ព័ត៌មាន

ប្រជាជនរំលឹកវិញ្ញាណក្ខណ្ឌវីរយុទ្ធជនពលី នៅឧទ្យាន ឡេ ធីរៀង

នាព្រឹកថ្ងៃទី ២៣ ខែកក្កដា នៅឧទ្យានឡេ ធីរៀង តំណាងអង្គការ សមាគម កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន សិសស្សានុសិស្ស និងប្រជាជននៃទីក្រុងហូជីមិញ បានមកអុជធូបរំលឹកវិញ្ញាណក្ខណ្ឌវីរយុទ្ធជនពលីដែលបានពលីជីវិតក្នុងយុទ្ធនាការវាយប្រហារ និងក្រោកឈរឡើងទូទៅនានិទាឃរដូវឆ្នាំ១៩៦៨ និងគោរព វិញ្ញាណក្ខណ្ឌអដ្ឋិធាតុយុទ្ធជនពលីដែលទើបប្រមូលនិងជីកកកាយនៅក្នុងឧទ្យាន។

ក្នុងនាមជាអតីតយុទ្ធជន​ម្នាក់ដែលបានចូលរួមដោយផ្ទាល់នៅក្នុងការតស៊ូដណ្ដើម​ឯករាជ្យ លោកស្រី Tran Thi Bich Hoi ( អាយុ ៦៨ ឆ្នាំ) បានចែករំលែកថា៖ «ថ្ងៃនេះ នៅពេលបានឃើញអដ្ឋិធាតុរបស់បណ្តាយុទ្ធជនពលីត្រូវបាននាំយ​ក​ម​កវិញ ខ្ញុំទាំងមានចិត្តសប្បាយរីករាយ ទាំងមានក្តីរំភើបយ៉ាងខ្លាំង។ រំភើបដោយសារតែសមមិត្តទាំងអស់បានពលីជីវិតដើម្បីប្រជាជន និងដើម្បីប្រទេសជាតិ។ ខ្ញុំមានសេចក្តីដឹងគុណយ៉ាងជ្រាលជ្រៅ និងចងចាំ​សមមិត្ត​ទាំងឡាយជានិច្ច»។​

លោកស្រី Do Thi Thanh Huong ប្រជាជននៅទីក្រុងហូជីមិញម្នាក់ បាន​ឱ្យដឹងថា៖ «ចាប់តាំងពីមានដំណឹងថា នៅទីនេះបានរកឃើញអដ្ឋិធាតុយុទ្ធជនពលី គឺយើង​ខ្ញុំបានមកអុជធូបហើយ​។ យើងសង្ឃឹមថា នឹងអាចនាំលោកពូ អ្នកមីង ទាំងអស់​វិល​ត្រឡប់មក​និង​ក្រុម​​គ្រួសារវិញក្នុងពេលឆាប់ៗ។ ជា​រៀងរាល់ថ្ងៃ យើងតែងតែតាមដានរាល់ព័ត៌មានអំពីសកម្មភាពស្វែងរក ដើម្បីមើលថា តើបាននាំយុទ្ធជនពលីប៉ុន្មាន​រូបបន្ថែមទៀតត្រឡប់មកវិញ»។​

ដើម​​ធូប​នីមួយៗដែលត្រូវបានអុជនៅថ្ងៃនេះ មិនត្រឹមតែជាពាក្យជូនដំណើរអ្នកដែល­បានលាចាកលោកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបន្តប្រពៃណីសិលធម៌ «ផឹកទឹកនឹកដល់ប្រភពដើម​» របស់ប្រជាជាតិ ដោយ​រំលឹកដល់ជំនាន់ក្រោយអំពីតម្លៃនៃសន្តិភាព​ថ្ងៃនេះ ដែលត្រូវប្តូរយកដោយសាច់ស្រស់ឈាមស្រស់របស់បណ្តាវីរយុទ្ធជនពលី៕​


top