ព័ត៌មាន

ប្រជាពលរដ្ឋវៀតណាមភាគច្រើននៅអ៊ុយក្រែនបានធ្វើដំណើរទៅកាន់ប្រទេសជិតខាង

រហូតមកដល់ពេលនេះ មិនទាន់កត់ត្រាករណីពលរដ្ឋ វៀតណាមត្រូវស្លាប់ឬរងរបួសក្នុងជម្លោះនៅឡើយ ហើយប្រជាពលរដ្ឋ វៀតណាមភាគច្រើននៅអ៊ុយក្រែនបានចាកចេញពីតំបន់ប្រយុទ្ធហើយកំពុងធ្វើដំណើរទៅកាន់ប្រទេសជិតខាងនានាដូចជា ប៉ូឡួញ រូម៉ានី ស្លូវាគី ជាដើម។
  ពលរដ្ឋវៀតណាមនៅអ៊ុយក្រែនត្រូវបានជម្លៀសទៅកាន់ប្រទេសជុំវិញ។ (រូបថត៖ VNA)  

នៅសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម ដែលបានធ្វើឡើងនាល្ងាចថ្ងៃទី៣ មីនា តាមប្រព័ន្ធវីដេអូ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang បានជូនដំណឹងអំពីការងារគាំពារពលរដ្ឋចំពោះប្រជាពលរដ្ឋវៀតណាមដែលកំពុងជាប់គាំងក្នុងជម្លោះនៅអ៊ុយក្រែន។ រហូតមកដល់ពេលនេះ មិនទាន់កត់ត្រាករណីពលរដ្ឋវៀតណាមត្រូវស្លាប់ឬរងរបួសក្នុងជម្លោះនៅឡើយ ហើយប្រជាពលរដ្ឋវៀតណាមភាគច្រើននៅអ៊ុយក្រែនបានចាកចេញពីតំបន់ប្រយុទ្ធហើយកំពុងទៅកាន់ប្រទេសជិតខាងនានាដូចជា ប៉ូឡួញ រូម៉ានី ស្លូវាគី ជាដើម។ បណ្ដាស្ថាប័នតំណាងវៀតណាមកំពុងជួយការងារឯកសារ នីតិវិធីក្នុងដំណើរការឆ្លងចូល ឆ្លងកាត់ប្រទេស ការទទួលនិងការស្នាក់នៅ ក៏ដូចជាជួយឧបត្ថម្ភជាសម្ភារៈចាំបាច់សម្រាប់ប្រជាពលរដ្ឋផងដែរ។

ឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីស្ថានភាពដ៏ស្មុគស្មាញនាបច្ចុប្បន្ននៅអ៊ុយក្រែន អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖

វៀតណាមចែករំលែកទស្សនៈរបស់បណ្ដារដ្ឋមន្រ្តីការបរទេស នៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងសេចក្ដីថ្លែងការណ៍អំពីស្ថានភាពអាស៊ានកាលពីថ្ងៃទី២៦ កុម្ភៈ កន្លងទៅ និងសុន្ទរកថារបស់ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិនៅក្នុងកិច្ចប្រជុំបន្ទាន់របស់មហាសន្និបាតអ.ស.បកាលពីថ្ងៃទី១ ខែមីនា។ វៀតណាមគាំទ្រចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី ផ្អែកលើការគោរពគោលការណ៍ជាមូលដ្ឋាននានានៃធម្មនុញ្ញអ.ស.បនិងច្បាប់អន្តរជាតិ ជាពិសេសគឺគោលការណ៍គោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដីរបស់បណ្ដាប្រទេស មិនជ្រៀតជ្រែកទៅក្នុងកិច្ចការផ្ទៃក្នុង មិនប្រើប្រាស់ឬគំរាមកំហែងប្រើប្រាស់កម្លាំង។ វៀតណាមព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានការណ៍ជម្លោះប្រដាប់អាវុធនៅអ៊ុយក្រែន។ វៀតណាមអំពាវនាវឲ្យភាគីពាក់ព័ន្ធត្រូវការអត់ធ្មត់ បញ្ចប់ភ្លាមមួយរំពិចនូវការប្រើប្រាស់កម្លាំង ជៀសវាងការបង្កឡើងការខូចខាតដល់ជនស៊ីវិល។ វៀតណាមស្វាគមន៍កិច្ចសន្ទនារវាងភាគីទាំងពីរ ហើយមានបំណងថា បណ្ដាភាគីពាក់ព័ន្ធឆាប់រកបានដំណោះស្រាយសន្តិភាពដ៏យូរអង្វែងដោយឈរលើមូលដ្ឋានដ៏សមស្របនឹងច្បាប់អន្តរជាតិ ហើយគិតគូរពីសិទ្ធិនិងផលប្រយោជន៍របស់ភាគីពាក់ព័ន្ធទាំងអស់ផងដែរ


top