លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ផ្ទេរតួនាទីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល P4G លើកទី៥ ដល់នាយករដ្ឋមន្ត្រីអេត្យូពីលោក Abiy Ahmed Ali។ (រូបថត៖ VNA)
អង្គប្រជុំបានអនុម័តលើ “សេចក្តីថ្លែងការណ៍ទីក្រុងហាណូយស្តីពីការធ្វើបរិវត្តកម្មបៃតងប្រកបដោយនិរន្តរភាព ប្រកាន់យកមនុស្សធ្វើជាស្នូល” និង “សេចក្តីថ្លែងការណ៍ P4G ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការ យន្តការពហុភាគី ក្នុងបរិវត្តកម្មបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព”។
ក្នុងសុន្ទរកថាបិទកិច្ចប្រជុំ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអះអាងនូវលទ្ធផលជាឯកឆ័ន្ទចំនួន ៥ ដែលអង្គប្រជុំសម្រេចបាន។ នោះគឺជាឯកឆ័ន្ទលើការកៀងគរហិរញ្ញវត្ថុដើម្បីជំរុញការធ្វើបរិវត្តកម្មបៃតង ការអភិវឌ្ឍប្រកបដោយនិរន្តរភាព គំរូសហប្រតិបត្តិការសាធារណៈ-ឯកជន និងគោលនយោបាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត; ឯកឆ័ន្ទលើការលើកទឹកចិត្តដល់ការស្រាវជ្រាវ និងការអភិវឌ្ឍដំណោះស្រាយបច្ចេកវិទ្យាបៃតង; ឯកឆ័ន្ទលើការផ្លាស់ប្តូរប្រព័ន្ធកសិកម្ម និងស្បៀងអាហារប្រកបដោយនិរន្តរភាព; ឯកឆ័ន្ទលើការអភិវឌ្ឍនិងបណ្តុះបណ្តាលកម្លាំងពលកម្មដែលមានគុណភាពខ្ពស់; ឯកឆ័ន្ទលើការផ្លាស់ប្តូរថាមពលប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងមេត្រីភាពបរិស្ថាន។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា៖
“ខ្ញុំគោរពស្នើនិងអំពាវនាវដល់ប្រទេស អង្គការ និងសហគ្រាសនានា បង្កើនការសម្របសម្រួលជាមួយសមាជិក P4G។ រួមដៃគ្នានិងរួមចំណែកការទទួលខុសត្រូវរបស់យើងដើម្បីអនាគតបៃតងរបស់ពិភពលោក; ប្រែក្លាយការប្ដេជ្ញាចិត្តទៅជាសកម្មភាព ប្រែក្លាយគំនិតទៅជាគម្រោងជាក់ស្តែង។ រួមគ្នា យើងនឹងកសាងពិភពលោកកាន់តែបៃតង ស្អាត និងប្រសើរជាងមុន”។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ក៏បានផ្ទេរតួនាទីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល P4G លើកទី៥ ដល់នាយករដ្ឋមន្ត្រីអេត្យូពីលោក Abiy Ahmed Ali ក្នុងឆ្នាំ ២០២៧ ផងដែរ៕