ព័ត៌មាន

ប្រធានាធិបតីរុស្ស៊ីបានអះអាងថា នឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការនាំចេញស្បៀងអាហារទៅកាន់ទ្វីបអាហ្វ្រិក

នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ នៅឯគេហដ្ឋានរបស់ខ្លួននៅឆ្នេរសមុទ្រខ្មៅ ក្នុងទីក្រុង Sochi ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានទទួលជួបជាមួយប្រធានាធិបតីសេណេហ្គាល់ លោក Macky Sall ដែលកំពុងកាន់តំណែងជាប្រធានប្ដូរវេននៃសហភាពអាហ្វ្រិក (AU)។
  ការនាំចេញស្បៀងអាហាររបស់ទាំងរុស្ស៊ី និងអ៊ុយក្រែនរងផលប៉ះពាល់ដោយសារតែជម្លោះ (រូបថត៖ TASS)  

មេដឹកនាំទាំងពីររូបបានពិភាក្សាអំពីស្ថានភាពកង្វះខាតស្បៀងអាហារជាសកល និងការកកស្ទះប្រភពផ្គត់ផ្គង់គ្រាប់ធញ្ញជាតិនៅកំពង់ផែរបស់អ៊ុយក្រែន។ បន្ទាប់ពីកិច្ចពិភាក្សាអស់រយៈពេល ៣ម៉ោង លោក Macky Sall បានឲ្យដឹងថា៖ លោកប្រធានាធិបតី Putin បានអះអាងថា “មានមធ្យោបាយមួយចំនួន ដើម្បីបង្កលក្ខណៈអំណោយផល សម្រាប់ការនាំចេញ ឬការឆ្លងកាត់កំពង់ផែ Odessa ក្នុងសមុទ្រខ្មៅ ទំនងពិបាកខ្លាំងណាស់ដោយសារភាគីអ៊ុយក្រែនត្រូវរាវរកបំផ្លាញ់មីនក្នុងទឹក” ឬតាមរយៈកំពង់ផែ Mariupol ដែលរុស្ស៊ីបានគ្រប់គ្រង នៅសមុទ្រ Azov។

អាមេរិកនិងសហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មដែលមិនធ្លាប់មាន ប្រឆាំងនឹងទីក្រុងម៉ូស្កូ ដោយសារតែជម្លោះនៅអ៊ុយក្រែន ដែលបានជំរុញឱ្យរុស្ស៊ីស្វែងរកទីផ្សារថ្មី និងពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ីនិងអាហ្វ្រិក។ លោកប្រធានាធិបតី Putin បានឲ្យដឹងថា ទីក្រុងម៉ូស្គូបានត្រៀមខ្លួនជាស្រេច ដើម្បីស្វែងរកមធ្យោ បាយដឹកជញ្ជួនគ្រាប់ធញ្ញជាតិដែលកំពុងកកស្ទះនៅកំពង់ផែរបស់អ៊ុយក្រែន ប៉ុន្ដែបានទាមទារឱ្យលោកខាង លិចត្រូវលុបចោលបទដាក់ទណ្ឌកម្មរបស់ខ្លួន។

រុស្ស៊ី និងអ៊ុយក្រែន បានរួមចំណែក ១៩% នៃការផ្គត់ផ្គង់ស្រូវបាឡេពិភពលោក ១៤% នៃស្រូវសាលីនិង ៤%នៃពោត ស្មើនឹងជាង ៣០% នៃការនាំចេញគ្រាប់ធញ្ញជាតិពិភពលោក។ ប៉ុន្តែ ជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែនបានបណ្តាលឱ្យការនាំចេញគ្រាប់ធញ្ញជាតិនិងទំនិញជាច្រើនត្រូវផ្អាក ហើយបង្កើតឡើងវិបត្តិស្បៀងអាហារពិភពលោក ដោយសារតែការកើនឡើងយ៉ាងខ្លាំង នៃតម្លៃគ្រាប់ធញ្ញជាតិ ប្រេងចម្អិនអាហារ ប្រេងឥន្ធនៈ និងជី៕


top