ព័ត៌មាន

ប្រធានរដ្ឋសភា លោក Vuong Dinh Hue ចូលគាល់ព្រះមហាក្សត្រ និងជួបពិភាក្សាការងារជាមួយប្រធានព្រឹទ្ធសភាកម្ពុជា

វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងប្តេជ្ញារួមជាមួយកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងនិរន្តរភាពយូរអង្វែងរវាងប្រទេសទាំងពីរ។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ចូលគាល់ព្រះមហាក្សត្រ 

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមមហាសន្និបាតអន្តរសភានៃប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី៤៣ (AIPA-43) នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានចូលថ្វាយបង្គំគាល់ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំងកម្ពុជា។

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងប្តេជ្ញារួមជាមួយកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងនិរន្តរភាពយូរអង្វែងរវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាមតែងតែដឹងគុណ និងគោរព ចំពោះសេចក្តីស្រលាញ់ដ៏ជ្រាលជ្រៅ ការគាំទ្រ និងជំនួយដ៏មានតម្លៃដែលព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ថ្នាក់ដឹកនាំគ្រប់ជំនាន់និងប្រជាជនកម្ពុជាសម្រាប់ប្រជាជនវៀតណាមក្នុងបុព្វហេតុតស៊ូរំដោះជាតិនាពេលកន្លងមក ក៏ដូចជាការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិនាពេលបច្ចុប្បន្ន។ ប្រធានរដ្ឋសភា សង្ឃឹមថា ព្រះមហាក្សត្រ នរោត្តម សីហមុនី នឹងបន្តគាំទ្រ និងលើកទឹកចិត្តដល់ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ ជាក់ស្តែង និងមានប្រសិទ្ធភាពជាង។

ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី បានគូសបញ្ជាក់ថា វៀតណាម និងកម្ពុជា គឺជាអ្នកជិតខាងគ្នា ដែលតែងតែស្រឡាញ់ សហការ និងជួយគ្នាទៅវិញទៅមក ក្នុងអតីតកាល ក៏ដូចជាបច្ចុប្បន្នកាល។ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី បានថ្លែងអំណរគុណចំពោះប្រទេសវៀតណាម ដែលជាមហាមិត្តរបស់ប្រជាជនកម្ពុជា ដែលតែងតែគាំទ្រ និងជួយកម្ពុជាក្នុងការតស៊ូប្រឆាំងនឹងចក្រពត្តិនិយម និងជួយប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានជួបពិភាក្សាការងារជាមួយសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា

ក៏នៅរសៀលថ្ងៃទី១៩ វិច្ឆិកា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានជួបពិភាក្សាការងារជាមួយសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា។

នៅក្នុងជំនួបនេះ មេដឹកនាំទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់បណ្តាញរបស់បក្ស រដ្ឋាភិបាល សភា និងការទូតប្រជាជន; បន្តផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ ក្នុងវិស័យនីតិបញ្ញត្តិរវាងគណៈកម្មការជំនាញ។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឲ្យភាគីទាំងពីរបន្តយកចិត្តទុកដាក់ និងអប់រំប្រជាជន ជាពិសេសយុវជនជំនាន់ក្រោយអំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ដើម្បីមានទំនួលខុសត្រូវថែរក្សា និងពូនជ្រុំទំនាក់ទំនងរវាងប្រទេសទាំងពីរ៕


top