ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម​លោក ត្រិន ថាញ់មិន ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជា

នៅវេលាម៉ោង ២៖៣០នាទី រសៀលថ្ងៃទី ២១ ខែវិច្ឆិកា ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋ វៀតណាម មកកាន់រាជធានីភ្នំពេញ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតនៃសន្និសីទអន្តរជាតិរបស់បណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ និងចូលរួមសម័យប្រជុំពេញអង្គ សភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព លើកទី១១ ចាប់ពីថ្ងៃទី ២១ ដល់ ២៤ ខែវិច្ឆិកា។
ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន និងប្រធានរដ្ឋសភាកម្ពុជា លោកស្រី ឃួន សុដារី បានថតរូបជុំគ្នា។ រូបថត៖ VOV

តាមផែនការ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន នឹងចូលគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ; ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាកម្ពុជា លោកស្រី ឃួន សុដារី; ជួបសម្តែងការគួរសមជាមួយប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន; ជួបជាមួយនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត; ជួបជាមួយអតីតប្រធានរដ្ឋសភា លោក ហេង សំរិន ; ទទួលជួបប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ក្រុមសមាជិកសភាមិត្តភាពកម្ពុជា-វៀតណាម លោកស្រី ម៉ែន សំអន; ចូលរួមពិធីបើកដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា ដែលជាអំណោយរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ជូនដល់រដ្ឋសភាកម្ពុជា និងចូលរួមសកម្មភាពមួយចំនួនទៀត៕


top