ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់មិន អញ្ជើញថ្លែងសុន្ទរកថានៅក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតសហភាពអន្តរសភាលើកទី ១៥២ (IPU-152) (រូបថត៖ VNA)
នៅក្នុងសុន្ទរកថា ប្រធានរដ្ឋសភា លោកត្រឹន ថាញ់មិន បានឲ្យដឹងថា វៀតណាមកំពុងខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តក្នុងការចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មី ជាមួយនឹងគោលដៅក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានមូលដ្ឋានឧស្សាហកម្មទំនើប និងមានប្រាក់ចំណូលមធ្យមខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។ វៀតណាមកំពុងអនុវត្តគំរូកំណើនថ្មីមួយ ដោយប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាកម្លាំងចលករ ខណៈពេលដែលធានានូវសមធម៌សង្គម និងការការពារបរិស្ថានប្រកបដោយចីរភាព ដើម្បីឱ្យប្រជាជនអាចរីករាយនឹងផ្លែផ្កានៃការអភិវឌ្ឍ។
ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់មិន ជួបជាមួយគណៈប្រតិភូឡាវ នៅខាងក្រៅកិច្ចប្រជុំ (រូបថត៖VNA)
ដើម្បីជម្នះពុះពាររាល់បញ្ហាប្រឈមរួមជាមួយគ្នា ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់មិន បានចាត់ទុកថា IPU និងសភាសមាជិក គួរតែរួមគ្នាដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពអន្តរជាតិ ពង្រឹងស្មារតីយកច្បាប់ជាចម្បង និងគាំទ្ររាល់គំនិតច្នៃប្រឌិតជាតិដើម្បីសន្តិភាពនិងការអភិវឌ្ឍ។ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន បានស្នើថា៖ “បង្កើនការទូតសភា ជំរុញការសន្ទនា កសាងទំនុកចិត្ត និងចំណង់មិត្តភាពរវាងប្រជាជាតិនានា; ទប់ស្កាត់ និងដោះស្រាយមូលហេតុចម្បងនៃជម្លោះ; គោរពគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ឈរលើស្មារតីនោះ រួមជាមួយសមាជិក IPU យើងសូមអំពាវនាវជាបន្ទាន់ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យអនុវត្តបទឈប់បាញ់យ៉ាងតឹងរ៉ឹង បន្តការកិច្ចចរចាសន្តិភាព និងស្វែងរកដំណោះស្រាយ សមស្របប្រកបដោយចីរភាពចំពោះជម្លោះបច្ចុប្បន្ន”។
ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន បានសម្តែងជំនឿជាក់ថា ស្មារតីសាមគ្គីភាព ការចែករំលែក និងកិច្ចសហប្រតិបត្តិការនឹងជួយប្រជាជាតិជំនះពុះពាររាល់បញ្ហាប្រឈម ដើម្បីកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់មនុស្សជំនាន់ក្រោយ៕