ព័ត៌មាន

បន្តការបញ្ជាក់ពីឋានៈរបស់វៀតណាម

ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ យើងទាំងអស់គ្នាប្រាថ្នាចង់បានអ្វីដែលល្អប្រសើរជាងនឹងមកដល់ក្នុងឆ្នាំថ្មីនេះ ពីព្រោះនៅឆ្នាំ ២០២១ កន្លងមក ពិភពលោកបានឆ្លងកាត់ភាពចលាចលជាច្រើន។ ជំងឺរាតត្បាតកូវីដ-១៩ បានជះឥទ្ធិពលអវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសទាំងអស់។

វៀតណាម ដែលជាប្រទេសមួយនៅតំបន់អាស៊ីអាគ្នេយ៍ក៏មិនស្ថិតនៅក្រៅវាលវដ្តសង្សារនៃជំងឺរាតត្បាត កូវីដ ១៩ នេះដែរ ប៉ុន្តែឆ្លងកាត់អ្វីៗទាំងអស់នេះ វៀតណាមនៅតែអះអាងពីឋានៈនិងកិត្យានុភាពរបស់ខ្លួនក្នុងវិស័យជាច្រើន។ នោះគឺជាមូលដ្ឋានគ្រឹះ ជាកម្លាំងចិត្តនិងការលើកទឹកចិត្តសម្រាប់វៀតណាម បន្តសន្ទុះអភិវឌ្ឍន៍របស់ខ្លួននៅឆ្នាំ ២០២២។

ក្នុងឆ្នាំ ២០២១ គោលនយោបាយការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន ការធ្វើពិពិធកម្មនិងពហុភាគីភាវូបនីយកម្មរបស់វៀតណាម បានបញ្ជាក់លើសារៈសំខាន់នៃការកសាងទំនាក់ទំនងរឹងមាំ ដោយផ្អែកលើការជឿទុកចិត្ត សុចរិតភាព ការគាំទ្រនិងកិច្ចសហប្រតិបត្តិការនិងឥទ្ធិពល។ ទោះបីជាមានការលំបាកដោយសារជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ក៏វៀតណាមនៅតែបំពេញភារកិច្ចកិច្ចការបរទេសប្រកបដោយជោគជ័យ រួមចំណែកលើកកំពស់និងពង្រឹងឋានៈរបស់ខ្លួនលើឆាកអន្តរជាតិ បម្រើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយប្រសិទ្ធភាព។

នៅឆ្នាំ២០២១ សកម្មភាពការទូតរបស់វៀតណាមត្រូវបានអនុវត្តន៍តាមវិធីសាស្រ្តត្រឹមត្រូវ។ ថ្នាក់ដឹកនាំរដ្ឋ រដ្ឋាភិបាល និងរដ្ឋសភាជាបន្តបន្ទាប់បានអញ្ជើញទៅទស្សនកិច្ចទ្វេភាគីនិងចូលរួមវេទិកាពហុភាគី។ លើកម្រិតពហុភាគី ក្នុងកិច្ចប្រជុំជាន់ខ្ពស់នៃមហាសន្និបាតនិងក្រុមប្រឹក្សាសន្តិសុខ ក៏ដូចជាសម័យប្រជុំសំខាន់ៗជាច្រើនទៀតរបស់អង្គការសហប្រជាជាតិ នាខែកញ្ញា ឆ្នាំ២០២១ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានបន្តអះអាងយ៉ាងមុតមាំ បញ្ជាក់យ៉ាងច្បាស់ចំពោះមិត្តអន្តរជាតិអំពីប្រទេសវៀតណាមមួយដែលស្រឡាញ់សន្តិភាព ប្រាថ្នាដើម្បីអភិវឌ្ឍនិងរឹងមាំបោះជំហានទៅមុខ។ សារនិងសំណើរបស់លោកប្រធានរដ្ឋបានបង្ហាញពីតួនាទី និងឋានៈរបស់វៀតណាមក្នុងព្រឹត្តិការណ៍ពហុភាគីដ៏ធំបំផុតនៅលើភពផែនដីនេះ។ ក៏ក្នុងឆ្នាំកន្លងទៅ ជាលើកទី២ ដែលវៀតណាមបានបញ្ចប់ដោយជោគជ័យនូវតួនាទីប្រធានក្រុមប្រឹក្សាសន្តិសុខប្រចាំខែ ក្នុងអាណត្តិជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដំណាក់កាល ២០២០- ២០២១។ ឯកអគ្គរដ្ឋ ទូត លោក Pham Quang Vinh បានវាយតម្លៃថា៖ជ“ក្នុងបរិបទពោរពេញទៅដោយការលំបាក រួមទាំងស្ថានភាពក្នុងតំបន់និងពិភពលោក ក៏ដូចជាជំងឺរាតត្បាត ទាំងនេះគឺជាសកម្មភាពប្រកបដោយការទទួលខុសត្រូវរបស់វៀតណាម។ ចូលរួមក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើកនេះ វៀតណាមបានដឹកនាំ សម្របសម្រួលយ៉ាងសកម្ម និងឆ្ពោះទៅចំបញ្ហាដែលពិភពលោក និងក្រុមប្រឹក្សាសន្តិសុខយកចិត្តទុកដាក់បំផុត”។

នៅក្នុងសន្និសីទលើកទី ២៦ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP26) វៀតណាមមានការប្តេជ្ញាចិត្តយ៉ាងមុតមាំនិងមានមតិប្រកបដោយការទទួលខុសត្រូវខ្ពស់លើការការពារបរិស្ថាន ការបន្សាំជាមួយការប្រែប្រួលអាកាសធាតុ។ យោងតាមអនុប្រធានបណ្តាញ Vietnam – UK,  លោក Paul Smith បានឲ្យដឹងថា គោលដៅសម្រេចបាននូវការបំភាយឧស្ម័នសូន្យសុទ្ធ ត្រឹមឆ្នាំ ២០៥០ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមក្នុងការចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជាសាកល ដើម្បីប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ព្រមទាំងបញ្ជាក់ពីតួនាទីដឹកនាំរបស់វៀតណាមលើតំបន់អាស៊ីអាគ្នេយ៍និងលើពិភពលោក អំពីបញ្ហាមួយមានលក្ខណៈសកល។ ដោយមានទស្សនៈដូចគ្នា ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅវៀតណាម  លោក Gareth Ward បានលើកមតិថា៖ “ការដែលវៀតណាមបានប្រកាសអំពីគោលដៅនៃការបំភាយឧស្ម័នសូន្យសុទ្ធ ត្រឹមឆ្នាំ ២០៥០ បានបង្ហាញពីការចាប់អារម្មណ៍លើភាពជាអ្នកដឹកនាំអំពីអាកាសធាតុរបស់ប្រទេសជាតិនិងបានផ្ញើសារដ៏សំខាន់មួយទៅកាន់សហគមន៍អន្តរជាតិ អំពីទិសដៅនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃសេដ្ឋកិច្ចវៀតណាម”។

ចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ គឺជាគោលនយោបាយធំរបស់បក្សនិងរដ្ឋ ដែលជាភារកិច្ចសំខាន់របស់កងទ័ពប្រជាជនវៀតណាមក្នុងយុគសម័យថ្មី ហើយរួមចំណែកជាក់ស្តែងចំពោះសន្តិភាពនិងសន្តិសុខក្នុងតំបន់ និងជុំវិញពិភពលោក។ នៅចុងឆ្នាំ ២០២១ ក្រសួងការពារជាតិបានផ្តល់សេចក្តីសម្រេចរបស់ប្រធានរដ្ឋដល់នាយទាហានដែលត្រៀមចេញដំណើរទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅសាធារ ណរដ្ឋស៊ូដង់ខាងត្បូង (UNMISS) និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល (MINUSCA) ដំណាក់កាល ២០២១-២០២២។ ក្នុងឆ្នាំ ២០២១នេះ វេជ្ជបណ្ឌិតចំនួន៧០នាក់នៃមន្ទីរពេទ្យបណ្តោះអាសន្នកម្រិតទី ២ និងទី ៣ របស់វៀតណាមបានធ្វើដំណើរទៅបំពេញភារកិច្ចអន្តរជាតិនៅស៊ូដង់ខាងត្បូង។ ឯត្តមសេនីយយ៍ឯកបម្រុងលោក Nguyen Chi Vinh អតីតអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានឲ្យដឹងថា៖ “ការបញ្ចូនមន្ទីរពេទ្យបណ្តោះអាសន្នមួយទៅកាន់ប្រទេសស៊ូដង់ខាងត្បូងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាម ខណៈដែលយើងបានចូលរួមក្នុងនាមជាមន្ទីពេទ្យបណ្តោះអាសន្ន មិនត្រឹមតែទាហានឯករាជ្យនោះទេ”។

 

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ថ្លែងមតិក្នុងកិច្ចពិភាក្សាជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ (រូបថត៖ TTXVN)
 
នៅឆ្នាំ ២០២១ គ្រូពេទ្យចំនួន ៧០ នាក់ មកពីមន្ទីរពេទ្យបណ្តោះអាសន្នលេខ ២ របស់វៀតណាម បានចេញដំណើរទៅបំពេញបេសកកម្មអន្តរជាតិនៅស៊ូដង់ខាងត្បូង (រូបថត៖ qdnd.vn)
 
រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son (រូបថត៖ dangcongsan.vn)
 
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Nguyen Hong Dien (រូបថត៖ nld.com.vn)


ជាប្រទេសមួយដែលធ្លាប់ឆ្លងកាត់សង្គ្រាមដើម្បីដណ្តើមឯករាជ្យជាតិ វៀតណាមតែងតែមានបំណងចង់រួមដៃគ្នាបង្កើតនិងរក្សាសន្តិភាពនៅក្នុងពិភពលោក។ ការចូលរួមរបស់វៀតណាមក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងបេសកកម្មគឺរួមចំណែកដល់ការសម្រេចបាននូវការប្តេជ្ញាចិត្តនយោបាយរបស់វៀតណាមក្នុងនាមជាសមាជិកដែលមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ត្រៀមខ្លួនជាស្រេចដើម្បីរួមដៃគ្នារក្សាបរិយាកាសសន្តិភាពនិងស្ថិរភាពសម្រាប់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក។

រូបភាពប្រទេសវៀតណាមមួយដែលមានទំនួលខុសត្រូវខ្ពស់ និងមានកិត្យានុភាព ត្រូវបានរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បញ្ជាក់យ៉ាងច្បាស់ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម។ ជាបន្តទៅនេះ យើងសូមអញ្ជើញប្រិយមិត្តតាមដានស្តាប់បទសម្ភាសន៍នេះ។

អ្នកយកព័ត៌មាន៖ សូមលោករដ្ឋមន្ត្រីវាយតម្លៃពីសមិទ្ធផលសំខាន់ៗនៃគោលនយោបាយការបរទេសរបស់វៀត ណាមក្នុងឆ្នាំ ២០២១ នេះ។

លោករដ្ឋមន្ត្រី៖ អាចនិយាយបានជាទូទៅថា យើងបានលើកកម្ពស់ទំនាក់ទំនងជាមួយដៃគូក្នុងលក្ខណៈសមកាលកម្ម ជាពិសេសជាមួយប្រទេសជិតខាង ដៃគូសំខាន់ៗ និងមិត្តភក្តិប្រពៃណី។ អាស្រ័យហេតុនេះ ពង្រឹងទំនុកចិត្ត បង្កើតការលើកទឹកចិត្តសម្រាប់ការអភិវឌ្ឍទំនាក់ទំនងជាមួយដៃគូជាច្រើន និងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងស្ថានភាពគោលនយោបាយការបរទេសប្រកបដោយស្ថិរភាព  រក្សាបាននូវបរិយាកាសសន្តិភាពនិងស្ថិរភាព ព្រមទាំងទាញយកប្រភពធនធានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិនិងលើកកំពស់ឋានៈ និងកិត្យានុភាពអន្តរជាតិរបស់វៀតណាម។ យើងបានបំពេញល្អនូវតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០- ២០២១។ ឆ្នាំ ២០២១ ក៏ជាឆ្នាំដ៏រីករាយមួយផងដែរ ដោយវៀតណាមត្រូវបានជាប់បោះឆ្នោតជាសមាជិកនៃអង្គការពហុភាគីដ៏មានកិត្យានុភាពជាច្រើនដូចជា គណៈកម្មការច្បាប់អន្តរជាតិ និងក្រុមប្រឹក្សាប្រតិបត្តិរបស់អង្គការយូណេស្កូ។ វៀតណាមក៏បានប្តេជ្ញាចិត្តប្រកបដោយការទទួលខុសត្រូវក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុនៅ COP 26 ផងដែរ។ ដូច្នេះ មិត្តភក្តិអន្តរជាតិក៏ពេញចិត្តចំពោះគំនិតផ្តួចផ្តើម និងការទទួលខុសត្រូវរបស់វៀត ណាមក្នុងការរួមចំណែកនេះ។ ម្យ៉ាងវិញទៀត យើងបានជំរុញការសន្ទនានិងការចរចាជាមួយប្រទេសពាក់ព័ន្ធ  ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីសម្រាប់ដោះស្រាយជម្លោះ រក្សាបរិយាកាសមិត្តភាព ការពារព្រំដែនសន្តិភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍។

អ្នកយកព័ត៌មាន៖ តើសមិទ្ធផលទាំងនេះបានរួមចំណែកដល់ការអភិវឌ្ឍក៏ដូចជាការលើកកំពស់ឋានៈ និងកិត្យានុភាពរបស់ប្រទេសជាតិក្នុងឆាកអន្តរជាតិយ៉ាងដូចម្ត៉េច លោករដ្ឋមន្ត្រី?

លោករដ្ឋមន្ត្រី៖ វិស័យការទូតរួមជាមួយនឹងភ្នាក់ងារនិងកងកម្លាំងបំពេញកិច្ចការបរទេសសម្រេចបាននូវសមិទ្ធិផលសំខាន់ៗជាច្រើន និងបានបន្សល់ទុកនូវសញ្ញាសម្គាល់ដ៏លេចធ្លោមួយលើវិស័យកិច្ចការបរទេស រួមចំណែកក្នុងការកសាងបុព្វបទ សក្ដានុពល កិត្យានុភាព និងឋានៈអន្តរជាតិ ដែលប្រទេសយើងមិនធ្លាប់មានពីមុនមក។ វៀតណាមបានបើកចំហដើម្បីពង្រីកនិងនាំទំនាក់ទំនងជាមួយដៃគូជាច្រើនកាន់តែស៊ីជម្រៅ។ រហូតមកដល់ពេលនេះ វៀតណាមមានទំនាក់ទំនងការទូតជាមួយប្រទេសចំនួន ១៨៩ មានទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយជាង ២៣០ ប្រទេស និងដែនដី មានទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនិងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយជាមួយប្រទេសចំនួន ៣០។ យើងបានទាញយកអត្ថប្រយោជន៍ពីបរិយាកាសអន្តរជាតិអំណោយផល ដើម្បីកៀរគរប្រភពធនធានខាងក្រៅសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ក្រសួងការបរទេសក៏បានផ្តល់ប្រឹក្សាជូនបក្ស រដ្ឋអំពីគោលនយោបាយចូលរួមក្នុងទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ។ នៅក្នុងបរិបទនៃការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺកូវីដ ១៩  នាពេលថ្មីៗនេះ តាមរយៈការលើកកម្ពស់ការទូតផ្នែកសុខាភិបាល និងការទូតវ៉ាក់សាំង យើងបានទាញយកអត្ថប្រយោជន៍ពីការគាំទ្រអន្តរជាតិទាន់ពេលវេលាអំពីវ៉ាក់សាំង ឧបករណ៍វេជ្ជសាស្ត្រនិងឱសថ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្ការនិងសម្របខ្លួនប្រកបដោយសុវត្ថិភាពទៅនឹងជំងឺរាតត្បាតកូវីដ ១៩។ ក្នុងសម័យសន្តិភាព យើងក៏បានដឹកនាំបង្កើតនិងពង្រឹងបរិយាកាសសន្តិភាព និងស្ថិរភាព ការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដីរបស់ប្រទេសជាតិ។

អ្នកយកព័ត៌មាន៖ សូមគោរពថ្លែងអំណរគុណលោករដ្ឋមន្ត្រី ដែលបានផ្តល់បទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម។

នៅឆ្នាំ២០២១ វៀតណាមនឹងបន្តធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចពិភព លោក។ ជាមួយនឹងកិច្ចព្រមព្រៀង FTA ជាច្រើន ដែលកំពុងត្រូវបានប្រតិបត្តិនិងចរចា វៀតណាមបានក្លាយជាចំណុចស្នូលនៃបណ្តាញតំបន់ពាណិជ្ជកម្មសេរីដ៏ធំមួយ ដែលស្រូបយក ៥៩% នៃចំនួនប្រជាជនពិភពលោក និងស្រូបយក ៦៨% នៃពាណិជ្ជកម្មសកល រួមចំណែកដល់ការកើនឡើងផលប្រយោជន៍របស់វៀតណាមជាមួយដៃគូឈានមុខគេភាគច្រើនក្នុងតំបន់ និងពិភពលោក។

ការបើកចំហរនៃសេដ្ឋកិច្ចវៀតណាមត្រូវបានចាត់ទុកថាគឺខ្ពស់បំផុតក្នុងពិភពលោក ជាមួយ នឹងសមាមាត្រនៃការនាំចេញនិងការនាំចូល លើផលិតផលក្នុងស្រុកសរុប (GDP) ជាង ២០០%។ ជាមួយគ្នានោះ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសមាហរណកម្មសេដ្ឋកិច្ចកម្រិតខ្ពស់បំផុត ដោយបានចូលរួមនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន ១៧។ ក្នុងនោះ លេចធ្លោគឺកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP); FTA រវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ហើយថ្មីៗនេះគឺ FTA រវាងវៀតណាម អង់គ្លេស និងអៀរឡង់ខាងជើង (UKVFTA)។

ថ្លែងមតិក្នុងសន្និសីទកិច្ចការបរទេសទូទាំងប្រទេសនាពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien បានសង្កត់ធ្ងន់ថា៖ “រហូតមកដល់ពេលនេះ វៀតណាមមានទំនាក់ទំនងពាណិជ្ជកម្មជាមួយដៃគូចំនួន ២២៤ និងទំនាក់ទំនងសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិជាង ៥០០, បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាង 90 និងកិច្ចព្រមព្រៀងជិត ៦០ ទៀត ស្តីពីការលើកទឹកចិត្តនិងគាំពារការវិនិយោគ; ចរចា ចុះហត្ថលេខានិងប្រតិបត្តិកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន ១៧។ ជាពិសេស វៀតណាមបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសឈានមុខគេក្នុងតំបន់ក្នុងការបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពហុភាគី”។

ប្រទេសជាតិបានឈានចូលដំណាក់កាលនៃការចូលរួមក្នុងសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិជាមួយនឹងផ្នត់គំនិតថ្មីទាំងស្រុង។ នៅឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មនៃការនាំចូលនិងនាំចេញ លើសពី ៦៦០ ពាន់លានដុល្លារអាមេរិក ដោយនាំវៀតណាមចូលក្នុងក្រុមប្រទេសដែលមានសេដ្ឋកិច្ចនាំមុខគេចំនួន ២០ អំពីពាណិជ្ជកម្មអន្តរជាតិ។  នាពេលខាងមុខ វៀតណាមនឹងផ្តល់អាទិភាពកំពូលដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀង FTA និងយន្តការសហប្រតិបត្តិការសេដ្ឋកិច្ចដែលវៀតណាមជាសមាជិក។ បន្ទាប់គឺត្រូវបន្តពង្រីកបណ្តាញតភ្ជាប់ សមាហរណកម្មសេដ្ឋកិច្ចទ្វេភាគីនិងពហុភាគីជាមួយដៃគូ និងអង្គការនានាជុំវិញពិភពលោក ដើម្បីនាំ វៀតណាមក្លាយជាចំណុចស្នូលនៃទំនាក់ទំនងសេដ្ឋកិច្ចលើឆាកអន្តរជាតិ ស្របតាមគោលនយោបាយការបរទេសរបស់បក្សនិងរដ្ឋ។ វៀតណាមក៏ខិតខំប្រឹងប្រែង និងចូលរួមយ៉ាងសកម្មក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធតំបន់ កសាងក្របខណ្ឌអភិបាលកិច្ចសេដ្ឋកិច្ច និងបទប្បញ្ញត្តិនៅកម្រិតតំបន់ អន្តរតំបន់ និងពិភពលោក ជាពិសេស រួមចំណែកប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហារួម ក្នុងនោះមានការធានានូវប្រព័ន្ធពាណិជ្ជកម្មពហុភាគីដោយសេរី បើកចំហ និងផ្អែកលើច្បាប់ ជំរុញការអភិវឌ្ឍន៍ចីរភាពប្រកបដោយបរិយាប័ន្ន។

អញ្ជើញថ្លែងក្នុងសន្និសីទកិច្ចការបរទេសជាតិនាខែធ្នូ ឆ្នាំ២០២១ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា “កោលជំហរនិងកម្លាំងពលំរបស់ប្រទេសជាតិឈរលើលក្ខណៈវិនិច្ឆ័យសំខាន់ៗ ដូចជា សេដ្ឋកិច្ច ចំនួនប្រជាជន ការពារជាតិនិងកិច្ចការបរទេសបានផ្លាស់ប្តូរយ៉ាងច្រើន ក្រោយរយៈពេល ៣៥ អនុវត្តន៍ការផ្លាស់ប្តូរថ្មី។

លោកអគ្គលេខាបក្សក៏បានសង្កត់ធ្ងន់ថា នាពេលខាងមុខ វៀតណាមត្រូវបន្តជំរុញតួនាទីត្រួសត្រាយផ្លូវរបស់ខ្លួនក្នុងការបង្កើតនិងរក្សាបរិយាកាសសន្តិភាព ស្ថិរភាព កៀងគរប្រភពធនធានខាងក្រៅ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ លើកកំពស់ឋានៈ និងកិត្យានុភាពរបស់ខ្លួន”។

ឆ្នាំ ២០២១ ជាមួយនឹងការលំបាកជាច្រើនបានកន្លងផុតទៅ។ ពិភពលោកកំពុងចាប់ផ្តើមឈានចូលឆ្នាំ ២០២២ ជាមួយនឹងក្តីសង្ឃឹមលើអ្វីៗ ដែលប្រសើរជាងមុននឹងមកដល់។

ហើយនៅក្នុងលំហូសម័យនោះ វៀតណាមនឹងបន្តសរសេរនូវគោលជំហរ និងកិត្យានុភាពរបស់ខ្លួនជាមួយនឹងគោលនយោបាយការបរទេសត្រឹមត្រូវនិងពោរពេញទៅដោយទំនួលខុសត្រូវ។

ក្នុងឱកាសផ្តើមឆ្នាំថ្មីឆ្នាំ ២០២២ សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អគ្គនាយកវិទ្យុជាតិវៀតណាម លោក Do Tien Sy បានផ្ញើជូនដល់មិត្តអ្នកស្តាប់អន្តរជាតិ និងជនរួមជាតិវៀតណាមដែលនៅឆ្ងាយពីប្រទេស សេចក្តីជូនពរជូនពរឆ្នាំថ្មី។

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


top