ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែក

នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមានប្រធានរដ្ឋ លោក លឿង គឿង ប្រធានរដ្ឋវៀតណាមបានអញ្ជើញទទួលជួបជាមួយប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែក លោក Milos Vystrcil ដែលកំពុងមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម។
លឿង គឿង ប្រធានរដ្ឋវៀតណាមបានអញ្ជើញទទួលជួបជាមួយប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែក លោក Milos Vystrcil។ (រូបថត៖ VOV)

នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋ លឿង គឿង បានស្នើឱ្យភាគីទាំងពីរបង្កើនការជួបប្រាស្រ័យ និងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងគ្រប់ក្របខ័ណ្ឌផ្សេងៗគ្នាដើម្បីពង្រឹងទំនុកចិត្តនយោបាយ; លើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការពារជាតិ-សន្តិសុខ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា អប់រំ-បណ្តុះបណ្តាល វប្បធម៌-ទេសចរណ៍ និងជំរុញការជួបប្រាស្រ័យរវាងប្រជាជន ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ ពង្រីកវិស័យសហប្រតិបត្តិការថ្មីៗ ដែលភាគីទាំងពីរអាចបំពេញបន្ថែម និងគាំទ្រគ្នាទៅវិញទៅមក។ លោកប្រធានរដ្ឋក៏បានស្នើឱ្យសាធារណរដ្ឋឆែកសម្របសម្រួលដើម្បីជំរុញប្រទេសសមាជិកសហភាពអឺរ៉ុប (EU) ដែលនៅសេសសល់ ឱ្យផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគរវាងវៀតណាម និងសហភាពអឺរ៉ុប (EVIPA) ក្នុងពេលឆាប់ៗនេះ ហើយគាំទ្រគណៈកម្មការអឺរ៉ុប (EC) ឱ្យដកកាតលឿង IUU សម្រាប់ការនាំចេញជលផលរបស់វៀតណាមផងដែរ។

ដោយយល់ស្របនឹងសំណើរបស់លោកប្រធានរដ្ឋ លឿង គឿង ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែក លោក Milos Vystrcil បានមានប្រសាសន៍ថា ស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរនឹងសម្របសម្រួលដើម្បីអនុវត្តន៍កិច្ចព្រមព្រៀងជាន់ខ្ពស់ ដោយគាំទ្ររដ្ឋាភិបាលទាំងពីរ លើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។

ក្នុងឱកាសនេះដែរ លោក Milos Vystrcil ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែក បានជម្រាបជូនលោកប្រធានរដ្ឋ លឿង គឿង ថា ភាគីឆែកនឹងប្រគល់ជូនប្រជាជនដែលរងផលប៉ះពាល់ដោយព្យុះ និងទឹកជំនន់នៅភាគកណ្តាលប្រទេសវៀតណាម នូវកញ្ចប់ជំនួយមុស្សធម៌ ដែលមានតម្លៃ ៣,៥ ពាន់លានដុង (ប្រហែលជាង ១៣ ម៉ឺនដុល្លារអាមេរិក) តាមរយៈសមាគមកាកបាទក្រហមវៀតណាម ហើយសង្ឃឹមថា វៀតណាមនឹងជម្នះពុះពារលើការលំបាកនិងការខូចខាតដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិក្នុងពេលឆាប់ៗនេះ៕


top