ព័ត៌មាន

បន្តស្រាវជ្រាវ ស្រាយបំភ្លឺឲ្យបានច្បាស់នូវលក្ខណៈនៃគំរូកំណើនថ្មីរបស់វៀតណាម

នេះជាសំណើរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ក្នុងកិច្ចប្រជុំនៃអនុគណៈកម្មាធិការទទួលបន្ទុកឯកសារនៃមហាសន្និបាតលើកទី១៤ របស់បក្ស ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៥ ខែមីនា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (ទីក្រុងហាណូយ)។ អញ្ជើញចូលរួមក៏មានលោកប្រធានរដ្ឋ លឿង គឿង លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងលោកប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន ផងដែរ។
លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV)

ធ្វើសន្និដ្ឋាននៅកិច្ចប្រជុំ លោកអគ្គលេខាបក្ស តូ ឡឹម បានវាយតម្លៃថា សេចក្តីព្រាងរបាយការណ៍នយោបាយលើកនេះ ចាំបាច់ត្រូវបន្តស្រាវជ្រាវ ស្រាយបំភ្លឺឲ្យបានច្បាស់នូវលក្ខណៈនៃ “គំរូកំណើនថ្មី” របស់វៀតណាមក្នុងរយៈពេលខាងមុខ; ជាពិសេសសង្កត់ធ្ងន់លើកត្តាជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។ ក្នុងនោះ កំណត់ឱ្យបានត្រឹមត្រូវនូវតួនាទីនៃសមាសភាគសេដ្ឋកិច្ចនានា ដោយសង្កត់ធ្ងន់លើតួនាទីរបស់សេដ្ឋកិច្ចឯកជន ជាកម្លាំងចលករដ៏សំខាន់បំផុតសម្រាប់កំណើន GDP ការបង្កើនផលិតភាពការងារ និងការបង្កើតការងារធ្វើ។ លើសពីនេះ ត្រៀមរៀបចំឱ្យបានឆាប់លើហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សសម្រាប់គោលដៅកំណើនពីរខ្ទង់ក្នុងរយៈពេលខាងមុខ។

លោកអគ្គលេខាបក្ស បានស្នើឱ្យស្រាវជ្រាវ និងវាយតម្លៃឱ្យបានស៊ីជម្រៅបន្ថែមទៀត នូវលទ្ធផលនៃការអនុវត្តគោលជំហរអំពីការបង្រួមក្បាលម៉ាស៊ីនដឹកនាំនៃប្រព័ន្ធនយោបាយ និងការរៀបចំឡើងវិញនៃអង្គភាពរដ្ឋបាលគ្រប់លំជាន់ថ្នាក់ ដោយសង្កត់ធ្ងន់ថា នេះមិនត្រឹមតែជាការកែសម្រួលព្រំដែនរដ្ឋបាលប៉ុណ្ណោះទេ ថែមទាំងជាការកែសម្រួលលំហសេដ្ឋកិច្ច ការកែសម្រួលនូវការចាត់តាំង ធ្វើវិមជ្ឈការ បែងចែកនិងរួមបញ្ចូលគ្នានៃធនធានសេដ្ឋកិច្ចទៀតផង។

លោកអគ្គលេខាបក្ស តូ ឡឹម ក៏បានស្នើឱ្យបន្តធ្វើការវិភាគ ព្យាករណ៍ និងបំពេញបន្ថែមការវិវឌ្ឍន៍ថ្មីៗនៃស្ថានភាពពិភពលោក និងតំបន់ដែលប៉ះពាល់ដល់វៀតណាម ដើម្បីធានាថា ខ្លួនមិនត្រូវអកម្ម ឬភ្ញាក់ផ្អើលក្នុងស្ថានភាពណាមួយឡើយ។ ធ្វើបច្ចុប្បន្នភាពនូវសមិទ្ធិផលក្នុងវិស័យការពារជាតិ សន្តិសុខ កិច្ចការបរទេស ហើយកំណត់នូវទស្សនៈ ការតំរង់ទិស គោលនយោបាយ និងដំណោះស្រាយសម្រាប់រយៈពេលខាងមុខ; បង្ហាញឱ្យកាន់តែច្បាស់អំពីភាពម្ចាស់ការក្នុងការធ្វើសមាហរណកម្មអន្តរជាតិ; ការរួមចំណែកយ៉ាងសកម្មរបស់វៀតណាមចំពោះបញ្ហារួមរបស់ពិភពលោក និងតំបន់៕


top