ព័ត៌មាន

ប្រធានរដ្ឋសភាឡាវ លោក សៃសំផន ភូមិវិហារ ទទួលមរណភាព

នាយប់ថ្ងៃទី ៨ ខែសីហា (ម៉ោងក្នុងស្រុក) គណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ រដ្ឋសភា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈកម្មាធិការមជ្ឈិមរណសិរ្សកសាងជាតិឡាវ បានជូនដំណឹងយ៉ាងក្រៀមក្រំអំពីមរណភាពរបស់លោក សៃសំផន ភូមិវិហារ (Xaysomphone Phomvihane) ប្រធានរដ្ឋសភាឡាវ ក្នុងជន្មាយុ ៧០ ឆ្នាំ បន្ទាប់ពីបានតស៊ូជាមួយនឹងជំងឺរលាកសរសៃឈាមធ្ងន់ធ្ងរមួយរយៈពេល។

សេចក្តីប្រកាសពិសេសមួយដែលបានចេញផ្សាយដោយកាសែត Pasaxon និងទីភ្នាក់ងារសារព័ត៌មាន KPL បានសង្កត់ធ្ងន់ថា លោកប្រធានរដ្ឋសភាឡាវ សៃសំផន ភូមិវិហារ គឺជាថ្នាក់ដឹកនាំសំខាន់ម្នាក់នៃគណៈកម្មាធិការមជ្ឈិមបក្ស ជាអ្នកដែលមានបញ្ញាឈ្លាតវៃ សមត្ថភាព មានការយល់ដឹងយ៉ាងស៊ីជម្រៅ និងបទពិសោធន៍ដ៏សម្បូរបែបដែលទទួលបានពីតួនាទីជាអ្នកដឹកនាំរបស់លោកនៅថ្នាក់មូលដ្ឋាន ក៏ដូចជានៅក្នុងក្រសួង និងវិស័យផ្សេងៗ ជាថ្នាក់ដឹកនាំដែលមានការចូលរួមចំណែកដ៏លេចធ្លោជាច្រើន ដែលបានលះបង់ជីវិតទាំងមូលចំពោះបុព្វហេតុបដិវត្តន៍ ការអភិវឌ្ឍប្រទេស និងជីវិតដ៏រុងរឿង និងសប្បាយរីករាយរបស់ប្រជាជនឡាវ។

ដើម្បីទទួលស្គាល់ការចូលរួមចំណែករបស់លោកប្រធានរដ្ឋសភា សៃសំផន ភូមិវិហារ និងដើម្បីសម្តែងការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុត គណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងរដ្ឋាភិបាលឡាវ បានសម្រេចធ្វើពិធីកាន់ទុក្ខជាតិរយៈពេលប្រាំថ្ងៃ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៣ ខែសីហា។

ថ្ងៃទី ៩ ខែសីហានេះ ប្រធានរដ្ឋសភាវៀតណាម លោកជិន ថាញ់មិន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋវៀតណាម ទៅគោរពវិញ្ញាណក័្ខន្ធប្រធានរដ្ឋសភាឡាវលោកសៃសំផន ភូមិវិហារ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ៕


top