ព័ត៌មាន

ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតហុងគ្រី

នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំនៅវៀតណាម លោក Ory Csaba។
  ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំនៅវៀតណាម លោក Ory Csaba។ (រូបថត៖ VOV)  

ប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ជាពិសេស កាលពីឆ្នាំ ២០១៨ ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅហុងគ្រី របស់អគ្គលេខាបក្សលោក Nguyen Phu Trong ភាគីទាំងពីរបានបង្កើនទំនាក់ទំនងទៅជា “ភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ” ដោយបង្ហាញពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ដោយមានបទពិសោធន៍ការងារនៅវៀតណាម ក៏ដូចជាតួនាទីជាអតីតសមាជិកសភា លោកឯកអគ្គរដ្ឋទូត Ory Csaba បានចែករំលែកជាមួយប្រធានរដ្ឋសភា លោក Vuong Dinh Hue អំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរហុងគ្រីនិងវៀតណាម នាពេលកន្លងមក។ ក្នុងនោះ បើយោងតាមលោកឯកអគ្គរដ្ឋទូត កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរបានរួមចំណែកធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងសភាទាំងពីរ ទន្ទឹមនឹងនោះគឺជាការរៀបចំសិក្ខាសាលាប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងជាច្រើន។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានយល់ព្រមចំពោះទស្សនៈមតិរបស់ឯកអគ្គរដ្ឋទូត ដោយចាត់ទុកថា កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះមានប្រសិទ្ធភាពខ្លាំងណាស់ ហើយត្រូវបន្តអនុវត្តន៍ដោយស្របតាមខ្លឹមសារនិងកម្រិតនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការសភាក្នុងសម័យកាលបច្ចុប្បន្ន ដើម្បីជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ ឲ្យកាន់តែជាក់ស្តែងនិងមានប្រសិទ្ធភាព នាពេលខាងមុខ៕


top