ព័ត៌មាន

ប្រធានរដ្ឋចិនលោក​ ស៊ី ជីនពីង មាន​បំណង​ចង់ឱ្យចិននិងអាមេរិក ប្រែក្លាយទំនាក់ទំនងយុទ្ធសាស្ត្រ ទៅជាសកម្មភាព និងកិច្ច​សហប្រតិបត្តិការ AI

ថ្លែងនៅក្នុងពិធីបដិសណ្ឋារកិច្ចជាផ្លូវការ និងកិច្ចពិភាក្សានៅសេតវិមាន នៅថ្ងៃទី២៤ ខែកញ្ញា លោកប្រធានរដ្ឋចិន ស៊ី ជីនពីង បានអំពាវនាវឱ្យចិន និងសហរដ្ឋអាមេរិក ប្រែក្លាយទំនាក់ទំនងយុទ្ធសាស្ត្រប្រកបដោយស្ថិរភាព ពីចក្ខុវិស័យទៅជាសកម្មភាព ដោយចាត់ទុកថា ប្រទេសទាំងពីរអាចសហការ​គ្នា​លើបញ្ញាសិប្បនិម្មិត (AI) ដើម្បីធានាថាបច្ចេកវិទ្យានេះ នៅតែស្ថិតក្រោមការគ្រប់គ្រង។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានរដ្ឋចិន លោក ស៊ី ជីនពីង។ រូបថត៖ THX / VNA

នៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅសេតវិមាន លោកប្រធានរដ្ឋចិន ស៊ី ជីនពីង បានសង្កត់ធ្ងន់ថា តួនាទីថ្មីនៃទំនាក់ទំនងយុទ្ធសាស្ត្រប្រកបដោយស្ថិរភាព និងស្ថាបនារវាងចិន និងសហរដ្ឋអាមេរិក ឆ្លុះបញ្ចាំងពីការពិតនៃទំនាក់ទំនងទ្វេភាគី និងបង្ហាញពីការរំពឹងទុកសម្រាប់អនាគត។ លោកបានអំពាវនាវឱ្យ "ភាគីទាំងពីរ ប្រែក្លាយចក្ខុវិស័យទាំង​នេះទៅជាសកម្មភាព ដោយឆ្ពោះទៅរក​ផែនទី​បង្ហាញ​ផ្លូវមួយ ដែលផ្តោតលើកិច្ចសហប្រតិបត្តិការ ជាមួយនឹងការប្រកួតប្រជែងមានកម្រិត ការខ្វែងគំណិតគ្នាត្រូវបានគ្រប់គ្រង និងយធាទស្សន៍​​នៃសន្តិភាព"។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការ AI លោកប្រធានរដ្ឋចិន ស៊ី ជីនពីង បានថ្លែងថា៖

«ចិន និងសហរដ្ឋអាមេរិក សុទ្ធតែជាមហាអំណាច AI ដែលមានសមត្ថភាព និងការទទួលខុសត្រូវក្នុងការអភិវឌ្ឍ និងគ្រប់គ្រង AI ប្រកបដោយប្រសិទ្ធភាព សំដៅធានាថា ការអភិវឌ្ឍនៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់មនុស្ស និងនាំមកនូវផលប្រយោជន៍ដល់ប្រជាជន។»​​

ទាក់ទងនឹងស្ថានភាពនៅមជ្ឈិមបូព៌ា លោកគាំទ្រការដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់វិលត្រឡប់​ទៅកាន់កិច្ចព្រមព្រៀងដែលសម្រេចបាននៅទីក្រុងអ៊ីស្លាម៉ាបាដ ហើយសង្ឃឹមថា ភាគីទាំងពីរនឹងដោះស្រាយបញ្ហានេះ​ក្នុងពេលឆាប់ៗ តាមរយៈការសន្ទនា និងការចរចា ដោយឆ្ពោះទៅរកកិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយ៕​


top