ព័ត៌មាន

ប្រធានាធិបតីអាមេរិកលោក Joe Biden មកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

នារសៀលថ្ងៃទី១០ កញ្ញា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានអញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែកញ្ញា តបតាមការអញ្ជើញរបស់អគ្គលេខាធិកាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong។
 

ទទួលលោកប្រធានាធិបតី Joe Biden និងគណៈប្រតិភូអាមេរិកនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai មានសមាជិកមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម លោក Le Hoai Trung; អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Ha Kim Ngoc; ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហាណូយ លោក Nguyen Ngoc Tuan; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក Nguyen Quoc Dung; ប្រធាននាយកដ្ឋានពិធីការរដ្ឋ ក្រសួងការបរទេស លោក Nguyen Viet Dung។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាមលោក Marc E. Knapper និងមន្ត្រី បុគ្គលិកជាច្រើននៃស្ថានទូតអាមេរិក មានវត្តមាននៅអាកាសយានដ្ឋាន ដើម្បីទទួលលោកប្រធានាធិបតី Joe Biden និងគណៈប្រតិភូជាន់ខ្ពស់សហរដ្ឋអាមេរិក។

ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់លោកប្រធានាធិបតី Joe Biden គឺជាការកត់ សម្គាល់រយៈពេលមួយទសវត្សរ៍ដែលប្រទេសទាំងពីរបង្កើតនិងអនុវត្តន៍ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ (២០១៣-២០២៣)។

សមិទ្ធិផលដ៏ល្អប្រសើរនៃទំនាក់ទំនងទ្វេភាគីនាពេលកន្លងមកនេះ គឺជាមូលដ្ឋានដើម្បីបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden មកវៀតណាម នឹងបន្តក្លាយជាសញ្ញាសម្គាល់ដ៏មានអត្ថន័យក្នុងដំណើររួមរបស់ប្រទេសទាំងពីរដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់និងលើពិភពលោក។

អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្វាគមន៍ប្រធានាធិបតីអាមេរិក លោក Joe Biden។ រូបថត៖ VNA

នារសៀលថ្ងៃដដែល  នៅវិមានប្រធានរដ្ឋ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញ​ជាអធិបតីក្នុងពិធីទទួលស្វាគមន៍ដ៏ឧឡារិកជាផ្លូវកាចំពោះប្រធានាធិបតីអាមេរិកលោក Joe Biden ក្នុង​ឱកាសអញ្ជើញ​បំពេញទស្សនកិច្ច​ជាផ្លូវ​រដ្ឋនៅប្រទេសវៀតណាម។

នៅម៉ោង ១៦ និង​ ៤៥ នាទី  ក្រុមរថយន្តដឹក​គណៈប្រតិភូអាមេរិកបាន​ឈានចូលទីលានវិមានប្រធានរដ្ឋ ហើយអគ្គលេខាបក្សលោក Nguyen Phu Trong បានទៅកាន់ទ្វារនៃរថយន្ដដែល​ដឹកលោក Joe Biden ដើម្បី​ស្វាគមន៍លោកប្រធានាធិបតីអាមេរិក។ តំណាង​កុមារ​រដ្ឋធានី Ha Noi ​បាន​ជូន​ផ្កា​និង​ស្វាគមន៍​​ប្រធានាធិបតីអាមេរិក លោក Joe Biden៕



top