នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ លោកស្រី Tredene Dobson ប្រធានរដ្ឋលោក Vo Van Thuong បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរទោះបីជាមានកម្រិតទាបក៏ដោយ ប៉ុន្តែភាគីទាំងពីរកំពុងខិតខំដើម្បីឈានដល់កម្រិតពាណិជ្ជកម្ម ២ ពាន់លានដុល្លារអាមេរិក។ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ អប់រំ និងបណ្តុះបណ្តាលក៏ទទួលបានលទ្ធផលល្អប្រសើរផងដែរ។ លោកប្រធានរដ្ឋបានអះអាងថា លទ្ធផលទាំងនេះគឺជាមូលដ្ឋានគ្រឹះវិជ្ជមានសម្រាប់ភាគីទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៧៥-២០២៥) នៅឆ្នាំ ២០២៥ ។
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានទទួលជួបឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ លោកស្រី Tredene Dobson។ រូបថត៖ TTXVN
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ លោកស្រី Tredene Dobson បានឲ្យដឹងថា ប្រទេសនូវែលហ្សេឡង់គោរពវៀតណាមជាមិត្តដ៏ស្មោះត្រង់ ជួយឧបត្ថម្ភគ្នាទៅវិញទៅមកដើម្បីជំនះពុះពារលើការលំបាកក្នុងអំឡុងពេលជំងឺរាតត្បាត Covid-១៩ និងដំណាក់កាលស្ដារសេដ្ឋកិច្ចឡើងវិញ។ ឯកអគ្គរដ្ឋទូតបានអះអាងថា ប្រទេសនូវែលហ្សេឡង់មានបំណងចង់សហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម។
នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតប៉េរូប្រចាំនៅវៀតណាម Augusto Morelli ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានវាយតម្លៃថា ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងប៉េរូ ទទួលបានលទ្ធផលវិជ្ជមានលើវិស័យជាច្រើន ហើយបានសង្កត់ធ្ងន់ថាប៉េរូគឺជាដៃគូសំខាន់របស់វៀតណាមនៅអាមេរិកឡាទីន។ លោកប្រធានរដ្ឋក៏បានវាយតម្លៃខ្ពស់ចំពោះប្រទេសប៉េរូដែលបានគាំទ្រដល់សហគ្រាសវៀតណាមក្នុងការវិនិយោគនៅប្រទេសប៉េរូ និងមានបំណងថាប្រទេសទាំងពីរនឹងលើកកម្ពស់ទំហំពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត ជំរុញការរៀបចំសកម្មភាពជាក់ស្តែង និងមានអត្ថន័យជាច្រើន ឆ្ពោះទៅខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៨៤-២០២៤) នៅឆ្នាំនេះ។
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានទទួលជួបឯកអគ្គរដ្ឋទូតប៉េរូ លោក Augusto Morelli។ រូបថត៖ TTXVN
ឯកអគ្គរដ្ឋទូតប៉េរូ លោក Augusto Morelli បានសង្កត់ធ្ងន់ថា វៀតណាមជាដៃគូលេខ១របស់ប៉េរូ នៅតំបន់អាស៊ីអាគ្នេយ៍ ហើយលោកមានបំណងចង់ឲ្យ វៀតណាមគាំទ្រនិងសហប្រតិបតិ្តការជាមួយប៉េរូ រៀបចំសន្និសីទថ្នាក់ដឹកនាំសេដ្ឋកិច្ចនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលប្រទេសប៉េរូធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំនេះ៕