ព័ត៌មាន

ប្រធានរដ្ឋលោក លឿង គឿង៖ ទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុបកំពុងអភិវឌ្ឍជាវិជ្ជមាន ជាក់ស្តែង និងគ្រប់ជ្រុងជ្រោយ

នាព្រឹកថ្ងៃទី ២៩ ខែមករា នៅវិមានប្រធានរដ្ឋ ក្នុងទីក្រុងហាណូយ លោកប្រធានរដ្ឋ លឿង គឿង បានធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចលោកប្រធានក្រុមប្រឹក្សាអឺរ៉ុប António Costa ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ២៨-២៩ ខែមករា តបតាមការអញ្ជើញរបស់លោកប្រធានរដ្ឋ លឿង គឿង។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច មេដឹកនាំទាំងពីរបានជួបប្រជុំគ្នាមុនពេលដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមនិងសហភាពអឺរ៉ុប (EU) ធ្វើការសន្ទនា។
  លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការជូនចំពោះប្រធានក្រុមប្រឹក្សាអឺរ៉ុប។ រូបថត៖ Viet Cuong/VOV  
  ប្រធានរដ្ឋវៀតណាម លោក លឿង កឿង និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Antonio Costa។ រូបថត៖ Viet Cuong/VOV  
  ទិដ្ឋភាពនៃកិច្ចសន្ទនារវាងគណៈប្រតិភូទាំងពីរ។ រូបថត៖ Viet Cuong/VOV  

ថ្លែងនៅក្នុងកិច្ចសន្ទនា លោកប្រធានរដ្ឋ លឿង គឿង បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក António Costa បានធ្វើ ឡើងបន្ទាប់ពីវៀតណាមបានរៀបចំប្រកបដោយជោគជ័យ នូវមហាសន្និបាតបក្សលើកទី ១៤ បានបង្ហាញពីទំនុកចិត្តនយោបាយខ្ពស់រវាងភាគីទាំងពីរ និងបង្កើតមូលដ្ឋានគ្រឹះដើម្បីជំរុញទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប ឲ្យបន្តអភិវឌ្ឍន៍ក្រោយរយៈពេល ៣៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត (១៩៩០-២០២៥)។

លោកប្រធានរដ្ឋ លឿង គឿង បានបញ្ជាក់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះតួនាទី និងឋានៈរបស់សហភាពអឺរ៉ុប ដែលជាដៃគូដ៏សំខាន់បំផុតនៅក្នុងគោលនយោបាយការបរទេសរបស់វៀតណាម ហើយបានឲ្យដឹងថា វៀតណាម និងសហភាពអឺរ៉ុបចែករំលែកសារៈសំខាន់នៃការជំរុញពហុភាគីនិយម និងការគោរព ច្បាប់ ស្រប់តាមគោលដៅនៃសន្តិភាព ស្ថិរភាព ការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។ លោកប្រធានរដ្ឋ លឿង គឿង បានលើកច្បាស់ថា៖ «ទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុបកំពុងអភិវឌ្ឍជាវិជ្ជមាន ជាក់ស្តែង និងគ្រប់ជ្រុងជ្រោយ។ ទំនុកចិត្តនយោបាយត្រូវបានពង្រឹង និងលើកកម្ពស់ជាមួយ EU និងប្រទេសសមាជិក។ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ គឺជាកម្លាំងចលករចម្បងនៃការអភិវឌ្ឍទំនាក់ទំនង។ កិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លា ជាពិសេសគឺវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបាននិងកំពុងក្លាយជាសសរស្តម្ភយុទ្ធសាស្ត្រថ្មី មានលក្ខណៈយុទ្ធសាស្ត្ររវាងវៀតណាម និង EU និងប្រទេសសមាជិក»

រីឯខ្លួនវិញ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បានបញ្ជាក់ថា សហភាពអឺរ៉ុបនិងវៀតណាម គឺជាដៃគូដែលមានគំនិតដូចគ្នាក្នុងការគោរពប្រព័ន្ធពហុភាគីនិយម សណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ និងពាណិជ្ជកម្មសេរី។ ប្រធានក្រុមប្រឹក្សាអឺរ៉ុបបានសម្តែងទំនុកចិត្តថា នាពេលអនាគត សហភាពអឺរ៉ុប និងវៀតណាមនឹងសម្រេចបានលទ្ធផលសហប្រតិបត្តិការកាន់តែធំធេង បើធៀបនឹងរយៈពេល ៣៥ ឆ្នាំកន្លងមក ហើយរួមគ្នាជំរុញសន្តិភាព និងវិបុលភាពនៅលើពិភពលោក៕


top