ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man ជួបពិភាក្សាជាមួយប្រធានរដ្ឋសភាឡាវលោក Saysomphone Phomvihane

ប្រធានរដ្ឋសភាទាំងពីរបានឯកភាពថា យន្តការត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាមបានរួមចំណែកយ៉ាងសកម្ម ទៅក្នុងការអភិវឌ្ឍនៃប្រទេសនីមួយៗ ក៏ដូចជាដើរតួនាទីយ៉ាងសំខាន់ក្នុងប្រវត្តិសាស្ត្រនៃការកសាង និងអភិវឌ្ឍប្រទេសទាំងបី។
ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man ជួបពិភាក្សាជាមួយប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane។ (រូបថត៖ VOV)

នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ និងចូលរួមមហាសន្និបាតអន្តរសភានៃប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី៤៥ (ថ្ងៃទី ១៧-១៩ តុលា) ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាឡាវលោក Saysomphone Phomvihane នៅវិមានរដ្ឋសភាឡាវ ទីក្រុងវៀងច័ន្ទ។

ប្រធានរដ្ឋសភាទាំងពីរបានស្នើរឲ្យភាគីទាំងពីរត្រូវជំរុញការកែលម្អស្ថាប័ន និងគោលនយោបាយ ដើម្បីសម្រួលដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងជាន់ខ្ពស់រវាងការិយាល័យនយោបាយនៃប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរផងដែរ។ ទន្ទឹមនឹងនោះ ពង្រឹងសាមគ្គីភាព ការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសនៅមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) សហភាពអន្តរសភាពិភពលោក (IPU) វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) សហភាពអន្តរសភាហ្វ្រង់កូហ្វូន (APF)... រួមចំណែកក្នុងការរក្សាបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍ។

ប្រធានរដ្ឋសភាទាំងពីរបានឯកភាពថា យន្តការត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាមបានរួមចំណែកយ៉ាងសកម្ម ទៅក្នុងការអភិវឌ្ឍនៃប្រទេសនីមួយៗ ក៏ដូចជាដើរតួនាទីយ៉ាងសំខាន់ក្នុងប្រវត្តិសាស្ត្រនៃការកសាង និងអភិវឌ្ឍប្រទេសទាំងបី។ វៀតណាមជានិច្ចកាលគោរពតម្លៃប្រវត្តិសាស្ត្រនៃទំនាក់ទំនងវៀតណាម - ឡាវ - កម្ពុជា ហើយនឹងបន្តគោរពនិងផ្តល់អាទិភាពកំពូលដល់ការថែរក្សា ពូនជ្រុំ និងអភិវឌ្ឍទំនាក់ទំនងអ្នកជិតខាងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយឡាវ និងកម្ពុជា។

បន្ទាប់ពីជំនួបពិភាក្សា ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man និងប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម និងគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាឡាវ; អនុស្សរណៈនៃការយោគយល់គ្នា អំពីការបង្កើតទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងទីក្រុង Hoi An ខេត្ត Quang Nam (វៀតណាម) និងទីក្រុង Luang Prabang ខេត្ត Luang Prabang (ឡាវ)៕


top