ព័ត៌មាន

បុគ្គលឆ្នើមចំនួន ១០ រូប ទទួលបានពានរង្វាន់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា Golden Globe

នាយប់ថ្ងៃទី ២៧ វិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយ និស្តហូជីមិញ សហការជាមួយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានរៀបចំពិធីប្រគល់ពានរង្វាន់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Golden Globe និងពានរង្វាន់សម្រាប់និស្សិតស្រីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមឆ្នាំ២០២២។
អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកចលនាមហាជនលោក Pham Tat Thang និងលេខាទីមួយនៃមជ្ឈឹមសម្ព័ន្ធយុវជន លោក Bui Quang Huy បានប្រគល់រង្វាន់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Golden Globe ដល់អ្នកវិទ្យាសាស្ត្រវ័យក្មេង (រូបថត៖ hanoimoi.com.vn)

នៅក្នុងពានរង្វាន់នៅឆ្នាំនេះ  ក្រុមប្រឹក្សាពានរង្វាន់បានជ្រើសរើស និងប្រគល់ពានរង្វាន់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា GOLDEN GLOBE ដល់បុគ្គលឆ្នើមចំនួន ១០ រូប ក្នុងវិស័យចំនួន ៥ រួមមាន៖ បច្ចេកវិទ្យាព័ត៌មាន ការផ្លាស់ប្តូរឌីជីថលនិងស្វ័យប្រវត្តិកម្ម;  បច្ចេកវិទ្យាវេជ្ជសាស្រ្តនិងឱសថ; ជីវបច្ចេកវិទ្យា; បច្ចេកវិទ្យាបរិស្ថាន; បច្ចេកវិទ្យាសម្ភារៈថ្មី។ បុគ្គលទទួលពានរង្វាន់លើកនេះ ម្នាក់ៗសុទ្ធតែមានសមិទ្ធិផលល្អៗ និងមានសំណង់ស្រាវជ្រាវជាមួយការអនុវត្តជាក់ស្តែងខ្ពស់។ លោក LUONG VAN THIEN សាស្ត្រាចារ្យនៅមហាវិទ្យាល័យព័ត៌មានវិទ្យា សាកលវិទ្យាល័យ PHENIKAA ទទួលជ័យលាភីពានរង្វាន់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា GOLDEN GLOBE បានចែករំលែកថា៖ “ក្នុងរយៈពេល ៥ ឆ្នាំធ្វើការនៅចក្រភពអង់គ្លេស ខ្ញុំមានសិទ្ធិទទួលបានការសិក្សាថ្មីៗជាច្រើន រួមទាំងការអនុវត្តបញ្ញាសិប្បនិមិត្តក្នុងការរចនាដ៏ល្អប្រសើរនៃបណ្តាញទូរគមនាគមន៍ 5G និង 6G។ ទាក់ទងនឹងប្រទេសវៀតណាម ខ្ញុំបានពង្រីកការស្រាវជ្រាវរបស់ខ្ញុំក្នុងវិស័យផ្សេងទៀត ហើយបានអនុវត្តនៅក្នុងអាជីវកម្ម និងមន្ទីរពេទ្យ។ ជាឧទាហរណ៍ ដំណោះស្រាយបញ្ញាសិប្បនិមិត្តដែលវិភាគលើប្រព័ន្ធភាពស៊ាំជួយឱ្យវេជ្ជបណ្ឌិតធ្វើការវិនិច្ឆ័យទាន់ពេលវេលា និងត្រឹមត្រូវបំផុត ជំនួសឱ្យការផ្តល់ប៉ារ៉ាម៉ែត្រច្រើនពេក ដែលវាចំណាយពេលវេលា និងប្រភពធនធានច្រើន”។

នៅក្នុងពិធីនេះ គណៈកម្មាធិការរៀបចំក៏បានប្រគល់រង្វាន់ដល់និស្សិតស្រីផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម ដល់និស្សិតស្រីឆ្នើមចំនួន២០នាក់។ ទាំងនេះគឺជានិស្សិតស្រីដែលមានសមិទ្ធិផលសិក្សាដ៏ល្អ  ជាមួយនឹងអត្ថបទដែលបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្ដី និងបង្ហាញក្នុងសិក្ខាសាលាដ៏មានកិត្យានុភាពទាំងជាតិនិងអន្តរជាតិ៕


top