ជនជាតិម៉ុងខៀវ (Mong Xanh) ចាត់ទុកនំយ៉ី (Day) ជានំតំណាងឱ្យព្រះចន្ទ និង ព្រះអាទិត្យ ហើយជាប្រភពកំណើតនៃមនុស្ស និងសព្វសត្វទាំងពួង នៅលើផែនដី។ នំយ៉ី (Day) នៅជានិមិត្តរូបនៃសេចក្តីស្មោះស្មគ្ររវាងគូបុរសស្រ្តី មិនមែនគ្រាន់តែជាមុខម្ហូបប្រពៃណីដែលមានតាំងពីយូរលង់ណាស់មកហើយនោះទេ នៅទាំងជាប្រភេទនំពាំនាំពិធីសែនព្រេន ចេតភាព ដែលមិនអាចនឹងកង្វះនៅទីសក្ការបូជារបស់គ្រួសារជនជាតិម៉ុងខៀវ (Mong Xanh) នៅនារដូវបុណ្យចូលឆ្នាំថ្មី និងពិធីបុណ្យផ្សេងៗទៀតផង។
ថ្ងៃបុណ្យចូលឆ្នាំថ្មី និងពិធីបុណ្យផ្សេងៗ ជនជាតិម៉ុងខៀវ (Mong Xanh) នៅស្រុកម៉ុកចូវ (Moc Chau) ធ្វើតែនំ យ៉ី (Day) តែប៉ុណ្ណោះ។
ដូចជាជនជាតិគិញដែរ ជនជាតិម៉ុងខៀវ (Mong Xanh) ប្រើអង្ករដំណើបសម្រាប់ធ្វើនំ។ អង្ករដំណើបបានលាងជម្រះ យកទៅត្រាំទឹកអំឡុងពេលពី៣ទៅ៤ម៉ោង ស្រង់ឡើងទុកឱ្យស្ងួតទឹក រួចដាក់ចូលឆ្នាំងចំហុយ។ ពេលអង្ករដំណើបឆ្អិន កំពុងនៅក្តៅហុយផ្សែងៗ នឹងបានយកទៅដាក់ចូលត្បាលដំរហួតដល់ហ្មត់ជាម្សៅ។
ត្បាលធ្វើដោយកំណាត់ឈើ លុងប្រហោងកណ្តាល បានជាមានរាងដូចជាស្នូកជ្រូក។ អង្រែធ្វើដោយឈើល្អ មានសភាពរឹងមាំ និងធ្ងន់។ ទោះបី មិនត្រូវការបំណិនច្រើនពិតមែន ក៏ប៉ុន្តែ ដំណាក់កាលដំនំជាការងារធ្ងន់ធ្ងរ ត្រូវការកម្លាំងសុខភាពមាំមួន។
តាមធម្មតា ការដំបាយដំណើប គឺជាភារៈរបស់មនុស្សប្រុសកំលោះ ហើយត្រូវមានពីរនាក់កាន់អង្រែឈរសងខាង ប្តូរវេនគ្នាដំជាប្រចាំ។ ពួកគេខិតខំដំបាយដំណើបឱ្យទាន់នៅក្តៅ ដំរហូតមានសភាពទន់ជ្រាយ ហ្មត់ដូចជាម្សៅជាការសម្រេច។
ខណៈពេលកូនកំលោះដំរួច គឺជាពេលវេលាសម្រាប់កូនស្រីបង្ហាញពីថ្វីដៃដ៏ប៉ិនប្រសប់របស់ខ្លួន។ ដំបូងពួកគាត់លុញម្សៅមូលជាដុំ ហើយវេចដោយស្លឹកចេក ដែលបានឆ្អើភ្លើងស្រាប់។ បន្ទាប់មក ពួកគាត់ប្រើបាតដៃសង្កត់ឱ្យមានរាងមូល ដូចជាព្រះចន្ទ និង ព្រះអាទិត្យ។ ដោយសាបានដំយ៉ាងហ្មត់ចត់ ដូច្នេះហើយនំយ៉ី (Day) របស់ជនជាតិម៉ុងខៀវ (Mong Xanh) មានរសជាតិឈ្ងុយឆ្ងាញ់ ទន់ និងទុកបានយូរ។
ជនជាតិម៉ុងខៀវ (Mong Xanh) ធ្វើនំយ៉ី (Day) សម្រាប់តែក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី និង ពិធីបុណ្យផ្សេងៗតែប៉ុណ្ណោះ។ ដោយហេតុនោះហើយ ឱ្យតែមានពិធីបុណ្យទានមកដល់ ទីកន្លែងធ្វើនំ គឺជាទីកន្លែងណាត់ជួបរបស់កូនកំលោះ និង កូនក្រមុំក្នុងភូមិស្រុក។នោះក៏ជាទីកន្លែងដែលកូនកំលោះបង្ហាញពីកម្លាំងកាយ រីឯកូនស្រីបង្ហាញពីភាពប៉ិនប្រសប់រៀងៗខ្លួន នៅទីនេះផងដែរគូស្នេហ៍មិនតិចនាក់បានក្លាយជាប្តីប្រពន្ធ។
បច្ចុប្បន្ន ក្នុងពិធីបុណ្យវប្បធម៌ធំៗនៅស្រុកម៉ុកចូវ (Moc Chau) នៅរក្សាបានឈុតសម្តែងធ្វើនំយ៉ី (Day) របស់ជនជាតិម៉ុងខៀវ (Mong Xanh)។ ភ្ញៀវទេសចរនឹងអាចចូលរួមទស្សនាស្វែងយល់អំពីការរបៀបធ្វើនំ ពិសានំថ្មី ផ្អែមឈ្ងុយឆ្ងាញ់។ ជាងនេះទៅទៀត អ្នកទាំងអស់គ្នានឹងបានសម្រប់ខ្លួន ចូលសកម្មភាពវប្បធម៌ដ៏ពិសេសរបស់សហគមន៍ជនជាតិម៉ុងខៀវ (Mong Xanh) នៅតំបន់ “ដាឡាតតីបាក់ - Da Lat Tay Bắc”៕
ភ្ញៀវទេសចរសាកកម្លាំងដំបាយដំណើបធ្វើនំយ៉ី (Day) របស់ជនជាតិម៉ុងខៀវ (Mong Xanh) នៅស្រុកម៉ូកចូវ (Moc Chau)។
អត្ថបទនិងរូបថត៖ វៀតគឿង
ប្រែសម្រួល៖ រីកើង