ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ជួបសន្ទនាជាមួយសម្តេចប៉ាប់ Francis

ប្រធានរដ្ឋ លោក Vo Van Thuong បានសម្តែងនូវការគោរពយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ និងមនោសញ្ចេតនារបស់សម្តេចប៉ាប ចំពោះបុព្វហេតុតស៊ូដណ្ដើមឯករាជ្យរបស់ប្រជាជនវៀតណាមនាពេលកន្លងមក និងសម្រាប់ប្រទេសវៀតណាមនាពេលបច្ចុប្បន្ន ជាពិសេសក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ ១៩។
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ជួបសន្ទនាជាមួយសម្តេចប៉ាប់ Francis

នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ តាមម៉ោងក្នុងស្រុក ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong និងលោកជំទាវភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់ និងបានជួបសន្ទនាជាមួយសម្តេច ប៉ាប Francis

ក្នុងជំនួបជាមួយសម្តេចប៉ាប Francis ប្រធានរដ្ឋលោក Vo Van Thuong បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់ ហើយបានថ្លែងអំណរគុណចំពោះសម្តេចប៉ាប និងបុរីវ៉ាទីកង់ ចំពោះការទទួលបដិសណ្ឋារកិច្ចចំពោះគណៈប្រតិភូ។ ប្រធានរដ្ឋ លោក Vo Van Thuong បានសម្តែងនូវការគោរពយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ និងមនោសញ្ចេតនារបស់សម្តេចប៉ាប ចំពោះបុព្វហេតុតស៊ូដណ្ដើមឯករាជ្យរបស់ប្រជាជនវៀតណាមនាពេលកន្លងមក និងសម្រាប់ប្រទេសវៀតណាមនាពេលបច្ចុប្បន្ន ជាពិសេសក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ ១៩។

ប្រធានរដ្ឋបានវាយតំលៃខ្ពស់ចំពោះការវិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងវៀតណាម - បុរីវ៉ាទីកង់ តាមរយៈការដែលភាគីទាំងពីររក្សាទំនាក់ទំនងកម្រិតខ្ពស់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ហើយអនុវត្តន៍យ៉ាងមានប្រសិទ្ធភាពនូវយន្តការក្រុមការងារចម្រុះវៀតណាម - បុរីវ៉ាទីកង់។ លោកប្រធានរដ្ឋបានអះអាងថា វៀតណាមអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយគោរព និងធានាសេរីភាពខាងជំនឿសាសនា និងសុក្រិតក្របខ័ណ្ឌច្បាប់ ដើម្បីសម្រួលដល់សកម្មភាពសាសនា រួមទាំងសាសនាកាតូលិកផងដែរ។ លោកប្រធានរដ្ឋបានស្វាគមន៍ចំពោះការរួមវិភាគទានជាវិជ្ជមានរបស់សហគមន៍កាតូលិកវៀតណាមក្នុងសកម្មភាពស្ម័គ្រចិត្ត អប់រំ ថែទាំសុខភាព និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងមានបំណងថា សានាកាតូលិកវៀតណាមបន្តរួមចំណែកកសាងប្រទេស អភិវឌ្ឍន៍ថែមទៀត។

រីឯខ្លួនវិញ សម្តេចប៉ាប Francis បានអះអាងថា ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Vo Van Thuong គឺជាឱកាសសម្រាប់ភាគីទាំងពីរពិភាក្សាអំពីស្ថានភាពកាតូលិកនៅវៀតណាម និងទំនាក់ទំនងរវាងវៀតណាម និងបុរីវ៉ាទីកង់។ សម្តេចប៉ាបបានបញ្ជាក់ថា បុរីវ៉ាទីកង់មានបំណងថា ទំនាក់ទំនងរវាងបុរីវ៉ាទីកង់ជាមួយវៀតណាមមានការអភិវឌ្ឍកាន់តែប្រសើរឡើង។ ប្រធានរដ្ឋ លោក Vo Van Thuong និងសម្ដេចប៉ាប Francis បានវាយតម្លៃថា ការអនុម័តបទប្បញ្ញត្តិស្តីពីប្រតិបត្តិការរបស់តំណាងអចិន្ត្រៃយ៍ និងការិយាល័យតំណាងអចិន្ត្រៃយ៍របស់បុរីវ៉ាទីកង់ នៅវៀតណាមថាជាជំហានសំខាន់ឆ្ពោះទៅមុខក្នុងបរិបទនៃការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី៕


top