ព័ត៌មាន

ប្រធានរដ្ឋលោក Nguyen Xuan Phuc៖ ប្រទេសជាតិ ជានិច្ចកាលចង់មានសហគ្រាសដូចជា THACO

នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងហូជីមិញ ក្រុមហ៊ុនភាគហ៊ុន Truong Hai Group (THACO) បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ “THACO ២៥ ឆ្នាំនៃការបង្កើតនិងអភិវឌ្ឍ”។
  ប្រធានរដ្ឋលោក Nguyen Xuan Phuc ប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី ១ ជូនសម្ព័ន្ធក្រុមហ៊ុន THACO។ (រូបថត៖ Vu Dung/VOV)  

ក្នុងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី ១ ជូនសម្ព័ន្ធក្រុមហ៊ុន។ នេះជាលើកទី ២ ហើយដែល THACO មានកិត្តិយសទទួលបានឥស្សរិយយសពលកម្មថ្នាក់ទី ១។

ថ្លែងមតិក្នុងពិធីនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ អាចនិយាយបានថា THACO គឺជាគំរូដ៏ហ្មត់ចត់និងជោគជ័យនៃសេដ្ឋកិច្ចឯកជនដែលចូលរួមក្នុងដំណើរការកសាងរចនាសម្ព័ន្ធ និងទំនើបភាវូបនីយកម្មសេដ្ឋកិច្ច។ ជោគជ័យរបស់ THACO ក៏ជានិមិត្តរូបនៃភាពជោគជ័យ បើទោះបីនេះជាជំហានដំបូងនៃឧស្សាហកម្មរថយន្តវៀតណាមក៏ដោយ។ THACO បានបង្ហាញថា បរិយាកាសវៀតណាមអាចបង្កើតបានសហគ្រាសដែលមានទ្រង់ទ្រាយធំ។ THACO បានជំរុញស្មារតីហ៊ានគិត ហ៊ានធ្វើ ហ៊ានបំផុសគំនិតដល់ភាពជោគជ័យរបស់សហគ្រាសវៀតណាមជាច្រើនទៀត។

លោកប្រធានរដ្ឋបានស្នើឲ្យសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចវៀតណាម រួមទាំងកម្មសិទ្ធិរដ្ឋ និងឯកជន ត្រូវត្រួសត្រាយផ្លូវក្នុងការស្រាវជ្រាវ អភិវឌ្ឍន៍ អនុវត្តបច្ចេកវិទ្យាខ្ពស់ យកឈ្នះទីផ្សារសកល។ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានលើកច្បាស់ថា ប្រទេសជាតិជានិច្ចកាលមានបំណង ចង់មានសហគ្រាសដូចជា THACO ជាជំហានៗ ធ្វើជាម្ចាស់បច្ចេកវិទ្យា ឈានទៅមុខយ៉ាងខ្លាំងក្លា ប្រកួតប្រជែងប្រកបដោយជោគជ័យនៅលើទីផ្សារ ដោយបង្ហាញស្មារតីលើកកម្ពស់កម្លាំងផ្ទៃក្នុង ស្មារតីស្វ័យភាព និងខ្លួនទីពឹងខ្លួនរបស់ប្រជាជនវៀតណាម៕


top