ម្ហូបអាហារ

នំរ៉ាមអ៊ីត អាហារសាមញ្ញនៅក្រុងហ្វេ

ឈ្មោះនំរ៉ាមអ៊ីតនៅក្រុងហ្វេ ជានំមួយក្នុងចំណោមនំសាមញ្ញ ធ្លាប់ដឹងធ្លាប់ស្គាល់ចំពោះអ្នកក្រុង។ នំមានតាំងពីអង្កាលណាក៏គ្មាននរណាដឹងឡើយ តែមានអ្នកខ្លះនិយាយថានំរ៉ាមអ៊ីត មាន​តាំងពីយូរណាស់មកហើយ នឹង​បានក្លាយជាអាហារពិសេសប្រចាំរាជវាំងដែរ​។ រាល់ពេលនិយាយដល់អាហារនៅក្រុងហ្វេ ប្រាកដជានរណាក៏ធ្លាប់ បានពិសា និងមិនអាចបំភ្លេចបាននូវរសជាតិប្លែកមាត់ ដែលនំរ៉ាមអ៊ីតនាំមកជូនភ្ញៀវ។

នំរ៉ាមអ៊ីត បានបែងចែក​ជាពីរចំណែក គឺចំណែកនំអ៊ីតនៅពីលើ និងចំណែកនំរ៉ាមឈ្ងុយឆ្ងាញ់នៅពីក្រោម។ រសជាតិទាំងពីរមើលទៅហាក់ដូចជាមិនអាចស៊ីចម្រុះគ្នាបានទេ តែពេលឆ្លងកាត់ថ្វីដៃដ៏ប៉ិនប្រសប់របស់អ្នកធ្វើនំ នឹងបង្កើតមានរសជាតិទាក់ចិត្តដោយឡែករបស់វា។ ពេលពិសានំរ៉ាមអ៊ីត ឃើញថាមានភាពស្រួយនិងភាពទន់ក្រមួតស្វិតនៃនំរ៉ាមរួមនឹងនំអ៊ីត។ នំលាយ​ចូល​គ្នា​យ៉ាងល្អ នឹង​អាច​ធ្វើ​ឱ្យ​ទ្លាន់ តែអាចពិសាញឹកញាប់បាន មិនជិន​ណាយឡើយ។ នៅក្រុងហ្វេ មានគ្រួសារជាច្រើនធ្វើនំរ៉ាមអ៊ីត ដែលមានប្រពៃណីយូរលង់ណាស់មកហើយ។ មកជាមួយនឹងក្រុងហ្វេ យើងអាចរកឃើញនំរ៉ាមអ៊ីត នៅហាងតាមចិញ្ចើមថ្នល់ ឬភោជនីយដ្ឋាន។

របៀបធ្វើនំរ៉ាមអ៊ីត ដើម្បីធ្វើបាននំទាំងពីរប្រភេទនេះ ដោយមានវត្ថុធាតុរួមគ្នាតែមួយ គឺម្សៅដំណើប។ ការងារដំបូង អ្នកត្រូវត្រៀមអ្វីខ្លះ ពេលចង់ធ្វើនំរ៉ាមអ៊ីត គឺម្សៅដំណើប។ ដើម្បីធ្វើមានរសជាតិឆ្ងាញ់ ដំបូងម្សៅដំណើប ត្រូវជាម្សៅដែលបានកិនមកពីអង្ករដំណើបសុទ្ធសាធ។ ដំណើបសម្រាប់ប្រើប្រាស់ គឺជាដំណើបស ទន់ស្វិត កិនដោយដៃឯង។ ម្សៅដែលកិនដោយដៃឯង វាម៉ដ្ឋឈ្ងុយឆ្ងាញ់​ជាង។ នោះក៏ជាល្បិចសម្ងាត់ ដើម្បីរក្សាបានរសជាតិប្រពៃណីរបស់នំរ៉ាមអ៊ីត។ ម្សៅក្រោយពេលបានកិនម៉ដ្ឋ ចម្រោះទឹកចេញដោយយកម្សៅទៅដាក់ក្នុងសំពត់សង្កត់ឱ្យអស់ទឹក រួចយកទៅសម្ងួតឱ្យស្ងួត។

 


នំរ៉ាមអ៊ីតមានប្រភពមកពីរាជវាំងក្រុងហ្វេ។


ស្នូលនំរ៉ាមអ៊ីត មិនមែនជាសាច់ដូចនំដទៃនោះទេ តែមានស្នូលជាសាច់បង្គាដី។ បង្គាដីជាអាហារពិសេសប្រចាំក្រុងហ្វេ។ បង្គាបានយកទៅឆាខ្លាញ់ជាមួយនឹងស្លឹកខ្ទឹមឱ្យឆ្អិន រួចដាក់ចេញ។ ប្រើសាច់បង្គាធ្វើជាស្នូលនំ បង្កើតមានរសជាតិពិសេសបែបក្រុងហ្វេ បង្កប់នៅលើនំរ៉ាមអ៊ីត។ ដើម្បីធ្វើបាននំរ៉ាមអ៊ីតឈ្ងុយឆ្ងាញ់ ទាមទារអ្នកធ្វើនំ ត្រូវប៉ិនប្រសប់ ឈ្លីវេចម្សៅស្អាត ស្នូលមិនលេចចេញខាងក្រៅ។ នំអ៊ីតសំឡឹងមើលទៅធំប៉ិនពីរឬបីម្រាមដៃតែប៉ុណ្ណោះ ដូចនេះទើបហៅថានំអ៊ីត។ នំនឹងបានចំហុយលើបន្ទះឫស្សី ពេលប្រហែល១៥ដល់២០នាទី គឺឆ្អិនហើយ។ បន្ទាប់ពី នំចំហុយរួចមានរសជាតិស្វិត លេចពណ៌ស មើលទៅទាក់ចិត្តណាស់។

នំពិសេសប្រចាំតំបន់ មានឈ្មោះថានំរ៉ាមអ៊ីត ដោយសារខាងក្រោមនំអ៊ីតនៅមាននំរ៉ាមទ្រាប់នៅខាងក្រោម  បង្កើតថែមរសជាតិសម្រាប់អាហារមួយនេះ។ នំរ៉ាមជាបន្ទះម្សៅតូច មានទំហំប៉ិននំអ៊ីត តែមានរាងសំប៉ែតជាង យកទៅចៀនឱ្យស្រួយទើបស្រង់ចេញ។ ដើម្បីនំមានរសជាតិស្រួយ ពេលឈ្លីម្សៅ អ្នកធ្វើនំតែងដាក់ទឹក ចូលម្សៅតិចជាងនំអ៊ីត។

ពេលរៀបនំរ៉ាមអ៊ីតដាក់លើទៀប គ្រួសារជាច្រើននៅក្រុងហ្វេ តែងដាក់នំអ៊ីតនៅពីលើ មើលទៅស្អាតជាង ស្រទាប់ខាងក្រោមទ្រាប់ដោយស្លឹកចេកខៀវ ឬដោយទៀប។ ភ្ជាប់ជាមួយនឹងទៀបនំរ៉ាមអ៊ីត គឺចានទឹកជ្រលក់ជូរអែម។ ទឹកជ្រលក់មិនប្រៃពេក ផ្អែមពេក មានរសជាតិហិលរបស់ម្ទេស រសជាតិប្រហើររបស់ខ្ទឹម និងជាតិជូររបស់ក្រូចឆ្មាផង។ ធម្មតាហាងនិងភោជនីយដ្ឋាននីមួយៗ លក់នំរាមអ៊ីត នឹងមានទឹកជ្រលក់មួយ ដែលមានរសជាតិដោយឡែករបស់ហាង។

ម្ហូងអាហារនៅក្រុងហ្វេមិនត្រឹមតែមាននំរ៉ាមអ៊ីត សព្វថ្ងៃនំមានលក់នៅគ្រប់ខេត្តក្រុងដូចជា ហាណូយ។ល។ នរណាដែលធ្លាប់ពិសានំរ៉ាមអ៊ីត ពេលកាន់នំរ៉ាមអ៊ីតឡើងជ្រលក់នឹងទឹកជ្រលក់ រួចពិសានឹងទទួលបានរសជាតិឈ្ងុយឆ្ងាញ់ដែលបង្កប់នៅលើនំរ៉ាមអ៊ីត ជាអាហារក្រុងហ្វេ។ នំរ៉ាមអ៊ីតតូច ដូច្នេះពេលពិសាអាចពិសាទាំងមូល ដើម្បីក្រេបយករសជាតិរបស់នំ។ ការគួបផ្សំរវាងរសជាតិ​ស្វិតនៃនំអ៊ីត និងរសជាតិស្រួយនៃនំរ៉ាម រួមនឹងរសជាតិឈ្ងុយឆ្ងាញ់ប្រណីតនៃទឹកជ្រលក់ពិសេស  បង្កើតបានជានំមួយ ទាក់អារម្មណ៍ភ្ញៀវទេសចរក្រុងហ្វេ៕

អត្ថបទ៖ ប៊ិចវឹន រូបថត៖ ថាញយ៉ាង/កាសែតរូបភាពវៀណាម
ប្រែសម្រួល៖ រីកើង​


top