ព័ត៌មាន

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូងនិងឥណ្ឌា

នាយប់ថ្ងៃទី ១៩ ខែធ្នូ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai (ហាណូយ) ដោយបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការរយៈ ៦ ថ្ងៃនៅកូរ៉េខាងត្បូងនិងឥណ្ឌា - ដៃគូយុទ្ធសាស្ត្រសំខាន់ពីររបស់វៀតណាមនៅតំបន់អាស៊ី។
 

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក Kim Boo Kyum (រូបថត៖ TTXVN)

ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បន្តអះអាងនូវគោលនយោបាយកិច្ចការបរទេសបើកទូលាយ ពហុភាគី ពិពិធកម្ម ម្ចាស់ការ សកម្មនិងមានទំនួលខុសត្រូវរបស់បក្សនិងរដ្ឋ លើកកំពស់ឋានៈរបស់វៀតណាមជាមួយតំបន់និងពិភពលោក។ ដំណើរទស្សនកិច្ចនេះ បន្តលើកកម្ពស់ភាពរឹងមាំនៃទំនាក់ទំនងការទូតសភាក្នុងទំនាក់ទំនងទ្វេភាគីជាមួយដៃគូយុទ្ធសាស្ត្រសំខាន់ពីរក្នុងតំបន់អាស៊ី ពង្រឹងទំនាក់ទំនងការជឿទុកចិត្តផ្នែកនយោ បាយជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋសភានៃសាធារណរដ្ឋកូរ៉េនិងសាធារណរដ្ឋឥណ្ឌា; ការផ្លាស់ប្តូរព័ត៌មាននិងចែករំលែកបទពិសោធន៍លើសកម្មភាពសភាក៏ដូចជាវិធានការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ ១៩ នៅមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ។

បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ភ្លាម ការិយាល័យរដ្ឋសភាបានសម្របសម្រួលជាមួយគណៈកម្មាធិការមជ្ឈិ មរណសិរ្សមាតុភូមិវៀតណាម ក្រសួងសុខាភិបាលនិងធនាគារពាណិជ្ជភាគហ៊ុនវិនិយោគនិងអភិវឌ្ឍន៍វៀតណាម (BIDV) បានរៀបចំពិធីប្រគល់វ៉ាក់សាំង សម្ភារៈបរិការ  វត្ថុធាតុដើមសម្រាប់ផលិតឱសថនិងថវិការបស់សហគ្រាសកូរ៉េខាងត្បូងនិងឥណ្ឌា ជូនដល់ទីភ្នាក់ ងារនិងសហគ្រាសវៀតណាម។

មុននោះ នៅថ្ងៃដដែល នាថ្ងៃទី ១៩ ខែធ្នូ នៅទីក្រុង New Delhi ប្រធានរដ្ឋសភាលោក  Vuong Dinh Hue បានអញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីឥណ្ឌា Ram Nath Kovind ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅឥណ្ឌា ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២១។

 

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញជួបសម្តែងការការគួរសមជាមួយប្រធានាធិបតីឥណ្ឌា Ram Nath Kovind (រូបថត៖ VOV)


នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពបន្តរក្សានូវដំណើរទស្សនកិច្ចថ្នាក់ខ្ពស់និងគ្រប់ជាន់ថ្នាក់របស់រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងនៅតាមបណ្តាញបក្ស និងមូលដ្ឋាន ព្រមទាំងសមាជិកសភាប្រកបដោយមិត្តភាព ការជួបប្រាស្រ័យរវាងប្រជាជន។ ភាគីទាំងពីរក៏បានឯកភាពរៀបចំសកម្មភាពប្រកបដោយអត្ថន័យនិងជាក់ស្តែង ដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតនាឆ្នាំ ២០២២។ ភាគីទាំងពីរបានអះអាងថា នឹងបន្តសម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធនៅវេទិកាអន្តរជាតិនិងតំបន់ គាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការដោះស្រាយរាល់ការខ្វែងគំនិតគ្នា ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់និងលើពិភពលោក។

ក្នុងឱកាសនេះ ប្រធានរដ្ឋសភាបានពាំនាំនូវប្រសាសន៍របស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញប្រធានាធិបតីឥណ្ឌា Ram Nath Kovind មកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលឆាប់ៗនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

  
 


top