ព័ត៌មាន

បន្តពង្រីកប្រសិទ្ធភាពសកម្មភាពនៃមូលនិធិដើម្បីសន្តិភាពនិងអភិវឌ្ឍវៀតណាម

 

នាថ្ងៃទី២៦ ខែតុលា នៅរដ្ឋធានីហាណូយ មូលនិធិសន្តិភាពនិងអភិវឌ្ឍវៀតណាមបានរៀបចំមហាសន្និបាតលើកទី៤ អាណត្តិ២០១៩ - ២០២៤ ដើម្បីបូកសរុបសកម្មភាពក្នុងអាណត្តិមុន ក៏ដូចជាពិភាក្សាអំពីទិសដៅសកម្មភាពនាពេលខាងមុខផងដែរ។


លោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹមថ្លែងនៅមហាសន្និបាត (រូបថត៖ dangcongsan.vn)

ថ្លែងនៅទីនេះ លោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការ ចលនាមហាជនមជ្ឈឹមបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើមបង្កើតមូលនិធិសន្តិភាពនិងអភិវឌ្ឍវៀតណាមរបស់អតីតអនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Binh កាលពីឆ្នាំ២០០៣ សំដៅរួមចំណែកបង្កើនការយល់ដឹងនិងទំនាក់ទំនងមិត្តភាពរវាងប្រជាជនវៀតណាមជាមួយប្រជាជនបណ្ដាប្រទេសដទៃ ក៏ដូចជារួមចំណែកទៅក្នុងបុព្វហេតុរួមរបស់ប្រជាជនក្នុងតំបន់និងលើពិភពលោកផងដែរ។ លោកស្រី Truong Thi Mai បានអះអាងថា៖


“ក្រុមប្រឹក្សាមូលនិធិនិងបុគ្គលប្រធានមូលនិធិលោកស្រី Nguyen Thi Binh បានផ្ដល់មតិដោយមានតម្លៃជាច្រើនសម្រាប់បក្សនិងរដ្ឋ ស្ដីពីបញ្ហានានាក្នុងវិស័យកិច្ចការបរទេសនិងអភិវឌ្ឍប្រទេសជាតិ។ ពីសកម្មភាពជាក់ស្ដែងនិងលទ្ធផលដែលសម្រេចបាន បានសរសេរអោយឃើញថា មូលនិធិបានពង្រីកយ៉ាងល្អនូវឋានៈតួនាទី រួមចំណែកយ៉ាងសកម្មទៅក្នុងកិច្ចការបរទេសប្រជាជនក្នុងសភាពការណ៍ថ្មី”។

មហាសន្និបាតបានឯកភាពបោះឆ្នោតជ្រើសតាំងលោក Ha Hung Cuong អតីតរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជាប្រធានមូលនិធិក្នុងអាណត្តិថ្មី។ លោកស្រី Nguyen Thi Binh អតីតអនុប្រធានរដ្ឋ ស្ថាបនិកនិងជាប្រធានមូលនិធិចាប់ ពីឆ្នាំ២០០៣ មកជាប្រធានកិត្តិយសនៃមូលនិធិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top