ព័ត៌មាន

បើក​ទិវាបុណ្យផ្លែស្វាយ Yen Chau លើកទី៥ ឆ្នាំ ២០២៤

នាព្រឹកថ្ងៃទី ៨ ខែមិថុនា នៅភូមិ Kha ឃុំ Sap Vat ស្រុក Yen Chau ខេត្ត Son La បានប្រព្រឹត្តិទៅពិធីបើកទិវាបុណ្យផ្លែស្វាយលើកទី ៥ ឆ្នាំ ២០២៤។ អញ្ជើញចូលរួមពិធីបើកមានលោក Nguyen Thanh Cong អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត; ថ្នាក់ដឹកនាំមន្ទីរ និងស្ថាប័នមួយចំនួនរបស់ខេត្ត ថ្នាក់ដឹកនាំឃុំនិងទីរួមស្រុក នានាក្នុងស្រុក Yen Chau និងភ្ញៀវទេសចរទាំងជិតទាំងឆ្ងាយផងដែរ។
ការសម្តែងសិល្បៈនៅក្នុងពិធីបើក។ រូបថត៖ baosonla

ថ្លែងក្នុងពិធីបើកទិវាបុណ្យ លោក Lu Van Cuong ប្រធានគណៈកម្មាធិការប្រជាជនស្រុក Yen Chau បានឲ្យដឹងថា ផ្លែស្វាយមូល Yen Chau មានភាពល្បីល្បាញដោយរសជាតិឈ្ងុយឆ្ងាញ់ពិសេស ហើយត្រូវបាន នាយកដ្ឋានកម្មសិទ្ធិបញ្ញា ប្រគល់វិញ្ញាបនបត្រចុះបញ្ជីការណៃនាំទីតាំងភូមិសាស្ត្រនៅលើប្រព័ន្ធអត្តសញ្ញាណម៉ាកយីហោ។ ផ្លែស្វាយ Yen Chau ត្រូវបានផ្តល់លេខកូដតំបន់ដាំដុះចំនួន ២៤ ហើយត្រូវបាននាំចេញទៅកាន់ទីផ្សារដ៏តឹងរឹងដូចជា អូស្ត្រាលី អង់គ្លេស អាមេរិក និងចិន។


“ទិវាបុណ្យផ្លែស្វាយ Yen Chau ឆ្នាំ ២០២៤ ប្រព្រឹត្តទៅនៅថ្នាក់ស្រុក ដោយមានសកម្មភាពសំខាន់ៗដូចជា៖ ការឧទ្ទេសនាមនិងតាំងបង្ហាញស្តង់របស់ឃុំនិងទីរួមស្រុក ការប្រកួតបេះផ្លែស្វាយ របាំ Xoe និងការទស្សនាចម្ការស្វាយនិងសកម្មភាពផ្សេងៗទៀត។ ទិវាបុណ្យ ត្រូវបានរៀបចំឡើងនៅពេលដែលផ្លែស្វាយកំពុងទុំ ដើម្បីផ្សព្វផ្សាយម៉ាកយីហោស្វាយ Yen Chau និងលើកតម្កើងកសិករដាំស្វាយ រួមចំណែកឧទ្ទេសនាមអំពីទឹកដីនិងរូបភាពរបស់ Yen Chau ទៅកាន់មិត្តភ័ក្តិនិងភ្ញៀវទេសចរទាំងក្នុងនិងក្រៅប្រទេស ជាបុព្វបទដើម្បីជំរុញទេសចរណ៍ជនបទនៅភូមិ Kha និងទេសចរណ៍ស្រុក Yen Chau អភិវឌ្ឍឲ្យបានសក្តិសមទៅនឹងសក្តានុពល និងគុណសម្បត្តិរបស់ស្រុក”។

តាងនាមថ្នាក់ដឹកនាំខេត្ត Son La ថ្លែងមតិក្នុងពិធីបើក លោក Nguyen Thanh Cong អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Son La បានសង្កត់ធ្ងន់ថា៖ “តាមរយៈទិវាបុណ្យផ្លែស្វាយ យើងបន្តរៀបចំផលិតកម្មឲ្យបានល្អ។ ប្រជាជនស្រុក Yen Chau បានចេះពីបៀបដាំផ្លែព្រូនឲ្យបានឆ្ងាញ់ …ហើយផ្លែស្វាយក៏ត្រូវធ្វើដូចគ្នាដែរ គឺបន្តរៀបចំផលិតកម្មដើម្បីឱ្យផ្លែស្វាយមានទិន្នផលនិងគុណភាពល្អបំផុត។ បន្ទាប់មក តាមរយៈផ្លែស្វាយ នាំយកតម្លៃវប្បធម៌ទៅកាន់ខេត្ត ក្រុងនានា និងទៅកាន់ទីផ្សារអន្តរជាតិ។ មនុស្សម្នាក់ៗនាំយកផ្លែស្វាយទៅលក់គឺនាំយកវប្បធម៌របស់ប្រជាជន Son La ទៅកាន់ទូទាំងប្រទេសនិងពិភពលោក។ ទិវាបុណ្យស្វាយម្តងៗ គឺជាសារមួយអំពីផលិតកម្មកសិកម្មរបស់ Son La ការនាំយកកត្តាវប្បធម៌ និងមនុស្ស Son La ខិតជិតមកប្រជាជន ភ្ញៀវទេសចរនិងមិត្តភក្តិអន្តរជាតិ”។

ទិវាបុណ្យផ្លែស្វាយត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដោយស្រុក Yen Chau ចាប់តាំងពីឆ្នាំ ២០១៧មក។ ទិវាបុណ្យផ្លែស្វាយឆ្នាំនេះបានប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ (ថ្ងៃទី ៨ និងទី ៩ ខែមិថុនា) ។

ស្រុក Yen Chau មានផ្ទៃដីដាំដើមឈើហូបផ្លែជាង១១.០០០ហិកតា ក្នុងនោះផ្ទៃដីដាំស្វាយមានជាង៣.០០០ហិកតា។ ទិន្នផលស្វាយនៃស្រុកទាំងមូលក្នុងឆ្នាំនេះត្រូវបានប៉ាន់ប្រមាណមានចំនួនជាង ១៥.០០០ តោន ដែលនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់៕


top