ព័ត៌មាន

បរិយាកាស​រីករាយ​នៃ​ការ​ប្រកួតវេច​នំអន្សម​​វៀតណាម​នៅ​សិង្ហបុរី

ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ១៥ និងថ្ងៃទី ១៦ ខែមករា នៅទីស្នាក់ការនៃស្ថានទូតវៀតណាមប្រចាំប្រទេសសិង្ហបុរី បានប្រព្រឹត្តិទៅការប្រកួតធ្វើនំអន្សមនិងតុបតែង តាំងបង្ហាញផលិតផលក្រោមប្រធានបទ “បុណ្យតេតវៀតណាម” របស់អាណិកជនវៀតណាមដែលកំពុងរស់នៅ ធ្វើការ និងសិក្សារៀនសូត្រនៅសិង្ហបុរី។
 

ការប្រកួតធ្វើនំអន្សមបានទាក់ទាញការចូលរួមយ៉ាងសកម្ម ពីប្រជាជនវៀតណាមនិងមិត្តភក្តិអន្តរជាតិនៅសិង្ហបុរី។ (រូបថត៖ TTXVN)


នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាព “អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំខាលចត្វាស័ក” ដែលត្រូវបានស្ថានទូត វៀតណាមរួមជាមួយនាយកដ្ឋានទំនាក់ទំនងសហគមន៍ជន វៀតណាមនិងសមាគមនិស្សិតវៀតណាមប្រចាំប្រទេសសិង្ហបុរី រៀបចំឡើង។

ការប្រលងនេះបានទាក់ទាញក្រុមអ្នកចូលរួមចំនួន ១១ក្រុម ដែលក្រុមនីមួយៗមានសមាជិក ២នាក់ ដែលមានអាយុខុសៗគ្នា។ បរិយាកាសសប្បាយរីករាយនិងអ៊ូអរមិនខុសពីថ្ងៃទី៣០នៃបុណ្យតេតនៅស្រុកកំណើតឡើយ។ បន្ទាប់ពីកម្មវិធីប្រកួតធ្វើនំអន្សមរួចមក ក្រុមប្រកួត និងបងប្អូនអាណិកជន ភរិយាបុគ្គលិកស្ថានទូត រួមជាមួយស្ថាប័នតំណាង និងសមាជិកគណៈកម្មាធិការទំនាក់ទំនងបានបន្តធ្វើនំអន្សម ចំនួន ១០០  និងរៀបចំអំណោយបុណ្យតេតចំនួន ១០០ កញ្ចប់ ដើម្បីផ្តល់ជូនសិស្សនិងនិស្សិតវៀតណាមដែលកំពុងសិក្សារៀនសូត្រនៅប្រទេសសិង្ហបុរី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


 


top