ព័ត៌មាន

បណ្ឌិត្យសភាសន្តិសុខប្រជាជន ត្រូវនាំមុខគេក្នុងការកសាងនិងសុក្រិតគោលលទ្ធិអំពីការការពារសន្តិសុខជាតិ

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានចូលរួមក្នុងពិធីអបអរសាទរខួបលើកទី ៨០ ទិវាប្រពៃណីនៃបណ្ឌិត្យសភាសន្តិសុខប្រជាជន។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម រួមជាមួយគណៈប្រតិភូ ចូលរួមពិធីអបអរសាទរខួប។ រូបថត៖ ក្រសួងនគរបាល

នាព្រឹកថ្ងៃទី ២២ ខែមិថុនា នៅទីក្រុងហាណូយ បណ្ឌិត្យសភាសន្តិសុខប្រជាជនបានរៀបចំពិធីអបអរសាទរខួបលើកទី ៨០ ទិវាប្រពៃណី (ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ១៩៤៦ - ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៦) និងទទួលកិត្តិនាមវីរជននៃកងកម្លាំងប្រដាប់អាវុធប្រជាជនជាលើកទីបី។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានចូលរួមក្នុងពិធីនេះ។

ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានស្នើឲ្យបណ្ឌិត្យសភាសន្តិសុខប្រជាជន ត្រូវបង្កើតឋានៈអភិវឌ្ឍន៍ថ្មី ដោយផ្លាស់ប្តូរពីមជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវវិទ្យាសាស្ត្រឈានមុខគេរបស់កងកម្លាំងនគរបាលប្រជាជននាពេលបច្ចុប្បន្ន ទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវឈានមុខគេក្នុងប្រទេស ស្មើកម្រិតអន្តរជាតិ នៅឆ្នាំ ២០៤៥ ដែលជាខួបលើកទី ១០០ ទិវាប្រពៃណីរបស់កងកម្លាំងនគរបាលប្រជាជន។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានតម្រូវថា៖

“បណ្ឌិត្យសភា ត្រូវនាំមុខគេ​ក្នុងការកសាង និងសុក្រិតគោលលទ្ធិអំពីការការពារសន្តិសុខជាតិរបស់វៀតណាម។ បន្តជាកម្លាំងជួរមុខក្នុងការការពារមូលដ្ឋានគ្រឹះមនោគមវិជ្ជារបស់បក្ស ពង្រីកយ៉ាងខ្លាំងនូវស្មារតីឯករាជ្យ ភាពម្ចាស់ការ និងសេចក្តីប្រាថ្នាក្នុងការសិក្សា បង្កើតការទម្លុះទម្លាយក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ ដើម្បីលើកកម្ពស់ អភិវឌ្ឍន៍ និងសុក្រិតទ្រឹស្តីសិល្បៈការពារសន្តិសុខជាតិ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការសុក្រិតគោលលទ្ធិការពារសន្តិសុខជាតិរបស់វៀតណាមនៅឆ្នាំ ២០៣៥”៕

កាលពី​៨០ឆ្នាំមុន នាថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ១៩៤៦ សាលាហ្វឹកហ្វឺននគរបាល ដែលសព្វថ្ងៃនេះជាបណ្ឌិត្យសភាសន្តិសុខប្រជាជន ត្រូវបានបង្កើតឡើងជាផ្លូវការ។ នេះគឺជាស្ថាប័នអប់រំ និងបណ្តុះបណ្តាលដំបូងនៃផ្នែកនគរបាល។ ក្រៅពីការបណ្តុះបណ្តាលកម្មាភិបាលសម្រាប់កម្លាំងនគរបាលវៀតណាម បណ្ឌិត្យសភាក៏បានបណ្តុះបណ្តាល និងបំពាក់បំប៉ន់កម្មាភិបាលសម្រាប់ក្រសួងនគរបាលឡាវ ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបណ្តុះបណ្តាល និងបំពាក់បំប៉ន់កម្មាភិបាលសម្រាប់ភ្នាក់ងារកិច្ចការផ្ទៃក្នុង កងទ័ពប្រជាជន និងសង្គមផងដែរ។


top