នេះជាជំនួបផ្ទាល់លើកដំបូងរវាងមេដឹកនាំនៃប្រទេសទាំងពីរក្នុងរយៈពេលជាងប្រាំមួយខែ ហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកប្រធានាធិបតី ត្រាំ ទៅកាន់ប្រទេសចិនចាប់តាំងពីឆ្នាំ ២០១៧ ផងដែរ។
ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក ធ្វើឡើងក្នុងបរិបទដែលជម្លោះរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់មិនទាន់បង្ហាញ់ពីសញ្ញានៃការបញ្ចុះកំដៅនៅឡើយ ខណៈដែលកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាពនៅតែជាប់គាំង។
សេតវិមានបានបញ្ជាក់ថា ក្រៅពីបញ្ហាអ៊ីរ៉ង់ ភាគីទាំងពីរក៏នឹងពិភាក្សាអំពីពាណិជ្ជកម្ម ថាមពល ច្រកសមុទ្រហ័រមូស បញ្ហាតៃវ៉ាន់ និងបញ្ហាផ្សេងៗទៀតដែលទាក់ទងនឹងប្រទេសទាំងពីរ។
ជាងមួយខែបន្ទាប់ពីបទឈប់បាញ់ត្រូវបានបង្កើតឡើងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ការចរចារវាងភាគីទាំងពីរមិនទាន់មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៅឡើយទេ។ ក្នុងពេលជាមួយគ្នានោះ អ៊ីរ៉ង់ត្រូវបានគេចាត់ទុកថា កំពុងពង្រឹងការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស តាមរយៈកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ាក់ និងប៉ាគីស្ថាន ដើម្បីដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវពីតំបន់នេះ។ ប្រភពព័ត៌មាននានាបានឲ្យដឹងថា ប្រទេសមួយចំនួនទៀត ក៏កំពុងស្វែងរកកិច្ចព្រមព្រៀងស្រដៀងគ្នានេះផងដែរ ហើយកាយវិកានេះអាចជួយទីក្រុងតេអេរ៉ង់ពង្រីកឥទ្ធិពលរបស់ខ្លួនលើផ្លូវនាវាចរណ៍យុទ្ធសាស្ត្រនេះក្នុងរយៈពេលវែង៕