ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញបំផុសបុណ្យតេតដាំដើមឈើនៅខេត្ត Phu Tho

នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើ “ដឹងគុណលោកប្រធានហូជីមិញជានិច្ច” និទាឃរដូវ ឆ្នាំខាល ចត្វាស័ក ២០២២ ដែលត្រូវបាន ខេត្ត Phu Tho សហការជាមួយក្រសួងកសិកម្ម និង ការអភិវឌ្ឍន៍ជនបទរៀបចំឡើងនៅមណ្ឌលកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រវិហារស្ដេច Hung។
 

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទូងស្គរបំផុសបុណ្យតេតដាំដើមឈើនៅខេត្ត Phu Tho (រូបថត៖ VNA)


អញ្ជើញថ្លែងក្នុងពិធីនេះ លោកប្រធានរដ្ឋបានរំលឹកឡើងវិញនូវប្រសាសន៍របស់លោកប្រធានហូជីមិញថា “និទាឃរដូវគឺជាបុណ្យតេតដាំដើមឈើ ហើយនាំប្រទេសជាតិឲ្យកាន់តែរីកចម្រើនថែមទៀត”។ ទន្ទឹមនឹងនោះ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា មនុស្សជាតិកំពុងប្រឈមមុខនឹងបញ្ហាសាកល្បងដ៏ធំធេងនៃការប្រែប្រួលអាកាសធាតុសកល បាតុភូតអាកាសធាតុអាក្រក់ ព្យុះ ទឹកជំនន់ ការរអិលបាក់ដី គ្រោះរាំងស្ងួត និងការជ្រាបចូលនៃទឹកប្រៃ ដែលបណ្តាលឱ្យមានផលវិបាកដ៏ធ្ងន់ធ្ងរដល់អាយុជីវិត និងទ្រព្យសម្បត្តិ។ ដូច្នេះ ការដាំ និងកិច្ចការពារព្រៃឈើបានដើរតួនាទីកាន់តែសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃ ពោលគឺជាកិច្ចការបន្ទាន់ និងមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។ ដោយសម្តែងក្ដីសប្បាយរីករាយចំពោះលទ្ធផលនៅឆ្នាំ២០២១ ដែលប្រទេសទាំងមូលបានដាំដើមឈើបានចំនួន ២១០ លានដើម សម្រេចបាន ១១៥% នៃផែនការនោះ លោកប្រធានរដ្ឋបានកោតសរសើរដល់មូលដ្ឋាន អង្គការ អង្គភាពអាជីវកម្ម និងបុគ្គលដែលបានគាំទ្រយ៉ាងសកម្មចំពោះកម្មវិធីដាំដើមឈើមួយពាន់លានដើមរបស់លោកនាយករដ្ឋមន្ត្រី។ លោកប្រធានរដ្ឋ បានអំពាវនាវដល់ជនរួមជាតិ និងប្រជាពលរដ្ឋទូទាំងប្រទេសចូលរួមយ៉ាងក្លៀវក្លាក្នុងការដាំដើមឈើចាប់ពីដើមនិទាឃរដូវនេះ។ មនុស្សម្នាក់ៗ ផ្ទះនីមួយៗ ស្ថាប័ន និងអង្គការនីមួយៗគួរតែរួមចំណែកយ៉ាងជាក់ស្តែងក្នុងការអនុវត្តកម្មវិធីដាំដើមឈើមួយពាន់លានដើមដំណាក់កាល ២០២១-២០២៥ ដើម្បីរួមចំណែកកសាងប្រទេសវៀតណាមបៃតងប្រកបដោយនិរន្តរភាពជានិច្ច។

បន្ទាប់ពីអញ្ជើញទូងស្គរបើកពិធីបុណ្យដាំដើមឈើនោះ លោកប្រធានរដ្ឋ Nguyen Xuan Phuc និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ខេត្ត ក្រុង និងប្រជាជនខេត្ត Phu Tho បានដាំដើមឈើនៅមណ្ឌលកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រវិហារស្ដេច Hung ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top