នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នៅអគាររដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានទទួលជួបឯកអគ្គរដ្ឋទូតប៊ុលហ្គារី លោកស្រី Marinela Petkova។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទទួលជួបឯកអគ្គរដ្ឋទូតប៊ុលហ្គារី លោកស្រី Marinela Petkova។ (រូបថត៖ VOV)
នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានបញ្ជាក់ថា គោលនយោបាយកិច្ចការបរទេសរបស់វៀតណាម គឺគោរព ពង្រឹងនិងអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុវិស័យដ៏យូរអង្វែងជាមួយប្រទេសជាមិត្តភក្តិប្រពៃណី ក្នុងនោះមានប៊ុលហ្គារីផងដែរ។ រដ្ឋសភាវៀតណាមនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយពូនជ្រុំចំណងមិត្តភាពរវាងរដ្ឋសភា និងប្រជាជននៃប្រទេសទាំងពីរ។ លោកប្រធានរដ្ឋសភាវៀតណាមជឿជាក់ថា លោកស្រីឯកអគ្គរដ្ឋទូត Marinela Petkova នឹងជាស្ពានសម្រាប់ទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងវៀតណាម និងប៊ុលហ្គារីនិយាយរួម និងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរនិយាយដោយឡែក។
រីឯខ្លួនវិញ លោកស្រីឯកអគ្គរដ្ឋទូត Marinela Petkova បានសង្កត់ធ្ងន់ថា ប៊ុលហ្គារី គឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម។ ទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនយ៉ាងល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ បច្ចុប្បន្ននេះ វៀតណាមមិនត្រឹមតែជាដៃគូរបស់ប៊ុលហ្គារីនៅតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ថែមទាំងនៅអាស៊ីជាទូទៅផងដែរ។ ប៊ុលហ្គារីមានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការក្នុងបរិបទដែលវៀតណាមជាសមាជិកអាស៊ាន ខណៈដែលប៊ុលហ្គាំរីជាសមាជិកនៃសហភាពអឺរ៉ុប។ វៀតណាមជាស្ពានដើម្បីជួយពង្រឹងទំនាក់ទំនងរវាងប៊ុលហ្គារី និងប្រទេសនានាក្នុងអាស៊ាន ហើយប៊ុលហ្គារីជាស្ពានដើម្បីឲ្យវៀតណាម ពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុងសហភាពអឺរ៉ុប៕