ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួប ជាមួយអនុប្រធានព្រឹទ្ធសភាកម្ពុជាឯកឧត្តម ទេព ងន

នារសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយឯកឧត្តម ទេព ងន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលនៃគណៈបក្ស ប្រជាជនកម្ពុជា អនុប្រធានព្រឹទ្ធសភាកម្ពុជា។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយ
អនុប្រធានព្រឹទ្ធសភាកម្ពុជាឯកឧត្តម ទេព ងន (រូបថត៖ VOV)

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភា វៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ដំណើរទស្សន កិច្ចនៅវៀតណាមលើកនេះរបស់គណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា បានរួមចំណែកបន្តពង្រឹងនិងពង្រីកថែមទៀតនូវទំនាក់ទំនងជាអ្នកជិតខាងមិត្តភាព កិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយ ចីរភាពនិងយូរអង្វែងរវាងប្រទេសទាំងពីរនិយាយរួមនិងរវាងស្ថាប័ននីតិបញ្ញាត្តិទាំងពីរនិយាយដោយឡែកផងដែរ។
លោកស្រីប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាល យកចិត្តទុកដាក់គាំទ្រនិងមានក្ដីសោមនស្សរីករាយចំពោះសមិទ្ធផលសំខាន់ៗ ដែលរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាបាននិងកំពុងទទួលបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន។ លោកស្រីបានសម្ដែងជំនឿជាក់យ៉ាងមុត​មាំ​ថា​ ក្រោមការដឹកនាំរបស់ព្រឹទ្ធសភា រដ្ឋសភានិងរាជរដ្ឋាភិបាលដែលក្នុងនោះគណៈបក្សប្រជាជនកម្ពុជាជាស្នូលនោះ ប្រទេសនិងប្រជាជនកម្ពុជានឹងបន្តដណ្ដើមបានសមិទ្ធផលដ៏ធំធេងជាច្រើនថែមទៀត ព្រមទាំងលើកកំពស់តួនាទីនិងឋានៈរបស់ខ្លួននៅក្នុងតំបន់និងលើពិភពលោកពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួប
ជាមួយអនុប្រធានព្រឹទ្ធសភាកម្ពុជាឯកឧត្តម ទេព ងន (រូបថត៖ VOV)

ចំណែកឯអនុប្រធានព្រឹទ្ធសភាកម្ពុជា ឯកឧត្តម ទេព ងន វិញ បានសង្កត់ ធ្ងន់ថា នៅប្រទេសកម្ពុជាក៏បានរៀបចំពិធីរំលឹកខួបលើកទី៤០នៃទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ប៉ុលពត នាឱកាសនេះដែរ។ នេះជាពេលវេលាដ៏សំខាន់ ដើម្បីភាគីទាំងពីរឃោសនាយ៉ាងទូលំទូលាយដល់ប្រជាជនគ្រប់ស្រទាប់ ជាពិសេសគឺជំនាន់វ័យក្មេង ដើម្បីអោយគេយល់ដឹងយ៉ាងត្រឹមត្រូវអំពីសម័យកាលប្រវត្តិសាស្ត្រមួយរបស់ប្រជាជាតិទាំងពីរកម្ពុជានិងវៀតណាមដែលបានស្មាកៀកស្មាតស៊ូប្រយុទ្ធនិងឆ្លងកាត់ពុះពារលើការលំបាកសាងល្បងជាច្រើនលើ សលុប ផងដែរ៕


តាម VOV5 - វិទ្យុសម្លេងវៀតណាម


top