ព័ត៌មាន

បង្កើតទំនាក់ទំនងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង​វៀតណាម​និងគុយបា

នារសៀលថ្ងៃទី ១៩ ខែកញ្ញា ម៉ោងនៅគុយបា (ត្រូវនឹងព្រឹកថ្ងៃទី ២០ ខែកញ្ញា តាមម៉ោងវៀតណាម) នៅរដ្ឋធានី  La Habana បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការនោះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាការងារជាមួយលេខាទី ១ នៃ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋគុយបា លោក Miguel Diaz Canel ។

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាការងារជាមួយលេខាទី ១ នៃ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋគុយបា លោក Miguel Diaz Canel (រូបថត៖ TTXVN)

ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពគ្នាបន្តបង្កើនទំនាក់ទំនងនយោបាយតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ជាប្រចាំ លើកកម្ពស់ប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការ រួមមានសិក្ខាសាលាទ្រឹស្តីរវាងបក្សទាំងពីរ គណៈកម្មាធិការអន្តររដ្ឋាភិបាល កិច្ចពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ និង កិច្ចសន្ទនាគោលនយោបាយរវាងក្រសួងការពារជាតិទាំងពីរ។ ភាគីទាំងពីរសម្របសម្រួលគ្នាអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ទាញយកជាអតិបរមានូវរាល់ភាពអនុគ្រោះនៃកិច្ចព្រមព្រៀង លើកកម្ពស់ទំហំពាណិជ្ជកម្មទ្វេភាគីឲ្យសមស្របនឹងសក្កានុពលនិងទំនាក់ទំនងនយោបាយដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។

ភាគីទាំងពីរបង្ករលក្ខណៈងាយស្រួលសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធនិងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវបណ្ដាគម្រោងអភិវឌ្ឍន៍ផលិតកម្មដំណាំស្រូវ អង្ករ ពោត កាហ្វេ ចិញ្ចឹមជលផលនៅគុយបា ដោយឆ្ពោះទៅគោលដៅថា គុយបានអាចផ្គត់ផ្គង់ស្បៀងអាហារដោយខ្លួនឯង និងបន្តផ្ដោតសំខាន់លើការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យដូចជា៖ វប្បធម៌ វិទ្យាសាស្ត្របច្ចេកវិទ្យា កីឡា ទេសចរណ៍ បណ្តុះបណ្តាល និងសុខាភិបាលជាដើម។

ភាគីទាំងពីរបន្តរក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិ ហើយគាំទ្រគ្នាទៅវិញទៅមកចំពោះកិច្ចសហប្រតិបត្តិការនៅបណ្ដាអង្គការអន្តរជាតិ និងវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ ព្រមទាំង រួមវិភាគទានជាវិជ្ជមានទៅក្នុងការតស៊ូរួម ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៅតំបន់ទាំងពីរ និងលើពិភពលោក។ ទាក់ទងនឹងបណ្ដាបញ្ហាអន្តរជាតិ និងតំបន់ ដែលមានការយកចិត្តទុកដាក់ដូចគ្នានោះ ភាគីទាំងពីបានអះអាងគាំទ្រគោលជំហរដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ។

 

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ (រូបថត៖ TTXVN)

ក្នុងឱកាសនេះ តាងនាមបក្ស រដ្ឋនិងប្រជាជនវៀតណាម លោកប្រធានរដ្ឋ Nguyen Xuan Phuc បានប្រកាសសម្រេចចិត្តជូនប្រជាជនគុយបាជាភាតរៈអំណោយជាអង្ករចំនួន ៥ ពានតោន និងសំភារៈបរិក្ខាពេទ្យមួយចំនួនទៀត។ ទន្ទឹមនឹងនេះ ក្រសួង ស្ថាប័ននានារបស់វៀតណាមក៏បានប្រគល់អំណោយមួយចំនួនជូនភាគីគុយបាផងដែរ។

បន្ទាប់ពីកិច្ចពិភាក្សាការងារ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងក្រសួង ស្ថាប័នសហគ្រាសនានារវាងប្រទេសទាំងពីរ។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម ស្តីពីដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបារបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top