ព័ត៌មាន

បក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាម អបអរសាទរខួបលើកទី ៧២ នៃទិវាបុណ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា

ក្នុងឱកាសខួបលើកទី ៧២ នៃទិវាបុណ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៥) គណៈកម្មាធិ ការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងថ្នាក់ដឹកនាំសំខាន់ៗរបស់វៀតណាម បានផ្ញើសារទូរលេខ លិខិត និងកន្ត្រកផ្កាអបអរសាទរ។

ថ្នាក់ដឹកនាំវៀតណាមអញ្ជើញជូនពរចំពោះសមិទ្ធផលដ៏ធំធេងក្នុងវិស័យផ្សេងៗ ដែលប្រទេសនិងប្រជាជនកម្ពុជាសម្រេចបាននាពេលកន្លងមក ហើយជឿជាក់យ៉ាងមុតមាំថា ក្រោមគ្រងរាជសម្បត្តិឈ្លាសវៃរបស់ព្រះបាទនរោត្តម សីហមុនី ការដឹកនាំដ៏ឈ្លាសវៃរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គណបក្សប្រជាជនកម្ពុជាដោយសម្តេច ហ៊ុន សែនជាប្រមុខ ប្រជាជនកម្ពុជាប្រាកដជានឹងបន្តទទួលបានសមិទ្ធផលថ្មីៗ និងធំធេងជាងទៀត អនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ដំណាក់កាល ២០២៣- ២០២៨ដោយជោគជ័យ កសាងប្រទេសកម្ពុជា មានការអភិវឌ្ឍកាន់តែខ្លាំងឡើង ហើយប្រជាជនកម្ពុជាមានជីវភាពសម្បូរធូធារ សប្បាយរីករាយប្រកបដោយសុភមង្គល។

ដោយក្តីរីករាយចំពោះសមិទ្ធផលសម្រេចបាននៃទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង”  រវាងវៀតណាម និងកម្ពុជានាពេលកន្លងមកនេះ ថ្នាក់ដឹកនាំវៀតណាមបានបញ្ជាក់ថា នឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំកម្ពុជា ដើម្បីសម្រេចបានរាល់កិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ ព្រមទាំងបន្តថែរក្សា និងលើកកម្ពស់មិត្តភាពប្រពៃណីដ៏ល្អរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន ស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍក្នុងតំបន់ ក៏ដូចជាការកសាង សហគមន៍អាស៊ានដែលមានស្ថិរភាព និងវិបុលភាព៕

top