ព័ត៌មាន

បំផុសនូវសេចក្តីប្រាថ្នា និងការច្នៃប្រឌិតដ៏ខ្លាំងក្លារបស់យុវជន

នាព្រឹកថ្ងៃទី ១៥ ធ្នូ នៅមជ្ឈមណ្ឌលសន្និសិទ្ធិជាតិ (នៃទីក្រុងហាណូយ) បានប្រព្រឹត្តទៅយ៉ាងឧឡារិកនៃមហាសន្និបាតទូទាំងប្រទេសនៃតំណាងសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ អាណត្តិ ២០២២ - ២០២៧។
  អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញចូលរួមសម័យប្រជុំនៃមហាសន្និបាត (រូបថត៖ Van Hieu/VOV)  

អញ្ជើញចូលរួមមហាសន្និបាត មានវត្តមានអគ្គលេខាបក្ស លោក Nguyen Phu Trong, ប្រធានរដ្ឋ លោក Nguyen Xuan Phuc, ប្រធានរដ្ឋសភា លោក Vuong Dinh Hue រួមជាមួយថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម និងគណៈប្រតិភូជិត ១.០០០ នាក់ តំណាងឲ្យកម្មាភិបាល  សមាជិក សម្ព័ន្ធយុវជននិងយុវជនវៀតណាមទាំងក្នុង និងក្រៅប្រទេស។

ជាមួយនឹងពាក្យស្លោកសកម្មភាព “សេចក្តីប្រាថ្នា-ត្រួសត្រាយ – សាមគ្គីភាព – ក្លាហាន– ច្នៃប្រឌិត” មហាសន្និបាតជាតិលើកទី១២ នៃសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ បានធ្វើការបូកសរុបនូវការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាត សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ លើកទី ១១  (អាណត្តិ ២០១៧- ២០២២) កំណត់គោលដៅ ភារកិច្ច និងដំណោះស្រាយសម្រាប់ការងារយុវជន និងចលនាយុវជន អាណត្តិ ២០២២-២០២៧។

ទិដ្ឋភាពនៃសន្និបាត

របាយការណ៍នយោបាយដែលបង្ហាញនៅមហាសន្និបាតបានបញ្ជាក់ថា ក្នុងរយៈពេល៥ឆ្នាំមកនេះ ទន្ទឹមនឹងការអភិវឌ្ឍន៍ប្រទេស យុវជនមានការអភិវឌ្ឍយ៉ាងទូលំទូលាយ។ សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានបន្តអភិវឌ្ឍ បង្ហាញយ៉ាងច្បាស់នូវតួនាទី ភារកិច្ចរបស់ខ្លួន និងរួមចំណែកសក្តិសមចំពោះសមិទ្ធិផលរួមរបស់ប្រទេសជាតិ។ របាយការណ៍បានកំណត់ទិសដៅ ភារកិច្ច និងដំណោះស្រាយសម្រាប់ការងារ និងចលនារបស់យុវជនសម្រាប់អាណត្តិ ២០២២-២០២៧ ដែលក្នុងនោះចែងយ៉ាងច្បាស់អំពីគោលដៅកសាងយុវជនជំនាន់ថ្មីប្រកបដោយឧត្តមគតិបដិវត្តន៍ និងភាពក្លាហាននយោបាយ   សម្បូរដោយសេចក្តីស្នេហាជាតិ; គុណធម៌, ស្រឡាញ់សន្តិភាព; មានចំណេះដឹង សុខភាពរឹងមាំ មហិច្ឆតា និងសេចក្តីប្រាថ្នាអភិវឌ្ឍន៍ឈានទៅមុខ។

អញ្ជើញថ្លែងមតិនៅមហាសន្និបាត អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់លើតម្រូវការប្រតិបត្តិការសម្រាប់សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញក្នុងបរិបទថ្មី។

“លើកកំពស់ការអប់រំយុវជនជំនាន់ក្រោយអំពីឧត្តមគតិបដិវត្តន៍ អប់រំសីលធម៌ របៀបរស់នៅវប្បធម៌ លើកកំពស់សេចក្តីស្នេហាជាតិ មោទនភាពជាតិ បណ្តុះមហិច្ឆិតា   លើកតម្កើងស្មារតីទទួលខុសត្រូវជាមួយប្រទេសជាតិ និងសង្គម កសាងបរិយាកាស និងលក្ខខណ្ឌក្នុងការរៀនសូត្រ កម្លាំងពលកម្ម និងការបណ្តុះបណ្តាលសម្រាប់ការអភិវឌ្ឍដោយតម្លាភាពយ៉ាងពេញលេញ ទាំងខាងសម្ភារៈនិងខាងស្មារតី រួមទាំងតម្លៃសោភាទៀតផង។ ជាមួយគ្នានោះ បង្កើតកម្លាំងចលករក៏ដូចជាទឹកចិត្តយុវជនឱ្យមានការបំផុសគំនិតក្នុងការរៀនសូត្រ ធ្វើការ   ការចាប់ផ្តើមអាជីវកម្ម ស្ទាត់ជំនាញចំណេះដឹងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប លើកកម្ពស់តួនាទីសំខាន់របស់យុវជនក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ”។ នេះបើយោងតាមប្រសាសន៍របស់លោកអគ្គលេខាបក្ស។

លោកអគ្គលេខាបក្សបានអំពាវនាវដល់សម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ សមាជិក សម្ព័ន្ធយុវជនទាំងអស់ និងយុវជនវៀតណាមទាំងក្នុងនិងក្រៅប្រទេស ជំរុញយ៉ាងខ្លាំងក្លានូវស្មារតីស្នេហាជាតិ ស្មារតីគោរពជាតិ  តម្លៃវប្បធម៌វៀតណាម ភាពស្វាហាប់របស់យុវជនក្នុងការច្នៃប្រឌិត  ប្រឡងប្រណាំងសម្រេចបានស្នាដៃច្រើន អនុវត្តដោយជោគជ័យនូវសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតជាតិលើកទី១២ របស់សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ រួមចំណែកសម្រេចបាននូវគោលដៅកសាងប្រទេសជាតិ អភិវឌ្ឍន៍ វិបុលភាព សុភមង្គល៕


top