ព័ត៌មាន

បំផុស “សប្តាហ៍អាវផាយ” ឆ្នាំ ២០២៤ និងកម្មវិធីសិល្បៈ “ព៌ណ៌សម្រស់នៃអាវផាយវៀតណាម”

នាយប់ថ្ងៃទី ២៩ ខែកុម្ភៈ នៅទីក្រុងហាណូយ មជ្ឈិមសម្ព័ន្ធសមាគមនារីវៀតណាម បានរៀបចំកម្មវិធី “សប្តាហ៍អាវផាយ” ឆ្នាំ ២០២៤ និងកម្មវិធីសិល្បៈ “ពណ៌សម្រស់នៃអាវផាយវៀតណាម”។ អតីតប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងអនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានអញ្ជើញចូលរួមកម្មវិធីនេះ។
ការសម្តែងសិល្បៈ “ពណ៌សម្រស់នៃអាវផាយវៀតណាម” (រូបថត៖ Phuong Hoa/TTXVN)

ថ្លែងមតិក្នុងពិធីបើក ប្រធានសម្ព័ន្ធសមាគមនារីវៀតណាម លោកស្រី Ha Thi Nga បានចាត់ទុកថា មហោស្រពអាវផាយ គឺជាសកម្មភាពដើម្បីរួមចំណែកលើកតម្កើងតម្លៃរបស់អាវផាយវៀតណាម; ជម្រុញក្តីស្រឡាញ់ មោទនភាព និងទំនួលខុសត្រូវក្នុងការថែរក្សា និងលើកកំពស់តម្លៃបេតិកភណ្ឌអាវផាយក្នុងសហគមន៍។ ទន្ទឹមនឹងនោះ ក៏ជាឱកាសដើម្បីឧទ្ទេសនាមអំពីវប្បធម៌ ប្រទេសជាតិ និងប្រជាជនវៀតណាមនិយាយរួម និងស្ត្រីវៀតណាមនិយាយដោយឡែកទៅកាន់មិត្តភ័ក្តិជាតិ និងអន្តរជាតិ៖

“សម្ព័ន្ធសមាគមនារីវៀតណាម មានបំណងចង់រួមចំណែកបំផុសគំនិត និងផ្សព្វផ្សាយសារដ៏មានអត្ថន័យ និងវិជ្ជមានអំពីសេចក្តីស្រឡាញ់ មោទនភាពជាតិ អំពីប្រទេសជាតិ ប្រជាជន និងអាវផាយវៀតណាម ទៅកាន់មហាជន។ ទន្ទឹមនឹងនោះ រួមចំណែកលើកតម្កើងតម្លៃរបស់អាវផាយឲ្យឆាប់ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ ហើយជាងនេះទៅទៀតជាបេតិកភណ្ឌវប្បធម៌ពិភពលោក។ យើងគួរតែរួមដៃគ្នាផ្សព្វផ្សាយរូបភាពអាវផាយឲ្យទូលំទូលាយ ដើម្បីរួមចំណែកអភិរក្ស និងលើកតម្កើងតម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិវៀតណាម”។

“សប្តាហ៍អាវផាយ”  ឆ្នាំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៨ ខែមិនា ទូទាំងប្រទេស ដើម្បីបន្តផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុងសហគមន៍ និងជម្រុញការទទួលខុសត្រូវក្នុងការអភិរក្ស និងផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌វៀតណាម៕


top