ព័ត៌មាន

បង្កើនកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាមជាមួយបណ្តាប្រទេសអាស៊ាន

នាព្រឹកថ្ងៃទី ១០ ឧសភា នៅទីក្រុង Labuan Bajo ប្រទេសឥណ្ឌូនេស៊ី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលលើកទី ៤២ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទទួលជួបដាច់ដោយឡែកជាមួយព្រះមហាក្សត្រនៃប្រ៊ុយណេ ដារូសាឡឹម Sultan Haji Hassanal Bolkiah; នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong, នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទទួលជួបជាមួយព្រះមហាក្សត្រនៃប្រ៊ុយណេ ដារូសាឡឹម Sultan Haji Hassanal Bolkiah។ (រូបថត៖ VNA)

នៅក្នុងជំនួបជាមួយព្រះមហាក្សត្រប្រ៊ុយណេដារូសាឡឹម មេដឹកនាំទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរ និងទំនាក់ទំនងកម្រិតខ្ពស់ បង្កើតនូវមូលដ្ឋានសម្រាប់ការអនុវត្តកម្មវិធីសកម្មភាព អនុវត្តភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម-ប្រ៊ុយណេ ដំណាក់កាល ២០២៣-២០២៧។ ភាគីទាំងពីរក៏បានឯកភាពជំរុញកំណើនពាណិជ្ជកម្មតាមវិធីចម្រុះ និងមានតុល្យភាព ដោយពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពល ដោយផ្តោតសំខាន់ចំនួន៤ រួមមានកិច្ចសហប្រតិបត្តិការលើវិស័យប្រេង និងឧស្ម័ន គីមី ផលិតផល និងសេវាកម្មហាឡាល់ ទេសចរណ៍ រួមទាំងការផ្លាស់ប្តូរប្រជាជន។ ព្រះមហាសក្សត្រ Haji Hassanal Bolkiah ចាត់ទុកថា ប្រទេសទាំងពីរនៅ មានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កសិកម្ម នេសាទ ថាមពល ការអប់រំបណ្តុះបណ្តាល និងការពារជាតិ។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទទួលជួបជាមួយ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong។ (រូបថត៖ baochinhphu.vn)

ក្នុងជំនួបរវាងនាយករដ្ឋមន្ត្រី Pham Minh Chinh និងសមភាគីសិង្ហបុរី លោក Lee Hsien Loong នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពបង្កើនការយោគយល់ និងជឿទុកចិត្ត តាមរយៈការរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ បង្កើតមូលដ្ឋានរឹងមាំសម្រាប់ការអនុវត្តកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងភាគីទាំងពីរ។ ភាគីទាំងពីរក៏បានឯកភាពជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃសេដ្ឋកិច្ចឌីជីថល - ភាពជាដៃគូសេដ្ឋកិច្ចបៃតង (ទើបបង្កើតថ្មី); អនុវត្តអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចឌីជីថល (កុម្ភៈ ២០២២) ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកំណើនថ្មី...។ ឆ្នាំនេះគឺជាខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងសិង្ហបុរី (១៩៧៣-២០២៣) និងខួបលើកទី ១០ នៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ (២០១៣-២០២៣) លោកនាយករដ្ឋមន្ត្រី Lee Hsien Loong នឹងមកបំពេញទស្សនកិច្ចនៅវៀតណាមជាលើកទីពីរនៅពាក់កណ្តាលចុងឆ្នាំនេះ។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទទួលជួបជាមួយ នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone។ (រូបថត៖ VGP/Nhật Bắc)

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាខិតខំប្រឹងប្រែងលើកកំពស់កិច្ចសហប្រតិបត្តិការ ជំរុញការតភ្ជាប់សេដ្ឋកិច្ច សមាហរណកម្មប្រកបដោយប្រសិទ្ធភាព និងជួយគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ រដ្ឋាភិបាលទាំងពីរបានប្តេជ្ញាចិត្តលុបបំបាត់ឧបសគ្គ និងជំរុញការអនុវត្តគម្រោងសំខាន់ៗ ក៏ដូចជា កែលម្អបរិយាកាសវិនិយោគ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការផ្តល់ឱ្យឡាវនូវការគាំទ្រខ្ពស់បំផុតដើម្បីសម្រាប់ការបំពេញតំណែងជាប្រធានអាស៊ានដោយជោគជ័យនៅឆ្នាំ ២០២៤។

ពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងបណ្តាថ្នាក់ដឹកនាំបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ រក្សាសាមគ្គីភាព និងលើកកម្ពស់តួនាទីស្នូលរបស់អាស៊ាន; យល់ព្រមគាំទ្របេក្ខភាពគ្នាទៅវិញទៅមកសម្រាប់អង្គការអន្តរជាតិ និងអង្គការសហប្រជាជាតិ៕


top