ព័ត៌មាន

បើកសន្និសិទសមាជិកសភាវ័យក្មេងសកលលើកទី៩

អគ្គលេខាបក្ស លោក Nguyen Phu Trong, ប្រធានរដ្ឋលោក Vo Van Thuong និងនាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញផ្ញើកន្ត្រកផ្កា អបអរសាទរជូនអង្គសន្និសីទ។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងមតិក្នុងពិធីបើកសន្និសីទ (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ពិធីបើកសន្និសីទសមាជិកសភាវ័យក្មេងជាសកលលើកទី ៩ ក្រោមប្រធានបទ៖ តួនាទីរបស់យុវជនក្នុងការជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍ ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាតជាតិនៃទីក្រុងហាណូយ។ អគ្គលេខាបក្ស លោក Nguyen Phu Trong, ប្រធានរដ្ឋលោក Vo Van Thuong និងនាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញផ្ញើកន្ត្រកផ្កា អបអរសាទរជូនអង្គសន្និសីទ។ អញ្ជើញជាសហអធិបតីក្នុងពិធីបើកមានប្រធានរដ្ឋសភា វៀតណាមលោក Vuong Dinh Hue, ប្រធានសហភាពអន្តរសភា (IPU) លោក Duarte Pacheco និងសមាជិកសភាវ័យក្មេងជាង ៤០០ នាក់ រួមទាំងប្រតិភូមកពីសភាសមាជិក IPU ជាង ៧០ នាក់ តំណាងអង្គការអន្តរជាតិ សមាជិកគណៈប្រតិភូរដ្ឋសភាវ័យក្មេងវៀតណាមបានចូលរួមក្នុងសន្និសីទនេះ។

ថ្លែងមតិក្នុងពិធីបើកសន្និសីទ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖ វៀតណាមមានកិត្តិយស និងមោទនភាពជាខ្លាំងដែលត្រូវបានសហភាពសភាពិភពលោកជ្រើសរើសជាប្រទេសម្ចាស់ផ្ទះ រៀបចំសន្និសីទសមាជិក សភាវ័យក្មេងជាសកលលើកទី៩។តាមរយៈសន្និសីទនេះ វៀតណាមមានបំណងចង់បញ្ជាក់ពីការចូលរួមយ៉ាងសកម្ម  និងការទទួលខុសត្រូវរបស់វៀតណាមក្នុង IPU។ ទន្ទឹមនឹងនោះ ក៏បង្ហាញពីអាទិភាព និងការយកចិត្តទុកដាក់ពិសេសរបស់វៀត ណាមចំពោះយុវជន និងបញ្ហាសកលនៃយុវជននាពេលបច្ចុប្បន្ន

ក្រោមប្រធានបទ តួនាទីរបស់យុវជនក្នុងការជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព តាមរយៈការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍ និងសម័យប្រជុំពិភាក្សាតាមប្រធានបទ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់លើគោលដៅសំខាន់ៗមួយចំនួនដែលសន្និសីទត្រូវឆ្ពោះទៅរក នោះគឺ៖ អ្វីដែលត្រូវធ្វើ និងរបៀបធ្វើយ៉ាងដូចម្ត៉េច ដើម្បីអនុវត្តតាម និងធានាច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលជាលក្ខខណ្ឌគន្លឹះក្នុងការរក្សា និងពូនជ្រុំសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព; តួនាទីរបស់ប្រទេសអភិវឌ្ឍន៍ អង្គការអន្តរជាតិ សហគមន៍ធុរកិច្ច និងយុវជនក្នុងការដោះស្រាយបញ្ហាសកល; ការលើកកំពស់តម្លៃវប្បធម៌ និងមនុស្សក្នុងការអភិវឌ្ឍប្រកបដោយចីរភាព លើកកម្ពស់ការគោរពភាពចម្រុះនៃវប្បធម៌ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤; IPU ស្រាវជ្រាវដើម្បីបង្កើតបណ្តាញសកលនៃសមាជិកសភាវ័យក្មេងលើការច្នៃប្រឌិតដើម្បីផ្លាស់ប្តូរ និងរៀនសូត្រពីបទពិសោធន៍របស់គ្នាទៅវិញទៅមក។

ក្នុងសារផ្ញើទៅកាន់សន្និសីទសមាជិកសភាវ័យក្មេងជាសកលលើកទី៩ លោកប្រធានរដ្ឋ Vo Van Thuong បានបញ្ជាក់ថា៖ ខ្ញុំសូមកោតសរសើរចំពោះប្រធានបទនៃសន្និសីទលើកនេះ ដែលបានឆ្លុះបញ្ចាំងពីកង្វល់រួមរបស់ប្រទេសនីមួយៗ អំពីរបៀបទាញយកអត្ថប្រយោជន៍ពីសមិទ្ធិផលលេចធ្លោដែលវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នាំយកមក ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងតំណរតភ្ជាប់អន្តរជាតិ ដើម្បីពន្លឿនការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ទន្ទឹមជាមួយគ្នានោះ បើកទូលាយការចូលរួមរបស់យុវជនក្នុងការដោះស្រាយបញ្ហាជាសកល រួមចំណែកដល់សន្តិភាព និងភាពរីកចម្រើនរុងរឿងសម្រាប់ប្រទេសទាំងអស់ក្នុងពិភពលោក

លោកប្រធានរដ្ឋបានសម្តែងនូវទំនុកចិត្តថា រដ្ឋសភាវៀតណាមនឹងបន្តសហការជាមួយសភានៃប្រទេសនានា ដើម្បីប្រែក្លាយអនុសាសន៍ និងសេចក្តីសម្រេចនានារបស់សហភាពសភាពិភពលោកនិយាយរួម និងសន្និសីទសមាជិកសភាវ័យក្មេងជាសកល និយាយដោយឡែក ទៅជាសកម្មភាពជាក់ស្តែង ដោយហេតុនេះរួមចំណែកជាក់ស្តែងនិងប្រកបដោយប្រសិទ្ធភាពចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និងពិភពលោក៕


top