ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង មកដល់ទីក្រុងវៀងចន្ទន៍ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវ

នាវេលាម៉ោង ៣ រសៀល ថ្ងៃទី ២៤ មេសា យន្តហោះដឹកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Wattay ទីក្រុងវៀងចន្ទន៍ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ ខែមេសា តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីសូលីត។

លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមមកដល់អាកាសយានដ្ឋានអន្តរជាតិ Wattay ទីក្រុងវៀងចន្ទន៍ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវ។ (រូបថត៖ VNA)

ទទួលស្វាគមន៍លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅអាកាសយានដ្ឋាន Wattay មានប្រធានខុទ្ធកាល័យប្រធានរដ្ឋឡាវ; អភិបាលក្រុងវៀងច័ន្ទ និងថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធនៃប្រទេសឡាវ។ ខាងវៀតណាមមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Minh Tam បុគ្គលិកស្ថានទូត និងសហគមន៍ជនវៀតណាមយ៉ាងច្រើនកុះករនៅឡាវ។

តាមការគ្រោងទុក ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវ លោកប្រធានរដ្ឋ លឿង គឿង នឹងចូលរួមកិច្ចពិភាក្សាការងារជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីសូលីត ព្រមទាំងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកប្រធានរដ្ឋក៏នឹងមានជំនួបសវនាការជាមួយនាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភាឡាវ; ទស្សនាស្ថានទូតវៀតណាម; ជួបជាមួយសហគមន៍ជនវៀតណាមនៅឡាវ និងសកម្មភាពសំខាន់ៗមួយចំនួនទៀត៕


top