំលេចអំពីកិច្ចព្រមព្រៀងរវាងវៀតណាមនិងនូវែលសេឡង់ លើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
អត្ថបទនៅលើគេហទំព័រ 1news.co.nz ។ រូបថត៖ VNA
យោងតាមអត្ថបទមួយនៅលើគេហទំព័រ beehive.govt.nz ការបង្កើនទំនាក់ទំនងនេះ ត្រូវបានប្រកាសក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon មកកាន់វៀតណាមចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្នុងឱកាសដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូត។ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីកាលានុវត្តភាពដើម្បីអភិវឌ្ឍន៍និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងវៀតណាម និងនូវែលសេឡង់ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ការពារជាតិ សន្តិសុខ អប់រំ ក៏ដូចជាទំនាក់ទំនងរវាងប្រជាជននិងប្រជាជនក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងដៃគូថ្មី។ លោកនាយករដ្ឋមន្ត្រី Christopher Luxon បានអះអាងថា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយគឺភាពជាដៃគូកម្រិតខ្ពស់បំផុតរបស់នូវែលសេឡង់ជាមួយវៀតណាម ហើយជាមធ្យោបាយសមស្របដើម្បីចាប់ផ្តើមឆ្នាំនៃការប្រារព្ធខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៧៥-២០០៥)។
គេហទំព័រព័ត៌មាននូវែលសេឡង់ជាច្រើន រួមទាំង rnz.co.nz, 1news.co.nz, scoop.co.nz ក៏បានចុះផ្សាយអត្ថបទអំពីវៀតណាមនិងនូវែលសេឡង់ ដែលយល់ព្រមដំឡើងទំនាក់ទំនងទៅភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ យោងតាមខ្លឹមសារនៃអត្ថបទនោះ នូវែលសេឡង់គឺជាប្រទេសទី ១០ ដែលវៀតណាមបានលើកកំពស់ទំនាក់ទំនងទៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ អត្ថបទបានដកស្រង់សំដីរបស់នាយករដ្ឋមន្ត្រី Christopher Luxon ដោយសង្កត់ធ្ងន់ថា នូវែលសេឡង់កំពុងបន្តពង្រឹងទំនាក់ទំនងជាមួយប្រទេសសំខាន់ៗ ដែលដើរតួនាទីកាន់តែសំខាន់នៅក្នុងតំបន់និងពិភពលោក។ គេហទំព័រព័ត៌មានបានគូសបញ្ជាក់ពីពិធីបដិសណ្ឋារកិច្ចចំពោះនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់នៅទីក្រុងហាណូយ កិច្ចពិភាក្សារវាងនាយករដ្ឋមន្ត្រីវៀតណាម លោកហ្វាមមិញជីញ និងនាយករដ្ឋមន្ត្រី Christopher Luxon ក៏ដូចជាសេចក្តីថ្លែងការណ៍របស់មេដឹកនាំទាំងពីរ៕