ព័ត៌មាន

ប្រធានរដ្ឋលោក Vo Van Thuong ទទួលជួបនាយករដ្ឋមន្ត្រីឆែកលោក Petr Fiala

នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ លោក Vo Van Thuong ប្រធានរដ្ឋបានទទួលជួបនាយករដ្ឋមន្ត្រីឆែកលោក Petr Fiala ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែមេសា។
ប្រធានរដ្ឋលោក Vo Van Thuong ទទួលជួបនាយករដ្ឋមន្ត្រីឆែកលោក Petr Fiala (រូបថត៖ vna)

ប្រធានរដ្ឋលោក Vo Van Thuong បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Petr Fiala នៅប្រទេសវៀតណាម ដោយសម្តែងជំនឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសាធារណៈរដ្ឋឆែក។ លោកប្រធានរដ្ឋបានអះអាងថា រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់លើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរដែលមានប្រវត្តិសាស្ត្រជាង ៧០ ឆ្នាំលើគ្រប់វិស័យ។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី លោកPetr Fiala បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម និងជំហរកិច្ចការបរទេសក្នុងតំបន់ និងលើពិភពលោក។ លោកបានអះអាងថា សាធារណរដ្ឋឆែក តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ ការអភិវឌ្ឍ ទំនាក់ទំនងជាមួយវៀតណាម ដែលជាដៃគូដ៏សំខាន់បំផុតរបស់ឆែកក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

នៅក្នុងជំនួបនេះ ប្រធានរដ្ឋលោក Vo Van Thuong បានស្នើថា រដ្ឋាភិបាលឆែកបន្តបង្កើតលក្ខខ័ណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាមដើម្បីធ្វើសមាហរណកម្ម និងរស់នៅប្រកបដោយស្ថិរភាពនៅសាធារណរដ្ឋឆែក។ លោកបានបង្ហាញជំនឿជាក់ថា សហគមន៍ជនវៀតណាមនឹងបន្តជំរុញយ៉ាងសកម្មនូវតួនាទីរបស់ខ្លួនជាស្ពានជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌ បង្កើនទេសចរណ៍ រួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ


top