នារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត ដែលមកជូនសារតាំង។
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានទទួលសារតាំងរបស់ឯកអគ្គរដ្ឋទូតនេប៉ាល់ Ganesh Prasad Dhakal (រូបថត៖ Thong Nhat/TTXVN)
ទទួលជួបជាមួយលោក Ernest Mbaimba Ndomahina ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសៀរ៉ាឡេអូន ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានជឿជាក់ថា ក្នុងអាណត្តិបំពេញបេសកកម្មការទូតរបស់ខ្លួន លោកឯកអគ្គរដ្ឋទូតនឹងខិតខំប្រឹងប្រែងដើម្បីរួមចំណែកនាំទំនាក់ទំនងនៃប្រទេសទាំងពីរឡើងកំពស់ថ្មីមួយ ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម; ទាញយកសក្តានុពលរបស់ប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង។
ទទួលជួបជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធនេប៉ាល់ លោក Ganesh Prasad Dhakal, ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយនេប៉ាល់ ព្រមទាំងបានស្នើថា ភាគីទាំងពីរជំរុញសកម្មភាពសហប្រតិបត្តិការលើវិស័យដូចជា ការផ្លាស់ប្តូរវប្បធម៌ ទេសចរណ៍និងជាពិសេសបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី។
អញ្ជើញជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋ Guatemala លោក Carlos Humberto Jiménez Licona, ប្រធានរដ្ឋលោក Nguyen Xuan Phuc បានចាត់ទុកថា៖ វៀតណាមមានសក្ដានុពលខ្លាំងលើវិស័យពាណិជ្ជកម្មនិងវិនិយោគ ដែលជាលក្ខខណ្ឌល្អក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយ Guatemala។ លោកប្រធានរដ្ឋសង្ឃឹមថា ប្រទេសទាំងពីរនឹងយកចិត្តទុកដាក់បន្ថែមទៀត ចំពោះការផ្លាស់ប្តូរគណៈប្រតិភូនិងកិច្ចសហប្រតិបត្តិការក្នុងវេទិកាពហុភាគី តំបន់ និងអន្តរជាតិ ស្តីពីការរក្សាសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព។
ទទួលជួបជាមួយឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋម៉ាល់ឌីវ លោក Mohamed Jinah, ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានចាត់ទុកថា ដោយមានសក្ដានុពលខ្លាំងក្នុងវិស័យទេសចរណ៍ ម៉ាល់ឌីវនិងវៀតណាមមានភាពស្រដៀងគ្នាក្នុងទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច ជាពិសេសលើវិស័យទេសចរណ៍ ហើយនេះគឺជាលក្ខខណ្ឌអំណោយផលក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ។ លោកប្រធានរដ្ឋបានស្នើឱ្យភាគីទាំងពីរជំរុញសកម្មភាពសហប្រតិបត្តិការលើវិស័យដែនសមុទ្រ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ...។
ទទួលជួបឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋ Dominican លោក Jaime Yorquis Francisco Rodriguez, ប្រធានរដ្ឋលោក Nguyen Xuan Phuc បានស្វាគមន៍ចំពោះផែនការរបស់សាធារណរដ្ឋ Dominican ក្នុងការបើកស្ថានទូតនៅវៀតណាម នេះជាព្រឹត្តិការណ៍សំខាន់មួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកប្រធានរដ្ឋបានជូនពរឱ្យភាគីទាំងពីរខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីអនុវត្តន៍វិធានការលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ហើយដំបូងបង្អស់ គឺការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់លំដាប់ថ្នាក់; រៀបចំសកម្មភាពជំរុញពាណិជ្ជកម្មទ្វេភាគី៕