កាលពីរសៀលថ្ងៃទី ២៦ ខែសីហា នៅអគាររដ្ឋសភា (ទីក្រុងហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពម៉ុងហ្គោលីប្រចាំវៀតណាម លោកស្រី Ganbaatar Hulan ដែលបានចូលជួបសម្តែងការគួរសមក្នុងឱកាសចាប់ផ្តើមអាណត្តិបេសកកម្មនៅវៀតណាម។
ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន ទទួលជួបឯកអគ្គរដ្ឋទូតម៉ុងហ្គោលី។ រូបថត៖ VNA
ក្នុងជំនួបនេះ លោកប្រធានរដ្ឋសភា ជិន ថាញ់មិន បានអះអាងថា រដ្ឋសភាវៀតណាមត្រៀមខ្លួនជាស្រេចដើម្បីបង្កើតលក្ខខណ្ឌអំណោយផលទាំងអស់សម្រាប់ឯកអគ្គរដ្ឋទូត បំពេញភារកិច្ចក្នុងអំឡុងពេលអាណត្តិនៅវៀតណាម; ស្នើឱ្យឯកអគ្គរដ្ឋទូតបន្តពង្រីកតួនាទីជាស្ពានមិត្តភាព ដោយសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានានៅវៀតណាម ដើម្បីជំរុញការជួបប្រាស្រ័យ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំជាន់ខ្ពស់; ជំរុញការបង្កើតយន្តការសន្ទនាជាប្រចាំ និងជាក់ស្តែងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ រួមទាំងក្រុមសមាជិកសភា សមាជិកាសភា និងសមាជិកសភាវ័យក្មេង; បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២០០ លានដុល្លារអាមេរិក និងឆ្ពោះទៅរកគោលដៅ ៥០០ លានដុល្លារអាមេរិកនាពេលខាងមុខ។
រីឯខ្លួនវិញ លោកស្រី Ganbaatar Hulan ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព ម៉ុងហ្គោលីប្រចាំនៅវៀតណាម បានអះអាងថា ម៉ុងហ្គោលីឱ្យតម្លៃចំពោះទំនាក់ទំនងជាមួយវៀតណាមជានិច្ច ដោយចាត់ទុកវៀតណាមជា «ប្រទេសជិតខាងទីបី» និងជាដៃគូសំខាន់ឈានមុខគេនៅអាស៊ីអាគ្នេយ៍។ លោកស្រីបានសង្កត់ធ្ងន់ថា ក្នុងអំឡុងពេលអាណត្តិបេសកកម្មរបស់ខ្លួន នឹងខិតខំជំរញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការជួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែខ្លាំងក្លានិងជាក់ស្ដែងថែមទៀត៕