ព័ត៌មាន

ប៉ូឡូញប្រកាសធ្វើជាម្ចាស់ផ្ទះនៃ "សន្និសីទសកល" ស្តីពីការស្ថាបនាឡើងវិញអ៊ុយក្រែន

នាថ្ងៃទី ៣ ខែកុម្ភៈ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានប្រកាសថា ប្រទេសរបស់លោកនឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទសកលស្តីពីការស្ថាបនាឡើងវិញអ៊ុយក្រែននៅខែមិថុនានៅទីក្រុង Gdansk ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជួយឧបត្ថម្ភអ៊ុយក្រែនក្រោយជម្លោះ។

ថ្លែងទៅកាន់សារព័ត៌មាន លោកនាយករដ្ឋមន្ត្រី Donald Tusk បានឲ្យដឹងថា ព្រឹត្តិការណ៍នេះត្រូវបានរំពឹងថានឹងមានប្រតិភូរាប់រយនាក់មកពីជុំវិញពិភពលោក រួមទាំងមេដឹកនាំនយោបាយ អ្នកជំនាញសេដ្ឋកិច្ច ធុរជន និងតំណាងសាជីវកម្មធំៗ។ សន្និសីទនេះនឹងផ្តោតការពិភាក្សាលើការស្ថាបនាឡើងវិញក្រោយជម្លោះ រួមទាំងការវាយតម្លៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំផែនការវិនិយោគក្នុងវិស័យសំខាន់ៗដូចជា ថាមពល ការដឹកជញ្ជូន និងកសិកម្ម ក៏ដូចជាវិធានការដើម្បីការពារសន្តិសុខរយៈពេលវែង។

សេចក្តីប្រកាសរបស់នាយករដ្ឋមន្ត្រីប៉ូឡូញលោក Donald Tusk អំពី "សន្និសីទសកល" ស្តីពីការស្ថាបនាឡើងវិញអ៊ុយក្រែន ត្រូវបាននាំចេញក្នុងបរិបទដែលមានសញ្ញាវិជ្ជមាននៅក្នុងការចរចាដើម្បីដោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែន។ កិច្ចចរចាជុំទីពីររវាងអ៊ុយក្រែន រុស្ស៊ី និងសហរដ្ឋអាមេរិកស្តីពីការបញ្ឈប់ជម្លោះនៅអ៊ុយក្រែនត្រូវបានរំពឹងថា នឹងធ្វើឡើងនៅសប្តាហ៍នេះ។ កិច្ចចរចាជុំនេះបន្តមានគោលបំណងស្វែងរកដំណោះស្រាយដែលអាចធ្វើទៅបាន សម្រាប់ចំពោះជម្លោះនៅអ៊ុយក្រែន៕


top