ព័ត៌មាន

បង្កើនភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងលុចសំបួ

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីលុចសំបួ លោក Xavier Bettel នាព្រឹកថ្ងៃទី៩ ខែធ្នូ (ម៉ោងក្នុងតំបន់) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមបានអញ្ជើញមកដល់រដ្ឋធានីលុចសំបួ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅលុចសំបួ។
  ទិដ្ឋភាពនៃកិច្ចពិភាក្សា (រូបថត៖ VOV)  

នៅក្នុងកិច្ចប្រជុំបន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីលុចសំបួលោក Xavier Bettel បានឯកភាពជំរុញការបង្កើតក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រស្តីពីហិរញ្ញវត្ថុបៃតង; គាំទ្រវៀតណាមក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីកំណើនបៃតង និងកិច្ចខិតខំប្រឹងប្រែងដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ទាក់ទិននឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នាយករដ្ឋមន្ត្រីទាំងពីររូបបានស្នើឱ្យស្ថាប័ន និងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) និងជំរុញការតភ្ជាប់ក្នុងវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ច ភស្តុភារ; ជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីជៀសវាងការយកពន្ធត្រួតគ្នា។ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានស្នើរដ្ឋាភិបាលលុចសំបួបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារលុចសំបួនិង EU; លើកទឹកចិត្តសហគ្រាសលុចសំបួជំរុញការវិនិយោគចូលមកវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យលុចសំបួជួយឧបត្ថម្ភវៀតណាមក្នុងការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅទីក្រុងហូជីមិញ; ជំរុញឱ្យបណ្តាប្រទេស EU ផ្សេងទៀត ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ (EVIPA) និងគាំទ្រគណៈកម្មការអឺរ៉ុប (EC) ឱ្យលុបចោល "កាតលឿង" សម្រាប់ជលផលវៀតណាមឱ្យបានឆាប់ៗ។

ចំណែកខ្លួនវិញ លោកនាយករដ្ឋមន្រ្តីលុចសំបួ បានគាំទ្រ EU ឲ្យផ្តល់សច្ចាប័នយ៉ាងឆាប់ៗ លើកិច្ចព្រមព្រៀង EVIPA; ជំរុញកិច្ចសហប្រតិបត្តិការ និងគាំទ្រវៀតណាមលើវិស័យសេដ្ឋកិច្ចវិលជុំ ធនាគារ មូលបត្រ ហិរញ្ញវត្ថុ អាកាសធាតុ និងជាពិសេសនាំកិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុបៃតង ដែលជាវិស័យសក្កានុពលរបស់ លុចសំបួ ទៅជាសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរក៏បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិ ប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន សន្តិសុខតាមអ៊ីនធឺណែត ផ្លាស់ប្តូរឌីជីថល វប្បធម៌ ទេសចរណ៍ អប់រំ បណ្តុះបណ្តាល និងការដឹកជញ្ជូន។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើរដ្ឋាភិបាលលុចសំបួ បន្តជួយឧបត្ថម្ភ និងបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀតណាមនៅលុចសំបួ ក៏ដូចជាការទទួលពលករវៀតណាមទៅធ្វើការនៅលុចសំបួ។

ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃការធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍លើសមុទ្រខាងកើត មិនប្រើប្រាស់ ឬគម្រាមប្រើប្រាស់អំពើហឹង្សា ដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមាន អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២)៕


top