ជាមួយនឹងក្តីសុប៉ិន្តប្រាថ្នាធ្វើម្ចាស់មហាសមុទ្រ ពីបូរាណកាលមក ប្រជាជនវៀតណាមបានច្នៃប្រឌិតរឿងព្រេងអំពីសត្វនាគដែលផ្សារភ្ជាប់នឹងស្ថាននាមជាច្រើននៅឈូងសមុទ្រខាងជើង។
ជាមួយនឹងក្តីសុប៉ិន្តប្រាថ្នាធ្វើម្ចាស់មហាសមុទ្រ ពីបូរាណកាលមក ប្រជាជនវៀតណាមបានច្នៃប្រឌិតរឿងព្រេងអំពីសត្វនាគដែលផ្សារភ្ជាប់នឹងស្ថាននាមជាច្រើននៅឈូងសមុទ្រខាងជើង។ ឧទាហរណ៍ ទីក្រុង ហាយផុង (Hai Phong) មានស្រុកកោះ បាចឡុងវី (Bach Long Vi) ដែលមានន័យថា "កន្ទុយ នាគស" ។ ខេត្ត ក្វាងនីញ (Quang Ninh) មានស្រុកកោះ វ៉ឹនដូន (Van Don) ផ្សារភ្ជាប់នឹងស្ថាននាមឈូងសមុទ្រ បាយទឺឡុង (Bai Tu Long) ដែលមានន័យថា "ហ្វូងកូននាគ" មានកំពង់ផែ កាយរ៉ុង (Cai Rong) មានន័យថា "មេនាគ" និងស្រុកកោះ កូតូ (Co To) មានវាលថ្ម ម៉ុងរ៉ុង (Mong Rong) ។ សព្វថ្ងៃនេះ ស្រុកកោះទាំងបីនេះគឺជាចំណុចភ្លឺក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រនៅភាគខាងជើង។
ភ្ញៀវទេសចរមកទស្សនាវាលថ្ម ម៉ុងរ៉ុង (Mong Rong) នៅលើកោះ កូតូ (Co To)។ រូបថត៖ កុងដាត /កាសែតរូបភាពវៀតណាម
កូតូ (Co To) មានឈ្មោះបុរាណ មាណបសឹន (Son) (នុយចាង ( Nui Chang)) កាលពីមុន ទីនេះជាចំណត់របស់នាវា និងអ្នកនេសាទតំបន់សមុទ្រឦសាន។ នៅឆ្នាំ១៨៣២ អភិបាល ហាយអាន (Hai An) គឺលោក ង្វៀនកុងទ្រឺ (Nguyen Cong Tru) បានស្នើឱ្យស្តេចបង្កើតភូមិ ឃុំ និងតែងតាំងអ្នកដែលគ្រប់គ្រង និងការពារប្រទេសជាតិពីទីសសមុទ្រ។ បន្ទាប់ពីឯករាជនៅភាគខាងជើង (ឆ្នាំ ១៩៥២) បក្ស និងរដ្ឋបានបង្កើតអង្គភាពរដ្ឋបាលថ្នាក់ស្រុកនៅលើកោះ កូតូ (Co To) ។
ស្ថិតនៅភាគឦសាននៃខេត្ត ក្វាងនីញ (Quang Ninh) ស្រុកកោះ កូតូ (Co To) មានផ្ទៃដីធម្មជាតិជាង ៤៧km2 ប្រជាជនប្រមាណ ៦៧០០ នាក់ រួមមានកោះធំនិងតូចជាង ៣០ ក្នុងចំណោមនោះមានកោះធំជាងគេទាំងបីគឺកោះកូតូ (Co To) ថាញឡឹន (Thanh Lan) និងកោះ ត្រឹន (Tran) (មានឈ្មោះផ្សេងទៀតគឺ ចាន (Chan) ឬ ចាងតី (Chang Tay)។ នៅខាងកើត កោះ កូតូ (Co To) មានព្រំប្រទល់ជាប់ដែនសមុទ្រអន្តរជាតិ ដែលមានប្រវែងជិត ២០០ គីឡូម៉ែត្រគិតពីលំហសមុទ្រកោះ ត្រឹន (Tran) ទៅដល់ស្រុកកោះ បាចឡុង ( Bach Long Vi)។ នេះជាកន្លែងដែលដើរតួនាទីសំខាន់ខ្លាំងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ការពារជាតិ សន្តិសុខ និងកិច្ចការបរទេស... នៅតំបន់សមុទ្រឦសាននៃមាតុភូមិយើង។កំពង់ផែនៅលើកោះ កូតូ (Co To)។ រូបថត៖ ទ្រឿងយ៉ាង
ព្រឹត្តិការណ៍ដាក់បញ្ចូលបណ្តាញអគ្គិសនីជាតិនៅលើកោះ កូតូ (Co To) ក្នុងឆ្នាំ ២០១៣ រួមជាមួយនឹងការវិនិយោគស្របគ្នាក្នុងការសាងសង់សំណង់ចរាចរណ៍ផ្លូវទឹកដែលបានកាត់បន្ថយចម្ងាយផ្លូវធ្វើដំណើរពីដីគោកទៅកាន់កោះនេះ។ ម៉្យាងវិញទៀត ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក រួមជាមួយនឹងបណ្តាញអគ្គិសនីជាតិ បានកម្លាយមជ្ឈមណ្ឌលសេវាកម្មភស្តុភាររបរនេសាទនៅ កូតូ (Co To) ឱ្យទៅជាផ្នែកមួយដ៏រឹងមាំ សម្រាប់ការជួយអ្នកនេសាទនៅស្រុកកោះ កូតូ (Co To) ឈានដល់លំហសមុទ្រក្នុងរយៈពេលច្រើនថ្ងៃ។
ពីកោះមួយដែលស្ថិតនៅឆ្ងាយពីដីគោក បច្ចុប្បន្ននេះ កោះ កូតូ (Co To) មានកប៉ាល់ល្បឿនលឿនជាង ៣០ គ្រឿង ដែលតភ្ជាប់នឹងកំពង់ផែ អោទៀន (Ao Tien) កាយរ៉ុង (Cai Rong) (វ៉ឹនដុន (Van Don)) តួនចូវ (Tuan Chau) (ហាឡុង (Ha Long)) វូឌូក (Vung Duc) ( កឹមផា (Cam Pha))។ នៅខែ កក្កដា ឆ្នាំ២០២៣ ជើងហោះហើរពាណិជ្ជកម្មដោយយន្តហោះចុះចតលើផ្ទៃសមុទ្រ តភ្ជាប់ពីតួនចូវ (Tuan Chau) (ហាឡុង (Ha Long) ទៅកោះកូតូ (Co To) ត្រូវបានដំណើរការជាផ្លូវការ ដើម្បីដឹកភ្ញៀវទេសចរជាមួយនឹងរយៈពេលហោះហើរតិចជាង ២០ នាទី ដែលបង្កើតលក្ខខណ្ឌសម្រាប់កោះកូតូ (Co To) ក្លាយជាផ្នែកមួយនៃ "តំបន់កម្លាំងចលករ” យោងតាមទិសដៅរៀបចំលំហអភិវឌ្ឍខេត្ត ក្វាងនីញ (Quang Ninh)។
កោះកូតូ (Co To) មានឆ្នេរដ៏ស្រស់ស្អាតជាច្រើនដូចជា ម៉ុងរ៉ុង (Mong Rong) ហុងវ៉ាន់ (Hong Van) វ៉ាន់ឆាយ (Van Chay) បាកវ៉ាន់ (Bac Van) ទីញអៀវ (Tinh Yeu) វ៉ោមស៊ី (Vom Si) វូងអ៊ុងវៀន (Vung Ong Tien) ... ស្ថិតពាសពេញទូទាំងកោះ។ ឆ្នេរខ្លះលាតសន្ធឹងប្រវែងមួយគីឡូម៉ែត្រជាមួយនឹងវាលខ្សាច់សស្គុស ឬមានឆ្នេរខ្លះទៀតស្ថិតនៅចន្លោះច្រាំងថ្ម ហ៊ុំព័ន្ធជុំវិញជួរដើមស្ងាវ។ មិនត្រឹមតែប៉ុណ្ណោះ តំបន់សមុទ្រ កូតូ (Co To) ក៏ត្រូវបានចាត់ទុកថាជាតំបន់ជីវចម្រុះឈានមុខគេរបស់វៀតណាម ជាមួយនឹងវត្តមាននៃប្រព័ន្ធអេកូឡូស៊ីគំរូជាច្រើនក្នុងតំបន់ត្រូពិច រួមទាំងប្រព័ន្ធអេកូឡូស៊ីផ្កាថ្មប្រមូលផ្តុំផងដែរ។ នេះក៏ជាតំបន់ដែលសម្បូរទៅដោយរចនាសម្ព័ន្ធគ្រឿងសមុទ្រដែលមានប្រភេទគ្រឿងសមុទ្រកម្រ និងមានតម្លៃខ្ពស់។ ប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យទេសចរណ៍ និងសេវាកម្មរបស់កោះ កូតូ (Co To) មានការអភិវឌ្ឍយ៉ាងខ្លាំង ហើយក្លាយជាវិស័យសេដ្ឋកិច្ចដ៏សំខាន់ ដែលស្មើនឹងជិត ៧០% នៃរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ស្រុកកោះ ដោយទទួលភ្ញៀវទេសចរណ៍ក្នុងស្រុក និងអន្តរជាតិជាង ៣០០.០០០ នាក់ក្នុងមួយឆ្នាំ។
ទិដ្ឋភាពរួមនៃកោះ បាចឡុងវី (Bach Long Vi) ពីខាងលើមានឋបនីយភណ្ឌចំណតនាវាចតជៀសព្យុះខាងជើង និងខាងត្បូង កំពុងកសាងជិតរួចរាល់ជាបន្ទាន់។ រូបថត៖ ហ័ងហា /កាសែតរូបភាពវៀតណាម
មានរឿងព្រេងក្នុងរាជកាលស្តេច ហ៊ុង (Hung) តំណាលថា សម័យបុរាណ សមុទ្រខាងកើតនៃជនជាតិ ឡាកវៀត (Lac Viet) សំបូរទៅដោយធនធានធម្មជាតិ ឈូងសមុទ្រជ្រៅ មានគុជខ្យង ខ្យងសមុទ្រ បង្គា និងត្រីជាច្រើន។ ឃើញដូច្នេះចោរសមុទ្រក៏ចង់មកទីនោះដើម្បីប្លនយក់។ ព្រះអាទីទេពបានឃើញកូនចៅ ឡាកវៀត (Lac Viet) លំបាកលំបិនណាស់ ក៏បានចាត់មេនាគ និងកូននាគចុះមកជួយសង្គ្រោះ។ ក្រោយពីកម្ចាត់ចោរសមុទ្រហើយ មេនាគបានឃើញថា តំបន់សមុទ្រខាងជើងស្អាតដូចសួនផ្កា ហើយសម្រេចចិត្តស្នាក់នៅ និងការពារប្រជាជនឡាកវៀត (Lac Viet)។ ដើម្បីចងចាំរឿងព្រេងនិទាននេះ ប្រជាជនបានដាក់ឈ្មោះកោះមួយនៅលំហសមុទ្រឈូងសមុទ្រតុងកឹងថា បាចឡុងវី (Bach Long Vi) មានន័យថា "កន្ទុយនាគស" ។
សព្វថ្ងៃនេះ បាចឡុងវី (Bach Long Vi) គឺជាស្រុកកោះមួយស្ថិតនៅឈូងសមុទ្រតុងកឹង ឆ្ងាយពីទីក្រុង ហាយផុង (Hai Phong) មានចម្ងាយប្រហែល ១១០ គីឡូម៉ែត្រ។ ថ្វីត្បិតតែតំបន់នេះមានទំហំតូច ២,៣៣ គីឡូម៉ែត្រការ៉េក៏ដោយ ប៉ុន្តែកោះ បាចឡុងវី (Bach Long Vi) មានទីតាំងជាយុទ្ធសាស្ត្រ និងសារៈសំខាន់ពិសេសសម្រាប់ការការពារជាតិ សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ។ តំបន់សមុទ្រ បាចឡុងវី (Bach Long Vi) ជាកន្លែងនេសាទធំមួយក្នុងចំណោមកន្លែងនេសាទធំៗចំនួន ៨ នៅឈូងសមុទ្រតុងកឹង ដែលមានផ្ទៃសមុទ្រ ១.៥០០ ម៉ាយការ៉េ ជម្រៅជាមធ្យមពី ៣៥ ទៅ ៥៥ ម៉ែត្រ (កន្លែងជ្រៅបំផុត ៦០ - ៧០ ម៉ែត្រ) បាតសមុទ្រសឹងតែរាបស្មើ ដូច្នេះវាមានភាពងាយស្រួលសម្រាប់ការអភិវឌ្ឍការនេសាទ និងនេសាទគ្រឿងសមុទ្រនៅសមុទ្រ។ ក្នុងតំបន់សមុទ្រ បាចឡុងវី (Bach Long Vi) មានគ្រឿងសមុទ្រចំនួន ៤០០ ប្រភេទ រួមទាំងគ្រឿងសមុទ្រជាច្រើនប្រភេទដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ដូចជា៖ ត្រីតុកកែ ត្រសក់សមុទ្រ សារ៉ាយទំពាំងបាយសមុទ្រ សារ៉ាយជាច្រើនប្រភេទ... ជាពិសេស កន្លែងនេះត្រូវបានគេចាត់ទុកថាជា "រដ្ឋធានី" នៃខ្យងសមុទ្រដែលមានតម្លៃអាហារូបត្ថម្ភ និងសេដ្ឋកិច្ចខ្ពស់។
ឋបនីយភណ្ឌចំណតនាវាខាងត្បូង (កន្លែងសំខាន់) នៃកោះ បាចឡុងវី (Bach Long Vi) ។ រូបថត៖ រូបថត៖ ហ័ងហា /កាសែតរូបភាពវៀតណាម
ជាកន្លែងនេសាទដ៏ធំមួយ ស្រុកកោះ បាចឡុងវី (Bach Long Vi) ត្រូវបានវិនិយោគ និងសាងសង់ឡើង ដើម្បីក្លាយជាមជ្ឈមណ្ឌលភស្តុភាសម្រាប់របរនេសទ និងជួយសង្គ្រោះនៅភាគខាងជើង។ ប្រព័ន្ធឋបនីយភណ្ឌចំណតនាវា និងកំពង់ផែនៅ បាចឡុងវី (Bach Long Vi) អាចចតទូកនិងនាវាជិត ២០០០ គ្រឿង ដើម្បីជ្រកពីព្យុះ ទិញលក់ និងលក់ដូរគ្រឿងសមុទ្រ ផ្គត់ផ្គង់ស្បឿងអាហារ ប្រេងសាំង និងទឹកសាប។ នេះគឺជាគោលដៅដែលធ្លាប់ស្គាល់សម្រាប់នាវានេសាទរាប់ពាន់រយមកពីទូទាំងប្រទេស។
បាចឡុងវី (Bach Long Vi) មានទេសភាពធម្មជាតិពិសេស។ ប្រព័ន្ធអេកូឡូស៊ីផ្កាថ្មដែលអភិវឌ្ឍខ្លាំងបំផុតនៅឈូងសមុទ្រតុងកឹង មានការគ្របដណ្តប់ដ៏អស្ចារ្យ កន្លែងខ្លះធ្លាប់គ្របដណ្តប់រហូតដល់ ៩០% ។ លើសពីនេះទៀត នៅលើកោះ និងតំបន់ឆ្នេរ ខ្សែក្រវាត់ពណ៌បៃតងនៃប្រព័ន្ធអេកូឡូស៊ីនៃកោះអណ្តែតទឹក ប្រព័ន្ធអេកូឡូស៊ីឆ្នេរ រួមជាមួយនឹងសំណង់ និងស្ថាបត្យកម្ម ដូចជា បង្គោលភ្លើងហ្វារ ស្ថាវាយោអគ្គិសនី ស្ថានីយ៍ឧតុនិយម កំពង់ផែ ឧទ្យានបៃតង តំបន់វារីវប្បកម្មខ្យងសមុទ្រ; ស្នាដៃវប្បធម៌៖ សារមន្ទីរ ស្តូបអនុស្សាវរីយ៍ វត្ត បាចឡុងវី (Bach Long Vi) ប្រាសាទសក្ការៈបូជាមេបញ្ជា ត្រឹនហ៊ឹងដាវ (Tran Hung Dao) ឡៅផឹត (Lau Phat) ... បង្កើតសក្តានុពលទេសចរណ៍ដ៏អស្ចារ្យ។
ស្ពានកឹមផា (Cam Pha) (ផ្លូវល្បឿនលឿន ហាយឡុង - វ៉ឹនដុន) (Ha Long - Van Don) តភ្ជាប់ទីក្រុង កឹមផា (Cam Pha) ជាមួយស្រុក វ៉ឹនដុន (Van Don)។ រូបថត៖ ទ្រឿងយ៉ាង
កាលពីមុន វឹនដុន (Van Don) ជាកំពង់ផែពាណិជ្ជកម្មដ៏ធំមួយ ដែលធ្លាប់ស្គាល់ជាចំណុចចាប់ផ្តើមនៃ "ផ្លូវសូត្រ" នៅផ្លូវសមុទ្រ និងជាកន្លែងលក់ដូរពាណិជ្ជកម្មជាមួយប្រទេសដូចជា ជប៉ុន ចិន ឥណ្ឌា ថៃ ឥណ្ឌូនេស៊ី... កំពង់ផែពាណិជ្ជកម្មបុរាណនេះបានរីកចម្រើនក្នុងរាជកាលទាំងបី លី ត្រឹន និងចុងរាជការឡេ (Ly - Tran – Hau Le) ហើយបន្ទាប់មកបានគេបំភ្លេចក្នុងរាជកាល ម៉ាក (Mac) ។ សព្វថ្ងៃនេះ ស្រុកកោះ វឹនដុន (Van Don) រួមមានកោះធំ និងតូចចំនួន ៦០០ ដែលភាគច្រើនស្ថិតនៅឈូងសមុទ្រ បាយទឹឡុង (Bai Tu Long) និងមួយផ្នែកនៅឈូងសមុទ្រ ហាឡុង (Ha Long) ដូច្នេះស្រុកនេះមានគុណសម្បត្តិជាច្រើនក្នុងចរាចរណ៍ផ្លូវសមុទ្រ ផ្លូវអាកាស និងផ្លូវគោក។ ជាពិសេស ស្រុកវឹនដុន (Van Don) គឺជាកន្លែងប្រសព្វនៃច្រករបៀងសេដ្ឋកិច្ច៖ ខ្សែក្រវាត់សេដ្ឋកិច្ចវៀតណាម - ចិន និងច្រករបៀងសេដ្ឋកិច្ច Nanning - សិង្ហបុរី តំបន់សេដ្ឋកិច្ចសំខាន់ភាគខាងជើង (ហាណូយ - ហាយផុង - ក្វាងនីញ) (Ha Noi - Hai Phong - Quang Ninh) ។ ទាំងនេះអាចនិយាយថា នេះជាគុណសម្បត្តិលេចធ្លោ និងប្លែកនៃស្រុកកោះនេះ។
វឹនដុន (Van Don) ក៏មានភាពប្រៀបក្នុងវិស័យវារីវប្បកម្ម។ តាមស្ថិតិ ផ្ទៃទឹកចិញ្ចឹមត្រីក្នុងស្រុកមាន ១.១៥៦ហិចតា ចិញ្ចឹមល្អិតមាន ៦.២៨៨ ហិកតា ។ ផ្អែកលើកត្តាមួយចំនួន ដូចជា ប្រភពទឹក ជម្រៅ ចរន្តទឹក ផ្លេនតុន... តំបន់វារីវប្បកម្មសមុទ្រក្នុងស្រុកត្រូវបានបែងចែកទៅជា ៧១ កន្លែង ក្នុងនោះមានមូលដ្ឋានវារីវប្បកម្មចំនួន ៦២ ដែលត្រូវបានផ្តល់លេខកូដសម្រាប់ស្វែងរកប្រភពដើម។
ស្រុកវឹនដុន (Van Don) មានឈូងសមុទ្រ បាយទឹឡុង (Bai Tu Long) ដែលមានទីតាំងនៅជាប់បេតិកភណ្ឌឈូងសមុទ្រ ហាឡុង (Ha Long) ។ នេះជាប្រជុំកោះចម្រុះ ៖ កោះថ្ម កោះដី និងមានប្រជាជនរស់នៅ ឆ្នេរខ្សាច់ពណ៌សដ៏វែងឆ្ងាយ មិនសូវមានខ្យល់និងរលកបោក ដែលបានហ៊ុំព័ន្ធដោយព្រៃធម្មជាតិ បាយទឹឡុង (Bai Tu Long) - "គុជឆៅ" នៃប្រព័ន្ធអេកូឡូស៊ីវៀតណាម។ ការដែលស្រុក វ៉ឹនដុន (Van Don) ដាក់ឱ្យដំណើរការជាផ្លូវការនូវកំពង់ផែលំដាប់ខ្ពស់ អោទៀន (Ao Tien) ដែលបានជួយឱ្យ "តំបន់នាគ" ផ្លាស់ប្តូរមុខមាត់ និងក្លាយជាតំបន់មួយដែលមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវអាកាស-ផ្លូវទឹក - ផ្លូវគោកដ៏ទំនើបបំផុតនៅក្នុងស្រុកកោះរបស់វៀតណាម ជាមួយនឹងអាកាសយានដ្ឋានទំនើប ផ្លូវល្បឿនលឿន និងកំពង់ផែចតនាវាដឹកភ្ញៀវទេសចរទំនើប បង្កើតភាពទាក់ទាញថ្មីសម្រាប់កំពង់ផែពាណិជ្ជកម្មចាស់ និងបង្កើតសន្ទុះសម្រាប់ការធ្វើអាជីវកម្មនៅឈូងសមុទ្រ បាយទឹឡុង (Bai Tu Long) ។
ការដែលមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអភិវឌ្ឍន៍រួមជាមួយនឹងទេសភាពនិងប្រព័ន្ធអេកូឡូស៊ីចម្រុះបានជួយ ស្រុកកោះ វ៉ឹនដុន (Van Don) ក្លាយជា "កូអរដោនេមាស" ដែលទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងបរទេស និងអ្នកវិនិយោគមកទស្សនាកំពុងកើនឡើង។
កំពង់ផែ កាយរ៉ុង (Cai Rong) នៅស្រុក វ៉ឹនដុន (Van Don) ជាកំពង់ផែមួយក្នុងចំណោមបណ្តាកំពង់ផែដឹកជញ្ជូនដ៏ធំបំផុតមួយ ក្នុងខេត្ត ក្វាងនីញ (Quang Ninh) នៅទីនេះ ជាកន្លែងរៀបចំជើងនាវាទេសចរណ៍ទៅទស្សនា កូតូ (Co To) ក្វានឡាន (Quan Lan) មីញចូវ (Minh Chau) កោះ ង៉ុកវ៉ឹង (Ngoc Vung) ... រូបថត ៖ ទ្រឿងយ៉ាង
អត្ថបទ៖ ថុងធៀន
រូបថត៖ ហ័ងហា, កុងដាត /កាសែតរូបភាពវៀតណាម ទ្រឿងយ៉ាង
បច្ចេកទេស និងក្រាហ្វិក៖ ត្រាងញុង