បណ្ឌិត លោក Jongsoo Shin បានរួមចំណែកជំរុញការផ្លាស់ប្តូរថ្មី នៃវិទ្យាសាស្ត្របច្ចេកវិទ្យា អភិវឌ្ឍធនធានមនុស្ស ព្រមទាំងរួមដំណើរបេសកកម្មលើកកម្ពស់តម្លៃគ្រាប់អង្ករវៀតណាម នៅលើទីផ្សារពិភពលោក។
ផ្សារភ្ជាប់ជាមួយវិស័យកសិកម្មវៀតណាម តាមរយៈកម្មវិធីសហប្រតិបត្តិការជាច្រើននៃវិទ្យាស្ថានស្រាវជ្រាវស្រូវអង្ករអន្តរជាតិ បណ្ឌិត លោក Jongsoo Shin បានរួមចំណែកជំរុញការផ្លាស់ប្តូរថ្មី នៃវិទ្យាសាស្ត្របច្ចេកវិទ្យា អភិវឌ្ឍធនធានមនុស្ស ព្រមទាំងរួមដំណើរបេសកកម្មលើកកម្ពស់តម្លៃគ្រាប់អង្ករវៀតណាម នៅលើទីផ្សារពិភពលោក។
លោកបណ្ឌិត Jongsoo Shin ផ្សារភ្ជាប់ជាមួយនឹងដើមស្រូវ និងវិស័យកសិកម្មវៀតណាម។ រូបថត៖ ខាញ់ឡុង/កាសែតរូបភាពវៀតណាម
ក្នុងរឿងរ៉ាវអំពីដំណើរអភិវឌ្ឍវិស័យស្រូវអង្កររបស់វៀតណាម បណ្ឌិត លោក Jongsoo Shin គឺជាមិត្តរួមដំណើរពិសេសម្នាក់។ សម្រាប់លោក វៀតណាមមិនត្រឹមតែជាកន្លែងបំពេញការងារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទឹកដីដែលបន្សល់ទុកនូវអនុស្សាវរីយ៍យ៉ាងជ្រាលជ្រៅ ដោយសារតែអរិយធម៌ស្រូវជើងទឹកដ៏យូរលង់ និងស្មារតីច្នៃប្រតិដ្ឋដ៏ខ្លាំងក្លានៃប្រជាកសិករ។
បណ្ឌិត លោក Jongsoo Shin បានឱ្យដឹងថា ចាប់តាំងពីលើកដំបូងដែលលោកបានមកដល់ប្រទេសវៀតណាម ប្រការដែលធ្វើឱ្យលោកចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅបំផុត នោះគឺជម្រៅវប្បធម៌នៃរបរធ្វើស្រូវ។ តាមទស្សនៈរបស់លោក នៅប្រទេសវៀតណាម ស្រូវអង្ករមិនមែនគ្រាន់តែជាផលិតផលកសិកម្មធម្មតាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផ្នែកមួយនៃអត្តសញ្ញាណជាតិផងដែរ។
ពិភាក្សាជាមួយអ្នកជំនាញ នៃវិទ្យាស្ថានហ្សែនកសិកម្ម អំពីពូជស្រូវថ្មីៗ ដែលវិទ្យាស្ថានកំពុងធ្វើការសាកល្បង។ រូបថត៖ ខាញ់ឡុង/កាសែតរូបភាពវៀតណាម
បណ្ឌិត Jongsoo Shin នៅចម្ការស្រាវជ្រាវពូជស្រូវថ្មី នៃវិទ្យាស្ថានហ្សែនកសិកម្ម។ រូបថត៖ ខាញ់ឡុង/កាសែតរូបភាពវៀតណាម
ពេលបានឃើញផ្ទាល់ភ្នែក នូវជង្រុកស្រូវដ៏ធំទាំងពីរនៃប្រទេស គឺតំបន់វាលទំនាបទន្លេគឺវឡុង និងតំបន់ដីសណ្ដទន្លេក្រហម លោកបានដឹងច្បាស់ពីរបៀបដែលប្រជាជនវៀតណាម កសាងប្រព័ន្ធវប្បកម្ម ដែលមានទិន្នផលខ្ពស់ និងប្រកបដោយនិរន្តរភាពជាច្រើនជំនាន់មកហើយ។
ពេលទទួលភារកិច្ចជាប្រធានតំណាង IRRI ប្រចាំនៅវៀតណាម លោកបានយល់ដឹងយ៉ាងច្បាស់ អំពីការទទួលខុសត្រូវរបស់ខ្លួន មិនត្រឹមតែក្នុងតួនាទីជាអ្នកជំនាញកសិកម្មប៉ុណ្ណោះទេ នៅថែមទាំងក្នុងចក្ខុវិស័យរៀបចំគោលនយោបាយទៀតផង។ តាមលោក នៅចំពោះផលប៉ះពាល់កាន់តែច្បាស់ឡើងៗ នៃបម្រែបម្រួលអាកាសធាតុ និងសម្ពាធទីផ្សារ កសិកម្មវៀតណាមត្រូវតែបន្តធ្វើការផ្លាស់ប្តូរថ្មី ដើម្បីរក្សានូវសមិទ្ធផលនានា ដែលសម្រេចបាន។
ពិភាក្សាជាមួយអ្នកជំនាញ នៃវិទ្យាស្ថានហ្សែនកសិកម្ម អំពីពូជស្រូវថ្មីៗ ដែលវិទ្យាស្ថានកំពុងធ្វើការសាកល្បង។ រូបថត៖ ខាញ់ឡុង/កាសែតរូបភាពវៀតណាម
បទពិសោធន៍មួយក្នុងចំណោមបទពិសោធន៍ ដែលធ្វើឱ្យលោកចងចាំបំផុត គឺការទៅទស្សនកិច្ចនៅវាលស្រែមួយកន្លែង ក្នុងតំបន់ដីវាលទំនាបទន្លេគឺវឡុង ដែលជាកន្លែងប្រជាកសិករ កំពុងធ្វើការសាកល្បងវិធីសាស្ត្រដាំដុះថ្មីៗ។ លោកបានមានប្រសាសន៍ថា៖ “ខ្ញុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលឃើញពួកគាត់មិនត្រឹមតែអនុវត្តបច្ចេកវិទ្យាប៉ុណ្ណោះទេ នៅថែមទាំងបានកែលម្អវាដោយម្ចាស់ការទៀតផង។ នៅវៀតណាមមានស្មារតីសហប្រតិបត្តិការខ្លាំងក្លាណាស់។ ទោះបីជាអ្នកស្រាវជ្រាវ ឬប្រជាកសិករក៏ដោយ អ្នកទាំងអស់តែងតែត្រៀមខ្លួនជាស្រេច ដើម្បីសិក្សារៀនសូត្រ ចែករំលែក និងរួមគ្នាបង្កើតបម្លាស់ប្តូរថ្មី។ ចំណុចនោះ ធ្វើឱ្យខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំងទៅអនាគតលើវិស័យកសិកម្មវៀតណាម”។
ក្នុងរយៈពេលជាច្រើនឆ្នាំកន្លង វិទ្យាស្ថានស្រាវជ្រាវស្រូវអង្ករអន្តរជាតិ បានរួមដំណើរជាមួយវៀតណាម ក្នុងការអភិវឌ្ឍពូជស្រូវ ដែលមានសមត្ថភាពធន់នឹងភាពរាំងស្ងួត ការជ្រាបទឹកប្រៃ និងទឹកជំនន់ ព្រមទាំងជំរុញវិធីសាស្ត្រដាំដុះវៃឆ្លាតបន្ស៊ាំនឹងអាកាសធាតុ និងការអនុវត្តបច្ចេកវិទ្យាឌីជីថល ក្នុងការផលិត។
បណ្ឌិត Jongsoo Shin អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងជាអ្នកគ្រប់គ្រង នៃវិទ្យាស្ថាន IRRI តែងតែមានឆន្ទៈរួមដំណើរជាមួយវិស័យកសិកម្មវៀតណាម។
រូបថត៖ ខាញ់ឡុង/កាសែតរូបភាពវៀតណាម
បណ្ឌិត លោក Jongsoo Shin (កូរ៉េខាងត្បូង) ជាអ្នកជំនាញអន្តរជាតិ ផ្នែកអភិវឌ្ឍន៍កសិកម្ម ដែលមានការរួមចំណែកយ៉ាងច្រើនចំពោះវិស័យស្រូវអង្ករវៀតណាម ក្នុងការជំរុញផលិតកម្មប្រកបដោយនិរន្តរភាព វប្បកម្មកាត់បន្ថយការបំភាយឧស្ម័ន និងការបង្វែពណ៌បៃតង។ លោកជាថ្នាក់ដឹកនាំស្នូល នៃគម្រោង RiceEco ដែលឧបត្ថម្ភថវិកាដោយមូលនិធិសហប្រតិបត្តិការមេគង្គ - កូរ៉េខាងត្បូង ព្រមទាំងបានក្រសួងកសិកម្ម និងបរិស្ថាន ប្រគល់ប័ណ្ណសរសើរសម្រាប់បណ្ដាការរួមចំណែកដ៏ឆ្នើម ចំពោះវិស័យកសិកម្មវៀតណាម។
បណ្ឌិត Jongsoo Shin ជជែកជាមួយអ្នកជំនាញនៃវិទ្យាស្ថានស្រាវជ្រាវហ្សែនកសិកម្ម នៅក្នុងបន្ទប់ពិសោធន៍ហ្សែន។ រូបថត៖ ខាញ់ឡុង/កាសែតរូបភាពវៀតណាម
ក្នុងនាមជាបុគ្គលស្និទ្ធស្នាល និងស្រឡាញ់វិស័យកសិកម្មវៀតណាម បណ្ឌិត Jongsoo Shin បានចូលរួមវគ្គបណ្តុះបណ្តាលមួយ
របស់វិទ្យាស្ថានហ្សែនកសិកម្ម។ រូបថត៖ ខាញ់ឡុង/កាសែតរូបភាពវៀតណាម
ជជែកចែករំលែកអំពីរឿងរ៉ាវនៃដើមស្រូវវៀតណាម ជាមួយបុគ្គលិកស្រាវជ្រាវ នៃវិទ្យាស្ថានហ្សែនកសិកម្ម។ រូបថត៖ ខាញ់ឡុង/កាសែតរូបភាពវៀតណាម
តាមបណ្ឌិត លោក Jongsoo Shin ប្រការសំខាន់បំផុត បន្ទាប់ពីគម្រោងនីមួយៗ មិនមែនត្រឹមតែជាលទ្ធផលចំពោះមុខនោះទេ ប៉ុន្តែវាជាផលប៉ះពាល់រយៈពេលវែងចំពោះប្រជាកសិករ។ លោកបានបង្ហាញការយល់ឃើញថា៖ “ខ្ញុំសង្ឃឹមថា ប្រជាកសិករវៀតណាម នឹងបន្តទទួលបានផលប្រយោជន៍ បន្ទាប់ពីគម្រោងបានបញ្ចប់ សកម្មភាពផលិតកាន់តែរឹងមាំ បម្លាស់ប្តូរថ្មីៗបានពង្រីកដោយនិរន្តរភាព ប្រការសំខាន់បំផុត នោះគឺស្រូវអង្ករមានទីផ្សារលក់ចេញដោយស្ថិរភាព”។
កសាងសមត្ថភាពនៅតែជាបេសកកម្មស្នូលរបស់ IRRI។ វិទ្យាស្ថានបានបណ្តុះបណ្តាលអ្នកវិទ្យាសាស្ត្រ និងអ្នកបច្ចេកទេសវៀតណាមជាច្រើនរូប មនុស្សជាច្រើនក្នុងចំណោមមនុស្សទាំងនោះ កំពុងកាន់តួនាទីយ៉ាងសំខាន់នៅក្នុងវិស័យកសិកម្ម នាពេលបច្ចុប្បន្ន។ លោកបានយល់ឃើញថា៖ “ដើម្បីរក្សាបាននូវឋានៈជាប្រទេសនាំអង្ករចេញក្រៅប្រទេសឈានមុខមួយនៅលើពិភពលោក វៀតណាមត្រូវតែផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ពីបរិមាណទៅជាគុណភាព វិនិយោគលើនិរន្តរភាព ពង្រឹងការផ្សារភ្ជាប់ទីផ្សារ និងជំរុញកសិកម្មឌីជីថល ដោយផ្អែកលើទិន្នន័យ”។
បណ្ឌិត Jongsoo Shin ចូលរួមសិក្ខាសាលា នៅតំបន់វាលទំនាបទន្លេគឺវឡុង ក្រោមប្រធានបទ៖ ដំណោះស្រាយបច្ចេកទេសសម្រាប់ការដាំដុះស្រូវឯកទេសបច្ចេកវិទ្យាខ្ពស់។
រូបថត៖ ឯកសារ
ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានប្រគល់មេដាយអនុស្សាវរីយ៍ "ដើម្បីបុព្វហេតុកសិកម្ម
និងអភិវឌ្ឍន៍ជនបទ" ជូនដល់វិទ្យាស្ថាន IRRI ក្នុងនោះក៏មានអ្នកវិទ្យាសាស្ត្រ បណ្ឌិត Jongsoo Shin ផងដែរ។ រូបថត៖ ឯកសារ
បណ្ឌិត Jongsoo Shin បានអញ្ជើញទៅទស្សនកិច្ចនៅវិទ្យាស្ថានហ្សែនកសិកម្ម ដែលជាទីតាំងធ្វើការស្រាវជ្រាវជ្រើសរើស និងបង្កាត់ពូជស្រូវ ដែលអាចបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។
រូបថត៖ ឯកសារ
សម្រាប់បណ្ឌិត លោក Jongsoo Shin អនាគតនៃគ្រាប់អង្ករវៀតណាម មិនត្រឹមតែស្ថិតនៅលើទិន្នផលខ្ពស់ជាងមុនប៉ុណ្ណោះទេ នៅថែមទាំងស្ថិតនៅលើតម្លៃធំជាង សមត្ថភាពធន់ល្អជាង និងការបន្សល់ទុកស្លាកស្នាមចីរភាពជាង នៅលើទីផ្សារអន្តរជាតិ។ នោះក៏ជាដំណើរ ដែលលោក និង IRRI កំពុងបន្តរួមដំណើរជាមួយវិស័យកសិកម្មវៀតណាម៕
អត្ថបទ៖ ប៊ិចវឹន រូបថត៖ ខាញ់ឡុង/VNP
ប្រែសម្រួល៖ រីកង