ព័ត៌មាន

ប្រធានាធិបតីរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចនៅប្រទេសចិន

កាលពីយប់ថ្ងៃទី ១៩ ខែឧសភា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានមកដល់ទីក្រុងប៉េកាំង ដោយចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅប្រទេសចិន។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី ក្នុងពិធីស្វាគមន៍នៅអាកាសយានដ្ឋានប៉េកាំង ប្រទេសចិន នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។ រូបថត៖ Sputnik/Vladimir Smirnov/Pool via REUTERS

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានបញ្ជាក់ថា ទីក្រុងប៉េ​កាំងស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់មេដឹកនាំរុស្ស៊ី ដោយបញ្ជាក់ថា ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់លោក​ប្រធានរដ្ឋ ស៊ី ជីនពីង និងលោក​ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រ​​គ្រប់​ជ្រុងជ្រោយរវាងចិន និងរុស្ស៊ី ក្នុងយុគសម័យថ្មីបានអភិវឌ្ឍយ៉ាងទូលំទូលាយ ដោយកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ កំពុងត្រូវបាន​ពង្រីកឥតឈប់ឈរ។

«ឆ្នាំនេះគឺជាខួបលើកទី ៣០ ទិវាបង្កើតភាពជាដៃគូយុទ្ធសាស្ត្រចិន-រុស្ស៊ី ខួបលើកទី២៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងចិននិងរុស្ស៊ី ក៏ដូចជាការចាប់ផ្តើមនៃ «​ឆ្នាំអប់រំចិន-រុស្ស៊ី»​។ ភាគីទាំងពីរនឹងឆ្លៀតឱកាសនេះ ដើម្បីជំរុញការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីបន្ថែមទៀតដល់កម្រិតកាន់តែស៊ីជម្រៅ និង​ឡើង​ដល់​កម្ពស់ថ្មី ដែលរួមចំណែកដល់ស្ថិរភាព និងថាមពលវិជ្ជមានកាន់តែច្រើនសម្រាប់ពិភពលោក»

យោងតាមវិមានក្រឹមឡាំង ក្នុងរយៈពេលពីរថ្ងៃនៃ​ដំណើរទស្សនកិច្ច​នៅទីក្រុងប៉េកាំង លោក​ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានជួបប្រធានរដ្ឋចិន លោក​ ស៊ី ជីនពីង ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាសកល។

បន្ទាប់ពី​កិច្ច​សន្ទនា លោក​ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និងលោក​ប្រធានរដ្ឋ ស៊ី ជីនពីង បានចុះហត្ថលេខាលើ​សេចក្តីថ្លែងការណ៍រួមមួយ ដើម្បីពង្រឹងបន្ថែមទៀតនូវភាពជាដៃគូលើ​គ្រប់​ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕​


top