ព័ត៌មាន

បញ្ជារួមតែមួយ៖ ជួយសង្គ្រោះប្រជាជន ជំនះពុះពារផលវិបាកបណ្តាលពីទឹកជំនន់

នាពេលថ្មីៗនេះ បណ្តាខេត្តភាគកណ្តាលប៉ែកខាងត្បូងរបស់វៀតណាម (ខេត្តយ៉ា ឡាយ ខេត្តដាកឡាក់ ខេត្តខាញ់ហ័រ ខេត្តឡឹម ដុង) ទើបរងគ្រោះនឹងទឹកជំនន់យ៉ាងធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ (ពីថ្ងៃទី ១៦- ២២ ខែវិច្ឆិកា) ដែលបណ្តាលឱ្យមនុស្សជាង ១០០នាក់ត្រូវស្លាប់និងបាត់ខ្លួន។ ការខូចខាតទ្រព្យសម្បត្តិត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៩ ពាន់ពាន់លានដុង។ ប្រព័ន្ធនយោបាយទាំង មូល និងប្រជាជននៃបណ្តាខេត្ត និងទីក្រុង បានចាត់វិធានការដោយមានអាទិភាពខ្ពស់បំផុតគឺការពារអាយុជីវិតមនុស្ស និងជំនះផលវិបាកបណ្តាលពីទឹកជំនន់។ ស្មារតីបញ្ជាណែនាំយ៉ាងខ្ជាប់ ខ្ជួន និងសកម្មភាពខ្លាំងក្លា បានបង្កើតកម្លាំង ពលំ ដើម្បីជួយប្រជាជននៅតំបន់លិចទឹកឱ្យមានស្ថិរភាពជីវភាពរស់នៅឲ្យបានឆាប់ៗ បង្ហាញពីការប្តេជ្ញាចិត្តការពារប្រជាជន ក្នុងគ្រប់កាលៈ ទេសៈទាំងអស់។
នៅល្ងាចថ្ងៃទី ២០ ខែវិច្ឆិកា (ម៉ោងនៅហាណូយ) ពីប្រទេសអាល់ហ្សេរី នាយករដ្ឋមន្ត្រី លោក ផាម មិញឈីញ បានបើកកិច្ចប្រជុំតាមអ៊ីនធឺណិតតភ្ជាប់ជាមួយខេត្ត និងទីក្រុងនានាក្នុងប្រទេស ដើម្បីដាក់ពង្រាយផែនការជួយសង្គ្រោះ និងជំនះផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ (រូបថត៖ TTXVN)

កម្លាំងមុខងារត្រូវបានប្រមូលផ្តុំដល់កម្រិតអតិបរមា ជួយសង្គ្រោះនៅនឹងកន្លែង និងអនុវត្តការជំនះពុះពារភ្លាមៗនៅពេលដែលទឹកស្រក។ ថវិកាមជ្ឈឹមបានឧបត្ថម្ភប្រាក់ចំនួន ២.៤០០ ពាន់លានដុងសម្រាប់ខេត្តយ៉ា ឡាយ ខេត្តដាកឡាក់ ខេត្តខាញ់ហ័រ និងខេត្តឡឹមដុងផងដែរ។

ដំណើរការប្រតិបត្តិការយន្តការជំនួយពិសេស

ការិយាល័យនយោបាយនិងលេខាធិការដ្ឋាន បានបង្កើតក្រុមការងារដឹក នាំដោយថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្សនិងរដ្ឋ ដើម្បីត្រួតពិនិត្យ ដឹកនាំ និងជំរុញការងារជំនះផលវិបាកនៃទឹកជំនន់នៅក្នុងខេត្តទាំងបួននៃតំបន់ភាគកណ្តាលប៉ែកខាងត្បូង។

យន្តការជំនួយពិសេសមួយក្នុងទ្រង់ទ្រាយជាតិ ក៏ត្រូវបានប្រតិបត្តិផងដែរ នៅពេលដែលការិយាល័យនយោបាយបានចាត់តាំងមូលដ្ឋានមួយចំនួនឲ្យផ្តល់ជំនួយផ្ទាល់ ជាស្បៀងអាហារ សម្លៀកបំពាក់ ថ្នាំពេទ្យ និងបុគ្គលិកពេទ្យសម្រាប់ខេត្តដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយទឹកជំនន់។ ទីក្រុងហាណូយឧបត្ថម្ភខេត្តយ៉ាឡាយ។ ទីក្រុងហូជីមិញឧបត្ថម្ភខេត្តខាញ់ហ័រ។ ទីក្រុងហៃផុងឧបត្ថម្ភខេត្តដាក់ឡាក់។ ខេត្តក្វាងនិញឧបត្ថម្ភខេត្តឡឹម ដុង។

មូលដ្ឋានទាំងបួនដែលត្រូវបានចាត់តាំងផ្តល់ជំនួយគឺសុទ្ធតែជាខេត្ត និងទីក្រុងដែលមានសមត្ថភាពហិរញ្ញវត្ថុខ្លាំងបំផុតនៅក្នុងប្រទេស ដែលមានសមត្ថភាពរៀបចំ និងសម្របសម្រួលយ៉ាងឆាប់រហ័ស។ ហើយតាមរយៈស្ថានភាពជាក់ស្តែងបានបង្ហាញថា មូលដ្ឋានត្រូវបានជ្រើសរើស សុទ្ធតែចាត់វិធានការភ្លាមៗមួយរំពេច។ ពោលគឺ ទីក្រុងហូជីមិញបានចាប់ផ្តើមយុទ្ធនាការសង្គ្រោះបន្ទាន់សម្រាប់ខេត្តខាញ់ហ័រ ដោយផ្តល់ជំនួយចំនួន ៥០ ពាន់លានដុង និងដាក់ពង្រាយផ្ទះបាយវាលយ៉ាងឆាប់រហ័ស  ផ្តល់អាហារចំនួន ១២.០០០កញ្ចប់/ក្នុងមួយថ្ងៃ សម្រាប់ប្រជាជននៅតំបន់លិចទឹក និងកងកម្លាំងជួយសង្គ្រោះ។ ទីក្រុងបានបញ្ជូនទំនិញជាង ២០០ តោន រួមទាំងអាវការពារជីវិត កាបូបថ្នាំពេទ្យគ្រួសារ សម្លៀកបំពាក់ ភួយ ផលិតផលអនាម័យផ្ទាល់ខ្លួន...។ វិស័យសុខាភិបាលបានប្រមូលផ្តុំគ្រូពេទ្យចំនួន ៣០-៥០ នាក់ឱ្យបំពេញកាតព្វកិច្ចជារៀងរាល់ថ្ងៃ ដើម្បីពិនិត្យ ព្យាបាលអ្នកជំងឺ និងទប់ស្កាត់ជំងឺរាតត្បាតបន្ទាប់ពីទឹកជំនន់។ លោកវេជ្ជបណ្ឌិត ផាម មិញកុង សមាគមគ្រូពេទ្យវ័យក្មេងទីក្រុងហូជីមិញ បានចែករំលែកថា៖ "ក្នុងរយៈពេលដ៏ខ្លី ប្រហែល ២ ម៉ោង យើងបានត្រៀមខ្លួនរួចរាល់ ហើយបានប្រមូលផ្តុំក្រុមដើម្បីចាកចេញភ្លាមក្នុងយប់នោះ។ យើងចង់ចែករំលែក និងជួយជនរួមជាតិរបស់យើងនូវការលំបាកមួយចំនួន។ ប្រការនេះក៏បានរួមចំណែកលើកទឹកចិត្តដល់ស្មារតីរបស់ប្រជាជននៅតំបន់លិចទឹក ជំនះ ពុះពាររាល់ការលំបាកផងដែរ"។

ក្នុងវិស័យវេជ្ជសាស្ត្រតែមួយ ទីក្រុងហៃផុងបានបញ្ជាណែនាំការដឹកជញ្ជូនថ្នាំ Cloramin ចំនួន ២,៥ តោន និងថ្នាំសម្លាប់មេរោគចំនួន ៤០០,០០០ គ្រាប់... ទៅកាន់ខេត្តដាក់ឡាក់។ គ្រូពេទ្យ និងបុគ្គលិកពេទ្យប្រហែល ៣០០-៥០០ នាក់របស់ទីក្រុងហៃផុងបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយដល់ខេត្តដាក់ឡាក់គ្រប់ពេលវេលា។

ក្នុងពេលជាមួយគ្នានេះ ពីទីក្រុងយ៉ូហានណេសប៊ឺក ប្រទេសអាហ្វ្រិកខាងត្បូង នាយករដ្ឋមន្ត្រី លោក ផាម មិញជីញ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមអនឡាញបន្ទាន់ចំនួន ២ ជាមួយក្រសួង ភ្នាក់ងារ និងមូលដ្ឋាននានា តភ្ជាប់បណ្តាញជាមួយមូលដ្ឋានមួយចំនួនក្នុងប្រទេស ដើម្បីដឹកនាំការឆ្លើយតប និងជំនះផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ។

“ស្នើរឱ្យលេខាធិការ និងប្រធានគណៈកម្មាធិការប្រជាជនខេត្តដាក់ឡាក់ ខេត្តខាញ់ហ័រ ខេត្តយ៉ាឡាយ និងខេត្តឡឹមដុង ច្បាមជាប់មូលដ្ឋាន តាមដានប្រជាជនយ៉ាងដិតដល់ អនុវត្តតាមការណែនាំរបស់គ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តឱ្យបានល្អនៅក្នុងមូលដ្ឋាន និងស្ថាប័នរបស់ខ្លួន; យល់ឃើញពីស្ថានភាព ធ្វើឱ្យស្ថានភាពប្រជាជនមានស្ថេរភាពយ៉ាងឆាប់រហ័ស ស្ថិរភាពជីវភាពរស់នៅរបស់ប្រជាជនយ៉ាងឆាប់រហ័ស ស្តារផលិតកម្ម និងអាជីវកម្មឡើងវិញ។ ជាមួយគ្នានោះ ដាក់ចេញសំណើរ យន្តការ និងគោលនយោបាយ  ដើម្បីចូលរួមចំណែកក្នុងការជំនះផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។ នេះបើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ។

ការកសាងឡើងវិញបន្ទាប់ពីទឹកជំនន់

រួមគ្នាជាមួយអាជ្ញាធរ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ប្រជាជននៅតំបន់ទាំងបីនៃភាគខាងជើង ភាគកណ្តាល និងភាគខាងត្បូង បានផ្ញើមនោសញ្ជេតនាទៅកាន់ប្រជាជន នៅតំបន់ភាគកណ្តាលប៉ែកខាងត្បូងតាមរយៈទំនិញចំបាច់ ដូចជា ម្ហូបអាហារ ខាវអាវ និងរបស់ប្រើប្រាស់ជាប្រចាំ។

“ដោយឃើញតំបន់ភាគកណ្តាលត្រូវបានជន់លិច ប្រជាជនមិនមានអាហារ ទឹក... ប៉ុន្តែយើងមិនអាចទៅដោយផ្ទាល់បានទេ។ គណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុងហូជីមិញ និងកាកបាទក្រហមនឹងនាំយកអំណោយរបស់យើងទៅជូនប្រជាជននៅតំបន់ភាគកណ្តាល។ សង្ឃឹមថា ទំនិញនឹងត្រូវបានដឹកជញ្ជូនដល់ប្រជាជនក្នុងពេលឆាប់ៗនេះ ដោយជួយតាមដែលអាចធ្វើទៅបាន”។

“ខ្ញុំចង់ផ្ញើសម្ភារៈមួយចំនួនទៅកាន់មនុស្សគ្រប់គ្នានៅទីនោះ លើសពីនេះ ខ្ញុំក៏បានផ្ទេរប្រាក់ទៅរណសិរ្សមាតុភូមិរបស់បណ្តាខេត្ត។ ខ្ញុំក៏បានផ្ញើសម្លៀកបំពាក់កក់ក្តៅមួយចំនួន ដល់កុមារនៅទីនោះផងដែរ”។

ដោយសារមានជំនួយឧបត្ថម្ភពីរដ្ឋាភិបាលនិងសហគមន៍ ប្រជាជននៅតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់ បានជំនះពុះពារលើពេលវេលាដ៏លំបាកបំផុត។  ឥឡូវនេះជាពេលវេលាសម្រាប់ប្រជាជននៅតំបន់ភាគកណ្តាលប៉ែកខាងត្បូង ដើម្បីបន្តដំណើរថ្មី៖ កសាងឡើងវិញបន្ទាប់ពីទឹកជំនន់។ ចលនាគាំទ្រសាច់ប្រាក់ត្រូវបានដាក់ឱ្យដំណើរការដោយភ្នាក់ងារ និងអង្គការនានាទូទាំងប្រទេសចាប់តាំងពីថ្ងៃនេះ ដើម្បីបង្កើតធនធាន ជួយប្រជាជនជួសជុលផ្ទះ ជួសជុលសាលារៀន សាងសង់ស្ពាន និងផ្លូវឡើងវិញ ធ្វើឱ្យជីវភាពរស់នៅមានស្ថិរភាពបន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិ...។

សកម្មភាពសប្បុរសធម៌ទាំងនោះបង្ហាញថា កម្លាំងពលំរបស់វៀតណាមមិន មែនស្ថិតនៅលើបុគ្គលម្នាក់ៗ ឬតំបន់នីមួយៗនោះទេ ប៉ុន្តែស្ថិតនៅលើសមត្ថភាពក្នុងប្រកៀរស្មារជាមួយគ្នាក្នុងគ្រាលំបាកបំផុត និងដើម្បីរួមគ្នារស់ឡើងវិញបន្ទាប់ពីទឹកជំនន់៕


top